អង្គការសហប្រជាជាតិអំពាវនាវឲ្យដោះលែងលោក កឹម សុខា

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ហៅការចាប់ខ្លួនលោក កឹម សុខា ថា ធ្វើឡើងដោយបំពានច្បាប់អន្ដរជាតិ និងទាមទារឲ្យដោះលែងអតីតប្រធានបក្សប្រឆាំងរូបនេះជាបន្ទាន់ ការអំពាវនាវនេះ គឺឆ្លើយតបនឹងបណ្ដឹងរបស់អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយ កាលពីចុងឆ្នាំមុន។

កាលពីខែធ្នូឆ្នាំ២០១៧ អង្គការសហព័ន្ធអន្ដរជាតិដើម្បសិទ្ធិមនុស្ស (International Federation for Human Rights) បានដាក់ពាក្យបណ្ដឹងទៅក្រុមការងារនៃអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន (UN Working Group on Arbitrary Detention) ដើម្បីសុំឲ្យពន្យល់ករណីអាជ្ញាធរកម្ពុជា ចាប់ខ្លួនលោក កឹម សុខា​ ទាំងកណ្ដាលយប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។

បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃនេះ អង្គការសហព័ន្ធអន្ដរជាតិដើម្បសិទ្ធិមនុស្ស អះអាងថា ខ្លួនទើបតែទទួលបានសំណៅចម្លងយោបល់ កាលពីថ្ងៃទី៧ឧសភាថ្មីៗនេះ បន្ទាប់ពីក្រុមការងារនៃអង្គការសហប្រជាជាតិ បានផ្ដល់យោបល់របស់ខ្លួនចំពោះបញ្ហានេះ ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៩ខែមេសាកន្លងទៅ។

បើតាមសេចក្ដីថ្លែងការណ៍របស់អង្គការសហព័ន្ធអន្ដរជាតិដើម្បសិទ្ធិមនុស្ស ស្ថាប័ននៃអង្គការសហប្រជាជាតិ ហៅការចាប់ខ្លួនលោក កឹម សុខា ថា ធ្វើឡើងដោយបំពានច្បាប់អន្ដរជាតិ និងមានហេតុផលនយោបាយ ដើម្បីបំបិទសំឡេងរិះគន់រដ្ឋាភិបាល នៅមុនការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខ។ ស្ថាប័ននៃអង្គការសហប្រជាជាតិមួយនេះ ក៏អំពាវនាវឲ្យដោះលែង លោក កឹម សុខា​ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌអ្វីទាំងអស់ ព្រមទាំងស្នើរដ្ឋាភិបាលសងជម្ងឺចិត្ត និងសំណងផ្សេងៗ កើតចេញពីចាប់ឃុំខ្លួនទាំងបំពានច្បាប់នេះ។ ​

អង្គការធ្វើការលើសិទ្ធិមនុស្សមួយនេះបន្ដទៀតថា ខ្លួនក៏បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលកម្ពុជាផងដែរ កាលពីខែមករា ប៉ុន្ដែ ពុំទាន់ទទួលបានការឆ្លើយតបបែបណានោះទេ។

VOD បានទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក គឹម សន្ដិភាព ដើម្បីសុំការឆ្លើយតប ប៉ុន្ដែ លោកថា​ កំពុងជាប់ប្រជុំ។

ប៉ុន្ដែ ក្នុងពិធីមួយនៅថ្ងៃនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសថា លោកមិនអត់ឱនលោក កឹម សុខា នោះទេ ដោយចោទប្រកាន់ថា លោក កឹម សុខា ធ្លាប់បានដឹកនាំបាតុកម្មផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ ការប្រកាសបែបនេះ គឺធ្វើឡើង បន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្រេចបន្ដឃុំខ្លួនលោក កឹម សុខា ចំនួន៦ខែទៀត ដោយលើកហេតុផលថា ដើម្បី​បង្ក្រាប​បទ​​ល្មើសកុំឲ្យកើតឡើងជាថ្មី និងរក្សាជនត្រូវចោទ ទុកជូនតុលាការ។

លោកថា៖ «មេបក្សប្រឆាំង បានចូលមកតាមរោងចក្រនៅខេត្តស្វាយរៀង ដើម្បីរុញឲ្យកម្មករកម្មការនី ឲ្យទៅចូលរួមផ្តួ​លរំលំរដ្ឋា​ភិបា​ល។ អញ្ចឹង ការជាប់គុករបស់អ្នកឯង [លោក កឹម សុខា] គឺជារឿងត្រឹមត្រូវណាស់ មិនអាចលើកលែងឲ្យអ្នកឯងបានទេ នេះ ជាផែ​នការ​​ផ្តួ​លរំលំ​ ដែ​លបក្សអ្នក​ឯងងាប់ មិនបានចូលរួមបោះឆ្នោត គឺឯងក្លាយជាខ្មោចរួចទៅហើយ»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ដំណោះស្រាយតែមួយគត់ ដែលឈានដល់ការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពនោះ គឺកើតចេញពីការចរចា រវាងគណបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំង។ លោកថា បើគ្មានដំណោះស្រាយនយោបាយទេ កម្ពុជានឹងប្រឈមបញ្ហាជាច្រើន ដូចជា ការរិះគន់បញ្ហារំលោភសិទ្ធិមនុស្ស លទ្ធផលនៃការបោះឆ្នោត​ និងទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅលើពិភពលោក។

លោកថា៖ «ច្រកចេញដែលខ្ញុំមើលឃើញគឺមានតែមួយទេ គឺការចរចាផ្នែកនយោបាយ រវាងអ្នកនយោបាយហ្នឹង ដែលវាជាច្រកល្អបំផុត ពីព្រោះបញ្ហាកន្លងមក វាតែងតែមានបញ្ហាចម្រូងចម្រាស់ជាច្រើន រហូតទៅដល់មានសហគមន៍អន្ដរជាតិ គេចេញក្ដីព្រួយបារម្ភ ចេញជាអនុសាសន៍ផ្សេងៗ ដើម្បីសម្រាប់ដោះស្រាយស្ថានការណ៍នៅក្នុងស្រុកខ្មែរយើង»។​

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំមុន និងបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោម​ការ​ចោទប្រកាន់​ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីប ដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ហើយគិតមកទល់ពេលនេះ មានរយៈពេលជាង៨ខែហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ