អ្នកស្រី អ៊ុងសាន ស៊ូជី ទទួល​រង្វាន់​កិត្តិយស​ថ្មី​នៅ​អង់គ្លេស ទោះបី​ប្រឈម​ការ​តវ៉ា​ក្ដី

អ្នក​ស្រី អ៊ុងសាន ស៊ូជី បាន​ទទួល​រង្វាន់​កិត្តិយស​ផ្នែក​សេរីភាព​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​នេះ ខណៈ​ដែល​បាតុករ​មួយ​ក្រុម​តូច បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មេដឹកនាំ​ភូមា​រូប​នេះ បាន​ទទួល​រង្វាន់​​នេះ​​នៅ​ឯសាលា​ក្រុង​ Guildhall បន្ទាប់​ពី​បាន​ជួប​ជាមួយ​ម្ចាស់​ក្សត្រីយ៍ អេលីហ្សាប៊ែត​ទី ២ និង​រាជ​ទាយាទ ព្រះ​អង្គ​ម្ចាស់ ឆាលស៍ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

រង្វាន់​នេះ បាន​បង្ហាញ​នូវ​ការ​ទទួល​ការ​តស៊ូ​ដោយ​អហិង្សា​របស់​អ្នកស្រី​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​លះបង់​របស់​អ្នកស្រី​ចំពោះ​ការ​បង្កើត​សង្គម​មួយ ដែល​មនុស្ស​អាច​រស់​នៅ​ក្នុង​សន្តិភាព សន្តិសុខ និង​សេរីភាព។

ជ័យលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ អ្នកស្រី ស៊ូជី កំពុង​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ុប ជាទី​ដែល​អ្នកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៊ែលហ្ស៊ិក អ៊ីតាលី និង​បុរី​វ៉ាទីកង់ រួច​ហើយ។

ខណៈ​ដែល​អ្នកស្រី ស៊ូជី ទទួល​រង្វាន់​នេះ ក្រុម​បាតុករ​ប្រហែល ៤០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​អគារ Guidlhall ដោយ​ស្រែក​ខ្លាំង​ថា “អ្នកស្រី ស៊ូជី ជា​មនុស្ស​កុហក ជន​ជាតិ​រ៉ូហ៊ីងយ៉ា​កំពុង​ស្លាប់”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ