សហភាពសហជីពកម្ពុជា សម្តែងកង្វល់ចំពោះការកែច្បាប់ស្តីពីការងារ ដោយស្នើឲ្យព្រឹទ្ធសភាកុំធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មនេះ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មករនិយោជិត និងសិទ្ធិសេរីភាពសហជីព។
ការស្នើនេះធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានអនុម័តសេចក្តីព្រាងវិសោធនកម្មនៃច្បាប់ស្តីពីការងារ កាលពីថ្ងៃទី៤ មិថុនា ទៅលើមាត្រាមួយចំនួន និងកំពុងបញ្ជូនបន្តមកព្រឹទ្ធសភាដើម្បីពិនិត្យអនុម័តសម្រេច។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់ VOD បន្ថែមលើសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃនេះ ថាមាត្រាដែលបានកែប្រែនេះ នឹងនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសហជីព និងផលប្រយោជន៍របស់កម្មករនិយោជិត បន្ទាប់ពីច្បាប់នេះចូលជាធរមាន។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន
ប្រធានសហភាពសហជីពកម្ពុជា សូមរដ្ឋាភិបាលឲ្យពិនិត្យមើលឡើងវិញនូវសេចក្តីព្រាងវិសោធនកម្មនេះ និងឲ្យក្រុមហ៊ុនតម្កល់ថវិកានៅរតនាគារជាតិសម្រាប់បើកជូនកម្មករនៅពេលរោងចក្របិទទ្វារ។ លោកក៏សូមឲ្យរក្សាមាត្រា៨៧ចាស់ដដែល និងសូមឲ្យបើកប្រាក់បំណាច់អតីតភាពការងាររយៈពេលបីឆ្នាំម្តង។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ឆ្លើយតបថា ព្រឹទ្ធសភានៅមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់នេះនៅឡើយទេ តែថា ឲ្យមើលច្បាប់សហជីពដែលមានប្រយោជន៍ច្រើនចំពោះកម្មករ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង
បើតាមអ្នកនាំពាក្យព្រឹទ្ធសភារូបនេះ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីច្បាប់ការងារថ្មីនេះ នឹងមកដល់ដៃព្រឹទ្ធសភានៅថ្ងៃទី១៤មិថុនានេះ ហើយបើគ្មានអ្វីប្រែប្រួល ព្រឹទ្ធសភានឹងអនុម័តនៅដើមសប្តាហ៍ក្រោយ។