វិភាគ៖ តើមានកត្តាអ្វីខ្លះជំរុញឲ្យលទ្ធផលបោះឆ្នោតខាងមុខគ្មានជម្លោះនយោបាយ?

ចាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១មក អ្នកនយោបាយបានប្រកាសឈប់បង្កសង្គ្រាមបង្ហូរឈាមខ្មែរគ្នាឯងដើម្បីដណ្តើមអំណាច។

ពួកគេបានឯកភាពថា ការឡើងទៅកាន់អំណាចត្រូវធ្វើឡើងតាមបែបប្រជាធិបតេយ្យ ពោលគឺតាមរយៈរៀបចំឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ប៉ុន្តែជាង២០ឆ្នាំមកនេះ ថ្វីត្បិតតែកម្ពុជាបានរៀបចំការបោះឆ្នោតតាមអណត្តិនីមួយៗដូចមានចែងនៅក្នុងច្បាប់ ក៏ដោយ ប៉ុន្តែក្រោយបោះឆ្នោតជាតិម្តងៗ ជម្លោះនយោបាយតែងតែកើតឡើងជាហូរហែ។

ជាពិសេសក្រោយបោះឆ្នោតជាតិឆ្នាំ២០១៣ ជម្លោះនយោបាយបានអូសបន្លាយជិត១ឆ្នាំ ដោយសារតែគណបក្សសង្គ្រោះជាតិធ្វើពហិកាមិនព្រមចូលប្រជុំសភា ប្រឆាំងលទ្ធផលបោះឆ្នោត ដោយចោទថា គ.ជ.ប ជាអាជ្ញាកណ្តាលនោះ មិនឯករាជ្យ ជួយជ្រំជ្រែងឲ្យគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត បានឡើងកាន់អំណាចបន្តទៀតនៅអាណត្តិទី៥នេះ។

ប៉ុន្តែក្រោមកិច្ចព្រមព្រៀងមួយកាលពីថ្ងៃទី២២កក្កដាឆ្នាំ២០១៤ គណបក្សកាន់អំណាចព្រមរំលាយក្បាលម៉ាស៊ីន គ.ជ.ប ចាស់ចោល បង្កើត គ.ជ.ប ថ្មី និងបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោតមួយចំនួនទៀត រហូតព្រមឲ្យធ្វើបញ្ជីបោះឆ្នោតថ្មី សម្រាប់ធានាដល់ភាពត្រឹមត្រូវនៃដំណើរការរៀបចំការបោះឆ្នោតនាថ្ងៃខាងមុខ។

តើមានកត្តាអ្វីខ្លះជំរុញឲ្យលទ្ធផលបោះឆ្នោតខាងមុខគ្មានជម្លោះនយោបាយ?

មន្ត្រីឃ្លាំមើលការបោះឆ្នោតនិងអ្នកវិភាគនយោបាយលើកឡើងប្រហាក់ប្រហែលគ្នាថាកត្តាពីរដែលសំខាន់ជាងគេជំរុញឲ្យលទ្ធផលបោះឆ្នោតនាពេលខាងមុខត្រឹមត្រូវ យុត្តិធម៌ គ្មានជម្លោះនយោបាយ នោះគឺពង្រឹងអំណាចឯករាជ្យពិតប្រាកដរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងឆន្ទៈនយោបាយ។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថាថ្វីត្បិតតែពេលនេះ អ្នកនយោបាយបានព្រមព្រៀងរំលាយក្បាលម៉ាស៊ីន គ.ជ.ប ចាស់ចោលក៏ដោយ ប៉ុន្តែលោកថាអំណាច គ.ជ.ប ថ្មីនៅកម្ពុជា នៅមានកម្រិត បើប្រៀបធៀមទៅនឹងប្រទេសមួយចំនួនលើពិភពលោកដែលគេរៀបចំកិច្ចការបោះឆ្នោតនេះបានជោគជ័យ ហើយគ្មានជម្លោះនយោបាយ ក្រោយប្រកាសលទ្ធផលនៃការបោះឆ្នោត។

លោកថា៖ «នៅប្រទេសហ្វីលីពីនគេឲ្យអំណាចទៅលើ គ.ជ.ប គេនឹងគ្រប់គ្រងទៅលើប៉ូលីសទាហាន អញ្ចឹងគេចាត់ចែងការបោះឆ្នោតអំឡុងពេលបោះឆ្នោតហ្នឹង គ.ជ.ប គេ គេមានសិទ្ធិបញ្ជាប៉ូលីស ទាហាន ឲ្យចូលទៅក្នុងជំរុំ។ មិនអាចេញមកគាំទ្រគណបក្សនេះ គណបក្សនោះ មកធ្វើប្រតិបត្តិការដើម្បីបង្ក្រាបប្រជាពលរដ្ឋបញ្ចេញមតិអីអំឡុងពេលបោះឆ្នោតនិងក្រោយបោះឆ្នោតបានទេ។ នៅហ្វីលីពីន គ.ជ.ប គេ គេឲ្យអំណាចគ្របដណ្តប់ទៅលើកងកម្លាំងប្រដាប់អាវុធ ព្រោះដើម្បីធានាស្ថេរភាពអំឡុងពេលបោះឆ្នោតនិងក្រោយបោះឆ្នោត ធានាដល់ការផ្ទេរអំណាចពីបេក្ខជនប្រធានាធិបតី ពីគណបក្សមួយទៅគណបក្សមួយទៀត ឲ្យមានលក្ខណៈរលូនគ្មានការបំភិតបំភ័យ។ ប៉ុន្តែ គ.ជ.ប យើងគ្មានអំណាចហ្នឹងពេញលេញទេក្នុងការងារទាក់ទិននឹងបញ្ហាសន្តិសុខនេះ គ្របដណ្តប់ទៅលើកងកម្លាំងប្រដាប់អាវុធនេះ»។

បើតាមលោក គល់ បញ្ញា ប្រទេសខ្លះគេបានផ្តល់អំណាចទៅ គ.ជ.ប ដោះស្រាយវិវាទទាំងផ្នែករដ្ឋបាលទាំងផ្នែកព្រហ្មទណ្ឌអំឡុងពេលបោះឆ្នោត។

លោក គល់ បញ្ញា លើកឡើងទៀតថា ដើម្បីឲ្យការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លោកថា គ.ជ.ប ត្រូវធ្វើយ៉ាងណាឲ្យដំណើការបោះឆ្នោតនេះមានភាពរលូនអាចទទួលយកបានពីគ្រប់និន្នាការនយោបាយចាប់តាំងពីកាចុះឈ្មោះបោះឆ្នោតរហូតដល់ថ្ងៃប្រកាសលទ្ធផល។

ពោលគឺបញ្ជីបោះឆ្នោត ត្រូវមានគុណភាព មិនឲ្យបាត់ឈ្មោះអ្នកបោះឆ្នោត រាល់ការដោះស្រាយវិវាទ របស់ គ.ជ.ប ត្រូវផ្តល់ជំនឿទុកចិត្តដល់គ្រប់អ្នកនយោបាយដែលបានចូលរួមប្រកួតប្រជែង។

គ.ជ.ប ត្រូវបែងចែកថវិការជាតិឲ្យបានស្មើភាពគ្នា សម្រាប់ដំណើការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនីមួយៗ ដែលចូលរួមប្រកួតប្រជែង  ប្រព័ន្ធផ្សព្វរបស់ជាតិ ត្រូវផ្តល់ពេលវេលាស្មើគ្នា សម្រាប់គណបក្សនយោបាយ ឃោសនាពីគោលនយោបាយរបស់ខ្លួន ជាដើម។

ថ្មីត្បិតតែពេលនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសតាំងតំណាងរាស្ត្រ ជិតមកដល់ក៏ដោយ ប៉ុន្តែបើគេសង្កេតពីស្ថានការនយោបាយវិញមន្ត្រីសង្គមយ៉ាងតិច៤រូបនិងមន្ត្រី គ.ជ.ប មួយរូបទៀត កំពុងជាប់ឃុំ ។

សកម្មជនបក្សប្រឆាំង ជិត២០នាក់រួមទាំងតំណាងរាស្ត្រផងក៏កំពុងជាប់ឃុំ ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី កំពុងនីរទេស គេចចេញពីការចាប់ខ្លួន និងអនុប្រធានលោក កឹម សុខា បន្តរស់នៅក្នុងស្នាក់ការ ក្រោយពីកម្លាំងសមត្ថកិច្ច ឆ្មក់ចាប់ខ្លួនមិនបានសម្រេច។

លោក គល់ បញ្ជា លើកឡើងទៀតថា ក្នុងរបបប្រជាធិបតេយ្យ  បើគណបក្សណាមួយ ដែលបានចូលរួមប្រកួតប្រជែង ហើយគ្មានឱកាសពេញលេញ ចុះជួបពលរដ្ឋដើម្បីបង្ហាញពីគោលនយោបាយ របស់ខ្លួនស្វែងរកការគាំទ្រ លោកថា ពេលនោះ នឹងជំរុញឲ្យលទ្ធផលបោះឆ្នោត គ្មានតម្លាភាព និងមិនយុត្តិធម៌។

លោកថា៖ «ប្រធានបក្សសំខាន់ណា វាខុសពីប្រព័ន្ធឯកតនាម ដូចប្រព័ន្ធសមាមាត្រអញ្ចឹងត្រូវតែមានវត្តមានប្រធានបក្សដើម្បីបានចូលរួមក្នុងការប្រកួតប្រជែង  ហើយដែលសំខាន់ទៀត ពេលឃោសនាបោះឆ្នោតនឹងត្រូវតែឲ្យប្រធានបក្សហ្នឹង ចេញមកដេញដោលនៃគណបក្សប្រកួតប្រជែងហ្នឹង ដេញដោលគ្នា ដើម្បីឲ្យប្រជាពលរដ្ឋដឹងថា គណបក្សប្រកួតប្រជែងហ្នឹងមានគោលនយោបាយស្អី ធ្វើកិច្ចការស្អី។ ហើយប្រធានបក្សនៅប្រទេសយើង ការបោះឆ្នោតជាតិ ភាគច្រើនទៅជាបេក្ខភាពនាយករដ្ឋមន្ត្រី ទៅដឹកនាំនៅនីតិប្រតិបត្តិបើសិនជាឈ្នះឆ្នោត ។អញ្ចឹងពួកគេត្រូវតែមានតួនាទីសំខាន់នៅក្នុងការដេញដោលគ្នាងនយោបាយ មិនអាចអវត្តមានប្រធានបក្សនោះបានទេ។បើអវត្តមានប្រធានបក្ស វាធ្វើឲ្យការប្រកួតប្រជែងហ្នឹងវាមិនស្មើភាពគ្នាទេ»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ណិចហ្វិច លោក សំ គន្ធាមី លើកឡើងប្រហាក់ប្រហែលដែរថា  កត្តាមួយទៀតដែលជំរុញឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នោះ គេត្រូវការ កម្លាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ  ប្រព័ន្ធយុត្តិធម៌ ឯករាជ្យ និងមួយវិញទៀត ត្រូវបើកទូលាយព័ត៌មានស្តីពីដំណើការបោះឆ្នោតនេះ។

លោកថា៖ «ត្រូវបើកចំហព័ត៌មានឲ្យអ្នកនយោបាយ អ្នកចូលរួមបោះឆ្នោត ទទួលបានព័ត៌មានទូលំទូលាយ ពីដំណើការបោះឆ្នោតទាំងមូល ទី៤សង្គមស៊ីវិលដែលធ្វើការ លើវិស័យបោះឆ្នោត ត្រូវសម្រួលផ្តល់កិច្ចសហប្រតិបត្តិការណ៍យ៉ាងល្អ ដើម្បីឲ្យអង្គការសង្គមស៊ីវិល ឬក៏សហគមន៍អន្តរជាតិនឹងគាត់ចូលរួមសង្កេតការ ហើយតាមដានសង្កេតមើលរាល់ព័ត៌មានរាល់ដំណើការបោះឆ្នោត និងព័ត៌មានបោះឆ្នោត ត្រូវបើកទូលាយ តាមការស្នើសុំ របស់អង្គការសង្គមស៊ីវិល»។

អ្នកឯកទ្ទេសនយោបាយ និងអភិបាលកិច្ច លោក បណ្ឌិត ចាន់ វិបុល លើកឡើងថា អំណាចឯករាជ្យ របស់ គជប និងឆន្ទះនយោបាយ លោកថា ពិតជាធាតុផ្សំ ដ៏សំខាន់សម្រាប់ជំរុញឲ្យលទ្ធផលបោះឆ្នោតនៅពេលខាងមុខ ធានាបាននូវតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ អ្នកនយោបាយធំៗទាំងមានភាពចាស់ទុំផ្នែកនយោបាយ ប្រកួតប្រជែងដោយស្មើភាព និងសុច្ចរិតភាព ប្រកបដោយការយោគយល់គ្នា។

ប៉ុន្តែលោកវិភាគថា បើ គជប គ្មានអំណាច ធ្វើឲ្យមន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ ប្រព័ន្ធយុត្តិធម៌ ក្លាយជាស្ថាប័នឯករជ្យ ធ្វើការជាមួយរដ្ឋាភិបាលថ្មី កើតក្រោយការបោះឆ្នោត ទេនោះ លោកថាវិបត្តិនយោបាយ នៅតែកើតមានដដែល។

លោកថា៖«មន្ត្រីរដ្ឋបាលសាធារណៈនឹង បានត្រៀមខ្លួនជាមួយគាត់ [គណបក្សថ្មីកើតក្រោយការបោះឆ្នោត]ដើម្បីបំរើប្រទេសជាតិ និងប្រជាជនហើយឬនៅ  ហើយតើថាប្រព័ន្ធតុលាការហ្នឹង បានត្រៀមខ្លួនរួចជាស្រេចគោរពច្បាប់ ដើម្បីទទួលយកការប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយឬនៅ ។ ខ្ញុំគិតថា ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគិតបែបនេះ គិតបែបនេះ ធ្វើបែបនេះ ហើយមន្ត្រីដែលចង់ឈរឈ្មោះបោះឆ្នោតអាណត្តិក្រោយៗនេះ បំពេញមុខងាររបស់គាត់ស្របតាមគោលការច្បាប់ ខ្ញុំគិតថា នេះជាជោគវាសនាមួយថ្មីសម្រាប់កម្ពុជាបាទ»។

បើតាមលោក ចាន់ វិបុល គណបក្សនយោបាយធំៗទាំងពីរ ដែលមានអាសនៈក្នុងសភា ពួកគេមិនទាន់មានគំនិតចាស់ទុំផ្នែកនយោបាយនៅឡើងទេ ដោយលោកវិភាគថា គណបក្សសង្គ្រោះជាតិ អាចនឹងរៀបសេនារូថ្មី ត្រៀមធ្វើពហិកាដូចមុនៗ បើពួកគេចាញ់ឆ្នោត ឆ្នាំ២០១៨ ដោយសំអាងហេតុផលថា លទ្ធផលបោះឆ្នោតនោះ មិនត្រឹមត្រូវ ដោយសាតែថ្នាក់ដឹកនាំ របស់ពួកគេ មិនត្រូវបានចូលរួមប្រកួតប្រជែងពេញលេញ ទោះបីមានការបង្ក្រាមបង្ក្រាបពីបក្សកាន់អំណាច។

ចំណែកបក្សកាន់អំណាចវិញ លោកវិភាដែរថា អាចនឹងមិនទួលយកលទ្ធផលបោះឆ្នោតដូចគ្នា បើពួកគេចាញ់ ដោយថា ជាញឹកញាប់បក្សកាន់អំណាចមួយនេះ តែងតែគំរាមថា បើពួកគេចាញ់ឆ្នោតនឹងមានសង្គ្រាមកើតឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ