លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឲ្យក្រសួងមុខងារសាធារណៈបញ្ចូលគ្រូពេទ្យឯកទេសទាំងអស់ចូលក្នុងក្របខ័ណ្ឌរដ្ឋ ដោយលោកថាកម្ពុជាត្រូវការចាំបាច់គ្រូពេទ្យឯកទេស។
ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល លោក ហ៊ុន សែន បានលើកឡើងថាក្រសួងមុខងារសាធារណៈត្រូវបញ្ចូលគ្រូពេទ្យឯកទេសទៅក្នុងក្របខ័ណ្ឌរដ្ឋ ដោយសារកម្ពុជាត្រូវការធនធានមនុស្សបែបនេះនិងដើម្បីកាត់បន្ថយប្រជាពលរដ្ឋចេញទៅព្យាបាលនៅក្រៅប្រទេស។
លោក ហ៊ុន សែន បញ្ជាក់ថា៖ “តែឥឡូវយើងប្រកាសទទួលយកគ្រូពេទ្យឯកទេសទាំងអស់”។ លោកបន្តថាលោកធ្លាប់បានចុះហត្ថលេខាឲ្យគ្រូពេទ្យឯកទេសមួយចំនួនចូលជាក្របខ័ណ្ឌរដ្ឋតែលោកថានៅមានគ្រូពេទ្យឯកទេសមួយចំនួនទៀត មិនទាន់បានចូលជាក្របខ័ណ្ឌរដ្ឋ។ លោកបញ្ជាឲ្យក្រសួងមុខងារសាធារណៈបញ្ចូលពួកគេចូលក្របខ័ណ្ឌឲ្យបានឆាប់។
លោក ហ៊ុន សែន ក៏បានស្នើឲ្យពិចារណាកុំឲ្យគ្រូពេទ្យឯកទេសឆាប់ចូលនិវត្តន៍ពេក ដើម្បីឲ្យពួកគេអាចធ្វើការបានយូរ។ លោកក៏បានស្នើឲ្យពិចារណាតែងតាំងគ្រូពេទ្យឯកទេសដែលចូលនិវត្តន៍ហើយ មានមុខងារក្នុងក្របខ័ណ្ឌនយោបាយហើយបម្រើការនៅមន្ទីរពេទ្យណាមួយ៕