សហគមន៍ដីធ្លីមកពីខេត្ត​កោះកុង​ត្រៀមដើរទៅផ្ទះនាយករដ្ឋមន្ត្រី​បើនៅ​មិនមានដំណោះស្រាយ​

ពល​រដ្ឋមាន​ជម្លោះ​ដី​ធ្លីជាង​១០​ឆ្នាំ​នៅ​កោះ​កុង

ប្រជាសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុង ហើយស្នាក់នៅវត្តសាមគ្គីរង្ស៊ី២ខែមកនេះ បានថ្លែងថា ពួកគាត់កំពុងរងទុក្ខលំបាកខ្វះខាតអាហារ ហើយថាបើនៅតែមិនមានដំណោះស្រាយទៀតនោះ ពួកគាត់នឹងធ្វើដំណើរទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្តាហ៍ក្រោយ។​

នៅក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកនេះ អ្នកស្រី ផាវ ញើង ពលរដ្ឋដែលមានជម្លោះដីធ្លីថ្លែងទាំងទឹកភ្នែកថា ពួកគាត់ជួបការលំបាកខ្លាំង ដោយសារក្រុមហ៊ុន យកដីពួកគាត់នៅស្រុកស្រែអំបិល ខេត្តកោះកុង ប្រមាណ​១០ឆ្នាំមកនេះ ធ្វើឲ្យពួកគាត់បាត់បង់មុខរបរ ចំណែកការស្វែងរកដំណោះស្រាយក៏នៅតែអូសបន្លាយមិនមានចម្លើយ។

អ្នកស្រីផាវ ញើង ក៏បានលើកឡើងថា ពួកគាត់ជួបការលំបាកខ្លាំង ខណៈអ្នកខ្លះខ្ចីលុយគេមកតវ៉ា ដើម្បីរកដំណោះស្រាយដីធ្លី ប៉ុន្តែអាជ្ញាធរបែរជាចោទពួកគាត់ថា ធ្វើសកម្មភាពដោយសារមានគណបក្សផ្សេងនៅពីក្រោយទៅវិញ។​

ក្រុមពលរដ្ឋអះអាងថា ពួកគេជិត២០០គ្រួសារនៅស្រុកស្រែអំបិលនិងស្រុកបុទមសាគរខេត្តកោះកុងបាន​បាត់ បង់​ដីទំ​​ហំ​៨៤​១​​ហិកតាតាំងពីឆ្នាំ២០០៦និងខ្លះ២០០៩ ដែលអ្នកតវ៉ាចោទថាដីទាំងនោះ​​ត្រូវ​​បា​​ន​ក្រុមហ៊ុ​​នចំនួន​​ពីរ​នៅខេ​ត្តនោះរំលោភយក គឺមានក្រុមហ៊ុនរបស់ លោក ហេង ហ៊ុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ