អង្គការសមាគមជិត១០០អំពាវនាវឲ្យស៊ើបអង្កេតដោយតម្លាភាពករណី លោក កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

អង្គការនិងសមាគមដែលភាគច្រើនជាសកម្មជនដីធ្លីនិងសកម្មជនសិទ្ធិមនុស្ស អំពាវនាវឲ្យមានការស៊ើបអង្កេតដោយតម្លាភាពលើករណីឃាតកម្មលោក កែម ឡី។

អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី អាយុ៤៦ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅចំដើមទ្រូងនិងក្បាល នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលពោរពេញដោយមនុស្សនៅកណ្តាលរាជធានីភ្នំពេញកាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងមួយថ្ងៃបន្ទាប់ពីឃាតកម្មនេះ អង្គការនិងសមាគមចំនួន៧០ស្ថាប័នបានលើកឡើងថាស្ថានការណ៍នយោបាយកាន់តែមានភាពតានតឹងឡើងនៅក្នុងប្រទេសកម្ពុជានៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០១៧និងការបោះឆ្នោតជាតិឆ្នាំ២០១៨។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបានបញ្ជាក់ថា “នេះជាការចាំបាច់ដែលការស៊ើបអង្កេតជុំវិញករណីឃាតកម្មលើលោក កែម ឡី ត្រូវតែត្រូវបានធ្វើឡើងដោយមានតម្លាភាព ដើម្បីឲ្យមានការជឿទុកចិត្តនិងជៀសវាងការយល់ច្រឡំនានាដែលអាចនឹងមានផលប៉ះពាល់ដល់ឱកាសនៃការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ នាពេលខាងមុខ”។

ឃាតកម្មនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក កែម ឡី បាននិយាយនៅក្នុងកម្មវិធីកិច្ចសន្ទនាតាមវិទ្យុអាស៊ីសេរីអំពីរបាយការណ៍ថ្មីៗដែលត្រូវបានផ្សាយដោយអង្គការអន្តរជាតិ គ្លូបល វីដណេស ដែលថាគ្រួសារត្រកូល “ហ៊ុន” ជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា ដោយមានក្រុមហ៊ុនជាង១០០និងមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារ។

អង្គការអន្តរជាតិស្ថានទូតជាច្រើននៅក្នុងរាជធានីភ្នំពេញនិងអ្នកជំនាញការអង្គការសហប្រជាជាតិបានថ្កោលទោសលើករណីឃាតកម្មនេះ។

ទោះជាយ៉ាងណាក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃកម្ពុជាបានប្រកាសប្រាប់សហគមន៍ជាតិនិងអន្តរជាតិចំពោះការ “ចេញផ្សាយនូវព័ត៌មានដែលមិនទាន់ច្បាស់ដែលអាចនឹងធ្វើឲ្យសាធារណមតិយល់ច្រឡំ”។ ចំណែកលោក ហ៊ុន សែន ថ្លែងថាកុំឲ្យសាធារណជនចាត់ទុកអំពើឃាតកម្មនេះថាជារឿងនយោបាយ

កាលពីឆ្នាំ២០១៤ លោក កែម ឡី បានបង្កើតក្រុមបណ្ដាញពលរដ្ឋមូលដ្ឋានមួយមានឈ្មោះថា “ខ្មែរដើម្បីខ្មែរ” ដែលមានបំណងដើម្បីពង្រឹងនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងគណបក្សនយោបាយ។ មួយឆ្នាំក្រោយមក ក្រុមនេះបានចាប់ផ្ដើមប្រែក្លាយជា “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន” ហៅកាត់ថា “គបម”។ លោក កែម ឡី គ្មានតួនាទីដឹកនាំអ្វីនៅក្នុងគណបក្សថ្មីនេះទេ ប៉ុន្តែលោកនៅតែធ្វើជាអ្នកវិភាគនយោបាយដែលមិនសំចៃមាត់និងជាអ្នករិះគន់រដ្ឋាភិបាល។ ឥឡូវនេះលោកបានបន្សល់ទុកនូវប្រពន្ធដែលកំពុងមានផ្ទៃពោះប្រាំខែនិងកូនប្រុសបួននាក់។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោតត្រូវបានដក់ស្រង់ប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា “លោក កែម ឡី គឺជាអ្នកដឹកនាំដ៏មានភាពរស់រវើកដែលបានជំរុញចិត្តសកម្មជនសហគមន៍រាប់ពាន់នាក់តាមរយៈការងាររបស់លោក រាប់បញ្ចូលទាំងការងារជាមួយ ខ្មែរដើម្បីខ្មែរ និងការងារជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន”។

លោក មឿន តុលា នាយកនៃអង្គការ សង់ត្រាល់ ក៏បានមានប្រសាសន៍ថា “លោក កែម ឡី គឺក្លាហាននិងហ៊ាននិយាយរិះគន់ចំៗទៅលើរដ្ឋាភិបាល តែពេលនេះលែងមានសំឡេងរបស់គាត់ទៀតហើយ។ ឃាតកម្មរបស់លោកអាចជាការប៉ុនប៉ងដើម្បីគំរាមគំហែងដល់សំឡេងអ្នករិះគន់ដទៃទៀត ក៏ប៉ុន្តែយើងសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជានឹងនៅតែបន្តបញ្ចេញទស្សនៈ ប្រើប្រាស់សិទ្ធិ និងសម្ដែងមតិរបស់ខ្លួន”។

ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការនិងសមាគមទាំង៧០នោះបានជំរុញឲ្យធានាសុវត្ថិភាពនៅគ្រប់ទីកន្លែង ចំពោះអ្នកវិភាគនយោបាយឲ្យពួកគេអាចអនុវត្តការងារដោយស្របច្បាប់ មិនមានការភ័យខ្លាចពីអំពើហិង្សានិងការគំរាមគំហែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ