ក្រុម​អាជីវករ​នៅ​ក្រុង​សៀមរាប​បិទ​ផ្លូវ​តវ៉ា​ទាមទារដំណោះ​ស្រាយ​តូប​លក់​ដូរ

រូបភាព៖ បណ្ដាញសង្គម

ក្រុមអាជីវករជាច្រើននាក់នៅផ្សារដើមក្រឡាញ់ ខេត្ដសៀមរាប នៅព្រឹកថ្ងៃព្រហស្បត្ដិ៍នេះ បានតវ៉ាបិទផ្លូវ​ទាមទារឲ្យ​អាជ្ញាធរ ជួយដោះស្រាយតូបលក់ដូររបស់ពួកគាត់​នៅកន្លែងដើមវិញ ខណៈដែលប្រធានផ្សារនេះ តម្រូវឲ្យពួកគាត់ជាអាជីវករចាស់លក់ដូរនៅ​ជាន់ទី២។

អាជីវករ​លោក ឡា ចំរើន ឲ្យដឹងថា ពួក​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ដូរ​នៅ​ត្រង់​ទីតាំង​ដើម​នោះ​ឡើយ បន្ទាប់​ផ្សារ​ក្រឡាញ់​នេះ​ត្រូវ​បាន​សាង​សង់​ឡើយ​វិញ ក្រោយ​ពី​ត្រូវ​ភ្លើង​ឆេះ​អស់​កាល​ពី​ ៥​ឆ្នាំ​មុន។

លោកបានបន្ដថា នៅពេលបច្ចុប្បន្ន ពួកគាត់បានជួលកន្លែងលក់ដូរនៅលើ​ចឹញ្ចើមផ្លូវមុខផ្ទះ​ពល​រដ្ឋ​ដទៃ ដែលលោកថា ធ្វើឲ្យ​ប៉ះពាល់សណ្ដាប់ធ្នាប់សារណៈ ព្រមទាំងលក់ដូរមិនបានទៀតទាត់ផងដែរ។

អាជីវករលក់​មួយ​រូបទៀត អ្នកស្រី ធាង សុខឿន​ ឲ្យដឹងថា អ្នកស្រីបានទិញតូបលក់ដូរនៅជាន់ផ្ទាល់ដី នៃផ្សារដើមក្រឡាញ់នេះ ជាង២០ឆ្នាំមកហើយ ប៉ុន្ដែ ត្រូវបានអ្នកគ្រប់គ្រងផ្សារតម្រូវឲ្យទៅលក់ដូរនៅជាន់លើវិញ ដែលអ្នកស្រីថា ការលក់បរបររបស់គាត់ពិបាកឡើងចុះ ខណៈដែលរូបគាត់មានវ័យចំណាស់។

អ្នកស្រីបន្ដទៀត ពួកគាត់សុំអន្ដរាគមន៍លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យជួយដោះស្រាយ ឲ្យពួកគាត់បានលក់ដូរនៅកន្លែងដើមវិញ ខណៈដែលពួកគេបានស្នើសុំអាជ្ញាធរខេត្ដជាច្រើនលើកមកហើយ ប៉ុន្ដែ គ្មានប្រសិទ្ធិ។​

ករណីនេះ VOD មិនទាន់អាចទាក់ទងអ្នកគ្រប់គ្រងផ្សារដើមក្រ​ឡាញ់ លោក សុខ តុញ បាន​នៅឡើយទេ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។

ផ្សារ​ដើមក្រឡាញ់ ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​សាង​សង់​ឡើង​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ផ្សារ​នេះត្រូវ​ភ្លើង​ឆេះ​អស់​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ