ហេតុអ្វីបក្សកាន់អំណាច៦ទសវត្សរ៍នៅម៉ាឡេស៊ី​ចាញ់ឆ្នោតមិនមានសង្គ្រាម?​

រូបភាព៖ វេបសាយបរទេស

ប្រជាជនម៉ាឡេស៊ីបានប្រើប្រាស់ចុងប៊ិចផ្ទេរអំណាចគ្រប់គ្រងជាប្រវត្តិសាស្ត្រនៅថ្ងៃទី៩ខែឧសភា ដោយពួកគេប្រគល់អំណាចដឹកនាំប្រទេសទៅឲ្យគណបក្សថ្មីផ្សេងទៀត​ឈ្មោះ  Pakatan Harapan បន្ទាប់ពីអំណាចស្ថិតនៅក្នុងដៃរបស់គណបក្ស Barisan Nasional  អស់រយៈពេល៦១ឆ្នាំ។​

ការដូរទំព័រប្រវត្តិសាស្ត្រតាមរយៈចុងប៊ិចនេះ បានធ្វើឲ្យមានការចោទជាសំនួរមួយចំនួនឡើង ជុំវិញការផ្ទេរអំណាចថា ហេតុអ្វីបានជាមិនមានសង្គ្រាម?​

បុគ្គលអ្នកនយោបាយ

គណបក្សនយោបាយនៅម៉ាឡេស៊ីមានច្រើន ប៉ុន្តែពេលនេះ យើងពិនិត្យតែលើអ្នកនយោបាយនៅក្រុមបក្សកាន់អំណាច និងគណបក្សប្រឆាំង។​ សារ និងសកម្មភាពនយោបាយរបស់គណបក្សទាំងពីរគឺបង្ហាញតែសមត្ថភាពរៀងខ្លួនក្នុងការដោះស្រាយបញ្ហាជាតិ​ដែលកំពុងតែប្រឈម មិនមានសារណា ដែលបញ្ជាក់ពីការព្យាបាទប្រមាថ ឬ គំរាមកំហែងគ្នាទេ។

ការមិនប្រមាថគ្នាអាចធ្វើឲ្យពួកគេមានអារម្មណ៍ថា ពួកគេនៅតែជាជាតិសាសន៍តែមួយ ធ្វើនយោបាយដើម្បីឲ្យប្រទេសរីកចម្រើនរួមគ្នា មិនមានអ្នកស្នេហាជាតិផ្តាច់មុខឬ អ្នកនយោបាយក្បត់ជាតិនោះទេ។​

បើទោះបីជារដ្ឋាភិបាលបច្ចុប្បន្ន​រងការចោទថា ស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនក៏ដោយ ក៏មិនមានសារនយោបាយរបស់បក្សប្រឆាំងចោទថា ជាអាយ៉ងឬ ជារដ្ឋាភិបាលបម្រើចិនដែរ។ ​

ចំណុចមួយទៀតបក្សកាន់អំណាចរងការចោទថា ប្រើច្បាប់ទប់ទល់សំឡេងប្រឆាំង ប៉ុន្តែមិនបានធ្វើឲ្យក្រុមប្រឆាំងឈឺចាប់ធ្ងន់ធ្ងរនោះទេគឺការបង្កើត និងធ្វើសកម្មភាពរបស់ក្រុមប្រឆាំងនៅតែមានភាពស្មើមុខស្មើមាត់ជាមួយបក្សកាន់អំណាច។​

ការមិនមានស្នាមឈឺចាប់ខ្លាំងក្លា ធ្វើឲ្យបក្សប្រឆាំងដែលឈ្នះឆ្នោតភ្លាមគឺលោកមហាធា មហាមេដប្រកាសថា លោកគ្មានបំណងសងសឹកអ្វីទេ គឺមានតែការពង្រឹងច្បាប់និងអភិវឌ្ឍន៍ប្រទេស។​ ចំណុចនេះធ្វើឲ្យអ្នកមានអំណាចក្នុងរដ្ឋាភិបាលមិនភ័យខ្លាច។​

ប្រភពអំណាច

បើនិយាយពីប្រភពអំណាចវិញ ទោះគណបក្ស Barisan Nasional  កាន់អំណាច៦១ឆ្នាំមែន ប៉ុន្តែអំណាច ជាប្រព័ន្ធមិនមែននៅតែលើបុគ្គលម្នាក់នោះទេ។ ក្នុងរយៈពេល​៦១ឆ្នាំគណបក្សនេះ បានដូរនាយករដ្ឋមន្ត្រី៦រូបរួចមកហើយ។​

ចឹងបានន័យថា អំណាចមិនមែននៅតែលើបុគ្គលតែម្នាក់ឬ គណបក្សតែមួយដែរគឺអំណាចបែងចែកទៅតាមស្ថាប័នរដ្ឋ និងបុគ្គលផ្សេងៗទៀត សូម្បីតែលោក មហាធា មហាមេដ ក៏ជាអតីតនាយករដ្ឋមន្ត្រីស្ថិតនៅក្នុងបក្សកាន់អំណាចនេះ។​

កម្លាំងប្រដាប់អាវុធ

អំណាចកម្លាំងប្រដាប់អាវុធគឺនៅឈរអព្យាក្រឹត្យ មិនស្ថិតនៅក្រោមក្រុមប្រឆាំងឬ បក្សកាន់អំណាចទេ។ ពេលឃោសនា និងប្រកាសលទ្ធផលឆ្នោតគ្មានការចល័តកងទ័ពចូលទីក្រុងទេ។​

មុនបោះឆ្នោត១សប្តាហ៍ មេកម្លាំងនគរបាល និងមេកងកម្លាំងយោធា បានប្រកាសឲ្យមន្ត្រីក្រោមបង្គាប់បោះឆ្នោតដោយសេរី គ្មានការបង្ខិតបង្ខំឲ្យគាំទ្របក្សណាមួយទេ។​ កម្លាំងយោធាមានជាង១០ម៉ឺននាក់ ចំណែកកម្លាំងនគរបាលមានជាង១៥ម៉ឺននាក់។

ផលប្រយោជន៍ជាតិ

ជំហរប្រកួតប្រជែងរបស់អ្នកនយោបាយដើម្បីប្រយោជន៍ជាតិ មិនមែនក្រុមឬបក្ខពួកនោះទេ។​ ពេលនេះយើងពិនិត្យលើបុគ្គលនយោបាយបីរូប។​

លោក​ Anwar Ibrahim ធ្លាប់ប្រឆាំងលោក Mahathir Mohamad ប៉ុន្តែដើម្បីផ្លាស់ប្តូររដ្ឋាភិបាលបាន​លោក ប្រកាសឲ្យអ្នកគាំទ្រលោកបោះឆ្នោតឲ្យលោក​ Mahathir។​

លោក​ Najib Razak ជាអ្នកប្រកួតប្រជែងថ្លៃថ្នូរនិងក្លាហានគឺក្រោយលទ្ធផលថា លោកចាញ់លោកប្រកាសទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួន។​

លោក Mahathir Mohamad ហក់ចូលនយោបាយវិញក្រោយពេលចូលនិវត្តរ៍១៥ឆ្នាំនេះ មិនមែនស្រេកឃ្លានអំណាចទេគឺដោយសារឃើញរដ្ឋាភិបាលបច្ចុប្បន្នមានកំហុសច្រើន ហើយលោក នឹងប្រគល់តំណែងនាយករដ្ឋទៅឲ្យលោក​ Anwar Ibrahim។​

គុណសម្បត្តិទាំងនេះ អាចជាចំណុចដែលធ្វើឲ្យការផ្ទេរអំណាចតាមចុងប៊ិចនៅម៉ាឡេស៊ីគ្មានការភ័យខ្លាចពីសង្គ្រាមកើតឡើង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ