លោកនាយកមន្រ្តី ហ៊ុន សែន អះអាងថា ចិនគ្រោងផ្តល់ជំនួយឥតសំណងប្រមាណ ១៨០០លានយន់ ឬស្មើនឹងប្រមាណ ២៧៦លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍តូច-ធំនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានឲ្យដឹងពីការផ្ដល់ជំនួយរបស់ចិនបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ ខណៈដែលនាយករដ្ឋមន្ត្រី លោក លី ខឹជាំង កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បន្ទាប់ពីលោកចូលរួមក្នុងវេទិកាថ្នាក់តំបន់ «មេគង្គ-ឡានឆាង» កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងជំនួបទ្វេភាគីជាមួយលោក លី ខឹជាំង នៅថ្ងៃនេះ លោក ហ៊ុន សែន បានរៀបរាប់បន្ថែមថា ចិនបានត្រៀមកញ្ចប់ថវិកាជាមួយឥតសំណងប្រហែល ១៨៤លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូច និងថវិកាប្រហែល ៩២លានដុល្លារទៀត សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ក្នុងនោះមានគម្រោងកសាងផ្លូវល្បឿនលឿនជាដើម។
លោកនាយកមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីដើមឆ្នាំមុនថា ចិនបានផ្តល់ជំនួយ និងកម្ចីមកដល់កម្ពុជាមានទឹកជាប្រាក់ប្រមាណ ៤ ២០០ដុល្លារហើយ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧៕