អ្នកមានជម្លោះដីធ្លីរាំរៃក្នុងខេត្តកោះកុងបន្ថយការទាមទារសំណងពីក្រុមហ៊ុនពីរ ដែលរំលោភយកដីធ្លីរបស់ពួកគេ ខណៈមន្រ្តីរដ្ឋាភិបាលសន្យាខិតខំដោះស្រាយបញ្ចប់ជម្លោះនោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវត្តសមគ្គីរង្សីនាថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៧នេះ តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង មានប្រសាសន៍ថា ពលរដ្ឋទាំង១៧៥គ្រួសារសម្រេចបន្ថយការទាមទារសំណងពីក្រុមហ៊ុន ដោយចុះ៥០០ដុល្លារ ដែលកាលពីមុនពលរដ្ឋទាមទារដី២ហិកតានិងលុយ៥០០០ដុល្លារ។
អ្នកស្រីបន្តថា ការសម្រេចបន្ថយការទាមទារសំណង់នេះដោយសារពលរដ្ឋចង់ឲ្យឆាប់ទទួលដំណោះស្រាយ ខណៈជម្លោះអូសបន្លាយយូរឆ្នាំ ហើយពួកគាត់កំពុងជួបបញ្ហាជីវភាពខ្លាំង។
អ្នកស្រីបន្ថែមថា៖ «ភាគីក្រុមហ៊ុនបានរំលោភយកដីធ្លីពួកយើងទាំងបំពានហើយ បែរជាឲ្យពួកយើងទៅបញ្ចុះថ្លៃជារឿយៗទៀត អញ្ចឹងជាចុងក្រោយពួកយើងសម្រេចទាមទារដី២ហិតា ហើយ ប្រាក់សំណង៤៥០០ដុល្លាសម្រាប់១គ្រួសារមិនអាចចុះទៀតបានទេ ព្រោះពួកយើងមានស្លាប់ មនុស្សដោយសារតែការតវ៉ាដីនេះ ហើយការអភិវឌ្ឍន៍ក្រោមរូបភាពបែបនេះធ្វើពលរដ្ឋយើងរង គ្រោះទឹកភ្នែក ហើយយើងធ្លាក់ខ្លួនក្រីក្រជាងនេះ អញ្ចឹងពួកយើងទាមទាររហូតបានដំណោះស្រាយ»។
អ្នកស្រីបានរៀបរាបពីទុក្ខលំបាកថា ការស្នាក់នៅភ្នំពេញដើម្បីតវ៉ានោះពួកគាត់ខ្វះខាត់ស្បៀង អាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ កូនៗកើតជំងឺផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះមានអ្នក ខ្លះជួបគ្រោះថ្នាក់ចរាចរណ៍ និងកូនអ្នកភូមិម្នាក់ត្រូវគេរំលោភហើយសំលាប់ កាលថ្ងៃទី៨ ខែកុម្ភៈ ដោយសារតែឪពុកម្តាយឡើងមកតវ៉ានៅភ្នំពេញហើយទុកកូនផ្ញើរជាមួយអ្នកភូមិមើលនៅស្រុក។
តំណាងពលរដ្ឋម្នាក់ទៀតអ្នកស្រី ណុំ វណ្ណារី ឲ្យដឹងថា បើបន្ថយការទារសំណងដូចនេះ ហើយនៅតែគ្មានដំណោះស្រាយទៀត ពួកគេនឹងនាំគ្នាហែរជាក្បួនទៅកិច្ចអន្តរគមន៍ពីលោក នាយករដ្ឋមន្រ្តីជួយដោះស្រាយ។
អ្នកស្រីបន្ថែមថា៖ «បើមិនមានភាពយុត្តិធម៌ទេពួកយើងនៅតែទាមទារបន្តទៅមុខទៀតទៅកន្លែងណា ត្រូវអាជ្ញាធរវាយដំយ៉ាងណាក៍ដោយពួកយើងមិនរួញរាទេនៅតែតវ៉ាទៅមុខទៀតធ្វើយ៉ាង ណាផ្ញើរនេះទៅរដ្ឋាភិបាល ពីព្រោះពួកយើងកំពុងតែបាត់បង់ដីស្រែដីចំការ បើបាត់ទាំងអស់ ហ្នឹងពួកយើងដូចបាត់បង់អាយុជីវិតអញ្ចឹង»។
អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី លោក ទេព ធន ប្រាប់វីអូឌីថា លោកបានទទួលយកសំណើររបស់ពលរដ្ឋដែលសុំបន្ថយការទាមទារសំណងនេះ ទៅពិភាក្សារជាមួយភាគីក្រុមហ៊ុន ប៉ុន្តែលោកថាទទួលបានលទ្ធផលយ៉ាងណានោះលោកមិនហ៊ានសន្យាទេ។
តែយ៉ាងណាលោកថា រដ្ឋាភិបាលនឹងព្យាយាមចរចារជាមួយភាគីក្រុមហ៊ុនដើម្បីដោះស្រាយ បញ្ចប់ជម្លោះនេះឲ្យបានឆាប់។
លោកបន្ថែមថា៖ «នេះជាសំណើរបស់ពួកគាត់ ហើយយើងបានទទួលយកសំណើរហ្នឹងបញ្ជូន ទៅឲ្យក្រុមហ៊ុនដើម្បីឲ្យគេឆ្លើយមកក្រុមការងារវិញ ដល់បានការឆ្លើយតបហើយ បានយើងឲ្យ ភាគីទាំងពីរហ្នឹងជួបគ្នា ប៉ុន្តែឥលូវហ្នឹងមិនទាន់បានជួបទេ បើមានការព្រមព្រៀងផ្លូវការហើយ ដោះស្រាយចប់»។
គួរបញ្ជាក់ថា ពលរដ្ឋខេត្តកោះកុងប្រមាណ១០០គ្រួសារនៅស្រុកស្រែអំបិល និងស្រុកបុទុមសារគរដែលមានជម្លោះដីធ្លីមួយក្រុមហ៊ុនកោះកុងស៊ូហ្គឺ និងក្រុមហ៊ុនកោះកុងភ្លែនថេសិនបាន ឡើងមកស្នាក់នៅវត្តសាមគ្គីរង្សីក្នុងរាជធានីភ្នំពេញជាង១ខែហើយ ដើម្បីតវ៉ារកដំណោះ ស្រាយជម្លោះដីធ្លី៕