លោក ហ៊ុន សែន៖ បើកម្ពុជាជួបការលំបាកអ្វី គឺមិត្តចិនមិនឈរមើលឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន (ហ្វេសប៊ុក: លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិនអះអាងកាលពីម្សិលមិញ​ថា ​ប្រទេសកុម្មុយនីស្ដមួយនេះ នឹងបន្ដគាំទ្រកម្ពុជាគ្រប់កាលៈទេស បើសិនកម្ពុជាជួបបញ្ហាពិបាកដោះស្រាយ។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា មហាអំណាចចិនបានបញ្ជាក់ជំហរជាថ្មីថា នឹងជួយទំនុកបម្រុងកម្ពុជាមិនឲ្យបរទេសណាមកបំបែកបំបាក់បានឡើយ។ ការបញ្ជាក់ជំហររបស់ចិនជាថ្មីនេះ លោក ហ៊ុន សែន ឲ្យដឹងថា ធ្វើឡើងក្នុងជំនួបរវាងលោក ជាមួយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិន លោក សុង ថាវ។

បើតាមហ្វេសប៊ុក លោកសរសេរថា «តាមរយៈកិច្ចសហប្រតិបត្តិការណ៍ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ គឺបានរិតបន្តឹងនូវចំណងមិត្តភាពជា បងប្អូនដែលគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ។ ទន្ទឹមនឹងនេះ ក្នុងនាមជាបងប្អូន ប្រសិនបើកម្ពុជាជួបប្រទះការលំបាកអ្វីមួយគឺត្រូវប្រាប់មិត្តចិនភ្លាម ដើម្បីជួយទៅតាមលទ្ឋភាពជាក់ស្តែង គឺមិត្តចិនមិនឈរមើលឡើង»។

ក្នុងជំនួបមួយទៀតជាមួយ លោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន លោក ហ៊ុន សែន អះអាងថា បើសិនកម្ពុជាត្រូវការជំនួយចាំបាច់ណាមួយនោះ គឺរដ្ឋាភិបាលចិន នឹងផ្ដល់ឲ្យតាមតម្រូវការគ្រប់យ៉ាង ដោយចិនថាកម្ពុជាជាបងប្អូននិងមិត្តដ៏ល្អ ហើយថាចិននឹងធ្វើជាខ្នងបង្អែកដ៏រឹងមាំ ដើម្បីជួយកម្ពុជាគ្រប់កាលៈទេសៈទាំងអស់។

បើតាមហ្វេសប៊ុកលោកសរសេរទៀត​ថា «បើកម្ពុជាត្រូវការអ្វីឲ្យមិត្តចិនជួយ គឺសូមប្រាប់មកភ្លាម នូវគម្រោងអាទិភាពនានាដែលត្រូវការជំនួយទាំងនោះ។ នៅឆ្នាំ ២០១៨ កម្ពុជាគឺជាប្រទេសកិត្តិយសក្នុងការរៀបចំពិព័រណ៍ចិនអាស៊ាន ដែលប្រទេសចិននឹងត្រៀមលក្ខណៈរៀបចំអោយបានល្អបំផុត ព្រោះកម្ពុជាជាមិត្ត ដ៏ល្អនិងជាបងប្អូនដ៏ល្អ ហើយប្រទេសចិនគឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជា គ្រប់កាលៈទេសៈទាំងអស់»។

អ្នក​វិភាគ​នយោបាយ​កម្ពុជា លោក​ ឯម សុវណ្ណារ៉ា សាទរចំពោះគោលនយោបាយកម្ពុជាចិនពាក់ព័ន្ធនឹងការជួយគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ និងការជួយជ្រោមជ្រែករបស់មហាអំណាចចិនមកកម្ពុជា ប៉ុន្តែរដ្ឋាភិបាលកម្ពុជាក៏ពុំត្រូវពឹងផ្អែកទៅលើចិនទាំងស្រុងដែរ។

លោកថា «កម្ពុជាមិនពឹងផ្អែកឬក៏មើល​អត្ថប្រយោជន៍នៃទំនាក់ទំនងនៃបណ្ដាលប្រទេសលោកខាងលិចមានសហរដ្ឋអាមេរិក មានអ៊ឺរ៉ុបអី ធ្វើឲ្យកម្ពុជាងាយឬក៏ប្រាស់ចាកចេញពីខ្លឹមសារមួយ​​ចំនួនពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យហើយ បានន័យថាព្រោះលទ្ធិកំម្មុយនីស្តចិនអនុវត្តតាមកំម្មុយនីស្តសុទ្ធសាទ គឺគ្រាន់តែដូររបបទីផ្សារហ្នឹងមកទីផ្សារសេរីទេ»។

លោកបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែប្រកាន់ជំហរនៅកណ្ដាល ដោយមិនត្រូវពឹងផ្អែកទៅលើប្រទេសចិនទាំងស្រុង ហើយផ្ដាច់ទំនាក់ទំនងជាមួយប្រទេសលោកខាងលិចនោះទេ។ លោកបន្តថា ប្រសិនបើប្រទេសលោកខាងលិចដែលជាទីផ្សាររបស់កម្ពុជាផ្អាកជំនួយ ឬក៏ផ្អាកទិញទំនិញពីកម្ពុជានោះ វានឹងធ្វើឲ្យប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចខ្លាំង ដោយសារទីផ្សារធំរបស់កម្ពុជា គឺសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។

រដ្ឋាភិបាលកម្ពុជាត្រូវបានគេមើលឃើញថា មានទំនោលទៅរកប្រទេសចិន ខណៈរងការរិះគន់ពីបជ្ឈដ្ឋានអន្តរជាតិដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដោយចោទថា ក្បត់ជាតិ​ ដោយផ្សំគំនិតជាមួយរដ្ឋាភិបាល​អាមេរិក​ចង់ផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយ លោក​ ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ