អាជ្ញាធររារាំងក្រុមកម្មករមិនឲ្យដើរដោយថ្មើរជើងទៅក្រសួងរឿងវិវាទការងារ

អាជ្ញាធរខណ្ឌមានជ័យរារាំងក្រុមកម្មករមិនឲ្យធ្វើដំណើរដោយថ្មើរជើងទៅរកកិច្ចអន្តរាគមន៍ ពីក្រសួងការងារ ឲ្យជួយដោះស្រាយវិវាទការងាររបស់ពួកគេ ខណៈវិវាទនោះអូសបន្លាយជិត៥ខែគ្មានដំណោះស្រាយ។

កម្មករប្រមាណជិត១០០នាក់បម្រើការងារនៅរោងចក្រហ្វឺស ហ្គាវ័ន្ត នៅថ្ងៃនេះបាននាំគ្នាដើរដោយថ្មើរជើង ចេញពីរោងចក្រស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមតាមបណ្តោយផ្លូវជាតិលេខ២ឆ្ពោះទៅក្រសួងការងារដើម្បីឲ្យ ស្ថាប័ននេះដោះស្រាយករណីថៅកែអត់បើកប្រាក់ឈ្នួលជូនពួកគេ ប៉ុន្តែពេលធ្វើដំណើរប្រហែល៣គីឡូមក ដល់ត្រង់ចំណុចមុខសាលាសង្កាត់ចាក់អង្រែក្រោម អាជ្ញាធរបានរារាំងដោយថា ប៉ះពាល់សណ្តាប់ធ្នាប់​ ហើយ​ជួលរថយន្ត​ឲ្យកម្មករជិះវិញ។

កម្មករម្នាក់អ្នកស្រី សុខ វណ្ណា និយាយថា ក្រុមកម្មករសម្រេចនាំគ្នាដើរដោយថ្មើរជើងទៅក្រសួងការងារនេះ ដោយសារពួកគាត់រងចាំដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធយូរពេក និងម្យ៉ាងទៀតកម្មករគ្មានថវិកាសម្រាប់ ជួលរថយន្តដើម្បីធ្វើដំណើរទៅក្រសួងនោះទេ។

កម្មកររូបនេះបន្តថា ថៅកែរោងចក្រហ្វឺស ហ្គាវ័ន្ត មិនបានបើកប្រាក់ឈ្នួលឲ្យកម្មកររយៈពេលជិត៥ខែហើយ ដែល បណ្តាលក្រុមកម្មកររងទុក្ខលំបាកគ្មានលុយបង់ថ្លៃទឹកភ្លើង បន្ទប់ជួល ថ្ងៃកូនរៀន និងចាយវាយប្រចាំថ្ងៃ ផ្សេងៗទៀតជាដើម។

អ្នកស្រីបន្ថែមថា«ខ្ញុំសូមឲ្យលោកនាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមជួយរកដំណោះស្រាយជូន ពួកខ្ញុំ ជួយរកយុត្តិធម៌ឲ្យកម្មករនៅរោងចក្រ ហ្វឺស ហ្គាវ័ន្ត ដែលសុំបើកតែប្រាក់ឈ្នួលពីខែមករាដល់ខែ ឧសភានេះ»

ក្រោយតវ៉ាជាច្រើនម៉ោងនៅមុខក្រសួង មន្រ្តីបានហៅតំណាងរោងចក្រមកចរចារជាមួយតំណាង កម្មករ ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែកម្មករអះអាងថា ការចរចារនោះមិនទទួលបានលទ្ធផលអ្វីនោះទេ។ ក្រុមកម្មករអះអាងថា ពួកគេនឹងនាំគ្នាទៅរកកិច្ចអន្តរាគមន៍ពីស្ថានទូតកូរ៉េខាងត្បូងថែមទៀត។

មន្រ្តីរដ្ឋបាលរោងចក្រ ហ្វឺស ហ្គាវ័ន្ត ដែលប្រាប់ថាឈ្មោះ ឡាយ ប្រាប់វីអូឌីកាលខែមុខថា រោងចក្របានបើកប្រាក់​ឈ្នួលឲ្យកម្មករហើយ ប៉ុន្តែកម្មករទាំងនោះមិនព្រមទទួលយក និងបានធ្វើកូដកម្មបន្ត ហើយទាមទារប្រាក់ឈ្នួលពេញដែលក្រុមហ៊ុនមិនអាចផ្តល់ជូនបាន។

ប្រធានសហជីពស៊ីខាឌូប្រចាំរោងចក្រ ហ្វឺស​ ហ្គាវ័ន្ត លោក ឃឹម មករា មានប្រសាសន៍ថា ការលើកឡើងរបស់តំណាងរោងចក្រនោះ គឺជាសម្តីមិនទទួលខុសត្រូវ និងគេចវេសមិនចង់ទូរទាត់សំណងជូនកម្មករ។លោកថា កម្មករមិនបានធ្វើកូដកម្មនោះទេ អ្វីឈប់នោះគឺរងចាំការបើកប្រាក់ឈ្នួលពីថៅកែប៉ុណ្ណោះ។

លោកបន្ថែមថា«ខាងក្រុមហ៊ុនលើកឡើងថា ការកូដកម្មគឺមិនបានប្រាក់ឈ្នួលមិនបានប្រាក់ឈ្នួលទេ ប៉ុន្តែ កម្មករមិនមែនកូដកម្មទេ កម្មករនៅក្នុងរោងចក្ររង់ចាំបើកប្រាក់ឈ្នួល អញ្ចឹងប្រាក់ឈ្នួលខែ១២រហូតខែ៣អត់ ទាន់បើកទៀត អញ្ចឹងកម្មករធ្វើការរាល់ថ្ងៃនេះ គឺចង់បានប្រាក់ឈ្នួល ហើយនយោជកលើកឡើងថា ឲ្យប្រាក់ ឈ្នួលហើយមិនបើក នេះជាការភូតកុហក់របស់នយោជក ហើយមិនត្រឹមតែភូតកុហក់កម្មករទេ ភូតកុហក់ ទាំងអាជ្ញាធរ ទាំងក្រសួងការងារ និងតុលាការទៀត»

រោងចក្រ ហ្វឺស ហ្គាវ័ន្ត នៅខណ្ឌមានជ័យរាជធានីភ្នំពេញ និងរោងចក្រ ហ្គាវ័ន្តនៅក្រុងតាខ្មៅខេត្តកណ្តាល មានថៅកែជនជាតិកូរ៉េខាងត្បូងតែមួយឈ្មោះ លោក ស្រី ឆា ត្យុងហី ។ រោងចក្រទាំងពីរនេះ មានកម្មករ​ជាង ១០០០នាក់ កំពុងមានវិវាទការងារដូចគ្នារយៈពេលជាង ១ឆ្នាំហើយ ដោយអះអាងថា ថៅកែរោងចក្រនោះបើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់។

កម្មករអះអាងថា ថៅកែរោងចក្រទាំងពីរនេះ មិនត្រឹមតែបើកប្រាក់ឈ្នួលឲ្យកម្មករយឺតយ៉ាវប៉ុណ្ណោះទេ គឺមិន បានបង់ថ្លៃសេវាថែទាំសុខភាព បសស ថែមទៀត ខណៈក្រុមហ៊ុនបានកាត់លុយពីកម្មកររួចហើយ។

ការអូសបន្លាយវិវាទការងារនៅរោងចក្រទាំងពីរនេះដែរ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់បន្ទោសទៅមន្រ្តីក្រសួងការងារថា ដោះស្រាយយឺតយ៉ាវ ដោយបណ្តាលឲ្យកម្មករបម្រើការងារនៅទីនោះរងទុក្ខលំបាករហូតមកដល់សព្វថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ