មន្ត្រីនគរបាលរាជធានីភ្នំពេញ អះអាងថាសមត្ថកិច្ចនឹងបន្តស៊ើបអង្កេតបន្ថែមទៀត ទៅលើករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅក្រោយការបាញ់ប្រហារនោះ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតនៅស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យនេះ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ថា ជនសង្ស័យឈ្មោះ ជួប សម្លាប់ ពិតជាឃាតកពិតប្រាកដ ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងម៉ាតស្ថិតក្នុងការ៉ាស់សាំងកាល់តិច នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃអាទិត្យនេះ។
លោក ជួន សុវណ្ណ បានថ្លែងថា៖ «បន្ទាប់ពីការត្រួតពិនិត្យ និងការធ្វើកោសល្យវិច្ច័យយ៉ាងល្អិតល្អន់នៅកន្លែងកើតហេតុនិងវត្ថុតាងដែលយើងរឹបអូសបានពីជនល្មើស គឺបញ្ជាក់យ៉ាងច្បាស់ថា ជនសង្ស័យនេះ គឺជាឃាតករយ៉ាងពិតប្រាកដ ដែលបានធ្វើការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី»។
ទោះជាយ៉ាងណា លោក ជួន សុវណ្ណ មិនបានប្រាប់ពីមូលហេតុដែលខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើលោក កែម ឡី នោះឡើយ ដោយលោក សុវណ្ណ បញ្ជាក់ថា សមត្ថកិច្ចជំនាញរបស់លោក ពុំអាចបកស្រាយលម្អិតអំពីព័ត៌មាន និងចម្លើយសារភាពរបស់ខ្មាន់កាំភ្លើងនោះឡើយ ដោយសារវាជាពន្លឺសម្រាប់ការស្រាវជ្រាវបន្តរបស់សមត្ថកិច្ច។
លោក ជួន សុវណ្ណ ថ្លែងបន្តថា៖ «យើងនឹងបន្តការស្រាវជ្រាវបន្តទៅទៀត ដើម្បីស្វែងរកអ្នកនៅពីក្រោយឃាតកម្មនេះ ឬអ្នករួមគំនិត ឬបក្ខពួកដែលចូលរួមនៅក្នុងការប្រព្រឹត្តអំពើមនុស្សឃាតនេះ»។
លោក ជួន សុវណ្ណ បានបញ្ជាក់ថា លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យ បានរងការបាញ់ប្រហារចំនួន ២គ្រាប់ ពីខ្មាន់កាំភ្លើង ដែលសមត្ថកិច្ចប្រាប់ថា មានឈ្មោះ ជួប សម្លាប់។
ទោះជាយ៉ាងណា លោក សុវណ្ណ ពុំទាន់ជឿជាក់ទៅលើឈ្មោះរបស់ខ្មាន់កាំភ្លើងនោះឡើយទេ ដោយលោកបញ្ជាក់ថា ឈ្មោះនោះបានក្លាយជាកម្មវត្ថុនៃការស្រាវជ្រាវបន្តទៀតរបស់សមត្ថកិច្ច។
លោក កែម ឡី ដែលត្រូវបានគេស្គាល់ថា ជាអ្នកវិភាគឯករាជ្យអំពីបញ្ហាសង្គម និងនយោបាយប្រទេសកម្ពុជានោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅម៉ោងប្រហែល ៩ព្រឹក នៅក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច ម្ដុំស្តុបបូកគោក៕