យន្តហោះរុស្ស៊ីផ្ទុកអ្នកដំណើរ ៧១នាក់ បានធ្លាក់នៅជិតរដ្ឋធានីមូស្គូកាលពីថ្ងៃម្សិលមិញនេះ តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីវាហោះឡើង ដោយបានសម្លាប់មនុស្សនៅលើយន្តហោះនោះទាំងអស់ ខណៈដែលរុស្ស៊ីចាត់ទុកជាគ្រោះថ្នាក់អាកាសចរណ៍ដ៏អាក្រក់បំផុត។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានដកស្រង់សម្ដីមន្ត្រីស៊ើបអង្កេតរុស្ស៊ី ដែលបាននិយាយថា យន្តហោះ Antonov លេខ ១៤៨ បានធ្លាក់នៅសង្កាត់រ៉ាម៉េនស្គី នៅជាយរដ្ឋធានីមូស្គូ នៅម៉ោង ២:៤៨នាទី ឬត្រូវនឹងម៉ោង ៧:២៨ម៉ោងនៅកម្ពុជា បន្ទាប់ពីវាហោះចេញពីព្រលានដូម៉ូដេដូវ៉ូ។
ការិយាល័យស៊ើបអង្កេតការដឹកជញ្ជូនរុស្ស៊ី បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា អ្នកដំណើរ ៦៥នាក់ និងបុគ្គលិកបម្រើការលើយន្តហោះ ៦នាក់ បានស្លាប់ទាំងអស់ ក្នុងនោះក៏មានកូនក្មេងផងដែរ។
បើតាមអាជ្ញាធររុស្ស៊ី យន្តហោះនោះ ស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Saratov Airlines និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Orsk។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បាននិយាយថា មូលហេតុមួយចំនួននៃគ្រោះថ្នាក់យន្តហោះនោះ នឹងត្រូវបានគេពិចារណា ក្នុងនោះមានទាំងកត្តាអាកាសធាតុផងដែរ ខណៈដែលរុស្ស៊ីកំពុងប្រឈមមុខនឹងព្រិលធ្លាក់ខ្លាំងក្លានៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ៕