អូស្ដ្រាលីថាការចង់រំលាយបក្សសង្គ្រោះជាតិ នឹងប៉ះពាល់ដំណើរការបោះឆ្នោតឆ្នាំ២០១៨ 

ទូតអូស្ដ្រាលីប្រចាំកម្ពុជា បង្ហាញក្ដីបារម្ភជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ដោយថា ការចង់រំលាយគណបក្សប្រឆាំង នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាឆ្នាំក្រោយ។

ទូតអូស្ដ្រាលីប្រចាំកម្ពុជា បង្ហាញក្ដីបារម្ភជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ដោយថា ការចង់រំលាយគណបក្សប្រឆាំង នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាឆ្នាំក្រោយ។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា យល់ថា បណ្ដឹងសុំ រំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ២០១៨ បានបង្កឲ្យមានក្ដីបារម្ភជាបន្ដបន្ទាប់ និងថា ជាជំហានដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។

កាលពីថ្ងៃទី៦តុលាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានប្តឹង ទៅតុលាការកំពូល ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស។

បើតាមសេចក្ដីថ្លែងការណ៍ រដ្ឋាភិបាលអូស្ដ្រាលី យល់ថា ចេតនាចង់រំលាយគណបក្សសង្គ្រោះជាតិ គឺជាដំណើរវិលថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យខ្មែរ ដោយថា វានឹងប៉ះពាល់ដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០១៨ ដែលថា ត្រូវតែមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។

អូស្ដ្រាលី ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានបរិយាកាសនយោបាយល្អប្រសើរមួយ ដែលធានាដល់សិទ្ធិពលរដ្ឋ សិទ្ធិបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពរបស់គណបក្សប្រឆាំង ដែលថា មានសារៈសំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សួស យ៉ារ៉ា មានប្រសាសន៍ថា ការលើកឡើងរបស់ស្ថានទូតអូស្ដ្រាលី គ្រាន់ជាការបញ្ចេញទស្សនៈមួយប៉ុណ្ណោះ។ ប៉ុន្ដែលោករិះគន់តបទៅវិញថា នៅប្រទេសអូស្ដ្រាលី ក៏ជួបបញ្ហាចម្រូងចម្រាស់ផ្នែកនយោបាយ ច្រើនជាងកម្ពុជាទៅទៀត។

លោកថា៖ «មិនមែនគណបក្សប្រជាជន គាបសង្កត់គណបក្សសង្គ្រោះជាតិនោះទេ អាហ្នឹងគាត់និយាយអី ចេះតែនិយាយទៅ ប៉ុន្ដែអូស្ដ្រាលីហ្នឹង គឺគណបក្ស និងគណបក្ស លែងគ្នាញឹកញាប់ជាងយើងទៀត ហើយគាត់មកនិយាយ។ អញ្ចឹង ខ្ញុំគិតថា ការនិយាយហ្នឹង ច្រើនតែជាការសន្មត់របស់បុគ្គលទេ មិនមែនជារបស់ប្រទេសអូស្ដ្រាលីទេ»។

ក្រៅពីប៉ុនប៉ងរំលាយគណបក្សប្រឆាំង នៅមុនការបោះឆ្នោត រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏បានដាក់សំណើមួយទៅរដ្ឋសភា ដើម្បស្នើសុំកែច្បាប់មួយចំនួន ខណៈបក្សប្រឆាំងថា ការកែច្បាប់ទាំងនេះ គឺដើម្បីដកហូតអាសនៈរបស់បក្សប្រឆាំងទាំង៥៥ ឲ្យទៅគណបក្សផ្សេង ដែលមិនមានកៅអីនៅរដ្ឋសភា កាលពីឆ្នាំ២០១៣។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា យល់ថា ប្រសិនរដ្ឋាភិបាលគិតពីប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ គួរតែពិចារណា បន្ថូរបន្ថយស្ថានការណ៍នយោបាយ ដែលកំពុងឡើងកម្តៅនេះ។

លោកថា៖ «ខ្ញុំគិតថា បើសិនជាមិនមានការបន្ថូរបន្ថយស្ថានភាពនយោបាយទេ អាចថា ប្រទេសប្រជាធិបតេយ្យដទៃទៀត នឹងមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនៅកម្ពុជា។ ហើយនៅពេលដែល គេមិនទទួលស្គាល់បញ្ហាច្រើនណាស់ ដែលធ្លាក់មកកម្ពុជានោះដែរ»។

រដ្ឋាភិបាលកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ មើលឃើញថា កំពុងធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង​ ក្រោមលេសថា ជាការអនុវត្តច្បាប់ បន្ទាប់ពីមានការចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងកណ្ដាលយប់នោះ។

លើសពីនេះ សហ​គ​ម​ន៍​​​​​អន្តរជាតិ ដែលរួមមាន ស​ហ​ភា​ព​អឺរុប បារាំង អាល្លឺម៉ង់ សហ​រដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បាន​ហៅ​​ការចាប់​ខ្លួនលោក កឹម សុខា ​នេះ​ថា ជា​​ការ​គំរាម​ផ្នែកន​យោ​​បា​​​យ និងទទូចឲ្យដោះ​លែង​ជា​បន្ទាន់​ ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។