អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា សេដ្ឋកិច្ចកម្ពុជា មិនអាចខ្វះប្រទេសលោកសេរី ដែលមានដូចជា អាមេរិកនិងសហភាពអឺរ៉ុបបាននោះទេ ដោយថា ប្រទេសទាំងនោះ ជាទីផ្សារដ៏ធំ និងមិនអាចខ្វះបានសម្រាប់កម្ពុជា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុផារី ថ្លែងបែបនេះ ជាមួយអ្នកសារព័ត៌មាន នៅព្រឹកទី១១ខែតុលាឆ្នាំ២០១៧ បន្ទាប់ពីពីធីបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម EIF ដែលជាកម្មវិធីគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈជំនួយផ្សេងៗក្នុងនោះ ក៏មានជំនួយពីសហភាពអឺរ៉ុបផងដែរ។
កញ្ញា សឹង សុផារី បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា មិនអាចដកចេញពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយរត់ទៅពឹងលើប្រទេសដទៃ ដូចជាប្រទេសចិនបាន នោះទេ ដោយថា ប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា គឺប្រទេសទាំងពីរនេះ ដែលអាចជួយឲ្យកម្ពុជាមានសេដ្ឋកិច្ចល្អប្រសើរ និងរស់បាន។
កញ្ញាថា៖ «លើកលែងតែ EU ហើយនឹងអាមេរិកចុះក្រ។ ធម្មតា អ្នកលក់គេរត់ទៅលក់ឲ្យអ្នកមានលុយទិញមិនអញ្ចឹង! ហើយប្រទេសពីរ ហ្នឹងវា អំណាចទិញ ចង់និយាយថា Purchasing Powerគឺនៅខាងហ្នឹងឯង។ សូម្បីតែ ប្រទេសចិន វៀតណាម ថៃ អីក៏ទៅលក់ហ្នឹងដែរ គេដណ្តើមរស់ រឿងអី មិនប្រឹងរស់ដូចគេ ទៅប្រឹងលក់ឲ្យអ្នកលក់ដូចគ្នា គេមិចទិញយើង បើគេលក់ដែរហ្នឹង! អញ្ចឹងត្រូវប្រឹង តម្រូវចិត្តអ្នកទិញ បានត្រូវ ហើយអ្នកទិញនៅខាងហ្នឹងឯងនឹងជាគំនិត business កុំគិតរឿងនយោបាយពេក អត់គិតក្រពះ ប្រទេសយើងអាចឆ្លងដូចប្រវត្តិពីមុនអញ្ចឹង! »។
ស្ថានការណ៍នយោបាយ នៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ហាក់បានដើរដល់ភាពផុយស្រួយនៃការបែកបាក់ជាតិ និងទំនងជាជំរុញឲ្យប្រទេសលោកសេរី រួមទាំងអាមេរិកផង ពិចារណាលើការដាក់ទណ្ឌកម្មផ្សេង រួមមានទណ្ឌកម្មសេដ្ឋកិច្ចជាដើម។
កាលពីពេលថ្មីៗនេះ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បានបង្ហាញក្តីបារម្ភពីសភាអាមេរិកដែលកំពុងជំរុញរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា។ លោកថា បើការជំរុញនោះបានជោគជ័យ កម្ពុជាប្រឈមនឹងការបាត់បង់ទីផ្សារដ៏ធំផ្នែកលក់ផលិតផលវិស័យកាត់ដេរ។
ចំពោះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់ប្រាប់ VOD ថាការបង្កើនកម្តៅការទូតជាមួយប្រទេសលោកសេរី លោកថា កម្ពុជា ជាអ្នកខាតបង់ ដោយថា ពេលនេះ ទីផ្សារលក់ផលិទ្ធផលសំលៀកបំពាក់កាត់ដេរ និងស្បែកជើង លោកថា ស្ថិតនៅសហរដ្ឋអាមេរិក និងសហភាពអឺរុប។
លោកថា៖ «បើមេដឹកនាំយើងលោកយល់ អំពីប្រយោជន៍ជាតិ យកប្រយោជន៍ជាតិជារួម ព្រោះអីរឿងហ្នឹងវាអត់មានអីចំណេញទេសម្រាប់ជាតិ វាមានតែខាត បើសិនជាខូចទំនាក់ទំនងការទូត ដូចយើងដឹងហើយសេដ្ឋកិច្ចយើងពឹងផ្អែកទៅលើទីផ្សារអាមេរិក និងទីផ្សាអឺរុបនេះឯង។ហើយបើវាខូច បាត់តែទីផ្សារអាមេរិកមួយក៏វាប៉ះពាល់ធ្ងន់ដែរ ទៅដល់ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
របាយការណ៍សកល ផ្នែកសេដ្ឋកិច្ច ចេញផ្សាយ ដោយចភពអង់គ្លេស OEC បានបង្ហាញថា ប្រទេសបីដែលកម្ពុជានាំចេញផលិផលធំបំផុតទៅលក់នោះមាន សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ដែលមានទំហំទឹកប្រាក់ ៦,៥ពាន់លានដុល្លារ។
ប៉ុន្តែរបាយការណ៍ដដែលបង្ហាញដែរថា ប្រទេសបី ដែលកម្ពុជានាំចូលទំនិញមកវិញធំបំផុតគឺ ចិន ថៃ និងវៀតណាម ដែលមានទឹកប្រាក់ ៩,៩១ពាន់លានដុល្លារ៕