សភាថៃអនុម័តការស្នើរបស់ស្តេចសុំកែប្រែខ្លឹមសាររដ្ឋធម្មនុញ្ញនាំឲ្យការបោះឆ្នោតត្រូវពន្យារ

សភាយោធាថៃ បោះឆ្នោតសំឡេងច្រើនលើសលុប នៅថ្ងៃសុក្រនេះ ក្នុងការអនុម័តគាំទ្រការធ្វើវិសោធនកម្មលើ រដ្ឋធម្មនុញ្ញតាមការស្នើឡើងរបស់ក្សត្រថ្មីទើបគ្រងរាជ្យសម្បត្តិ ដែលការអនុម័តនេះ បង្ហាញថា ការបោះឆ្នោតសកលតាមគម្រោងនៅចុងឆ្នាំនេះនឹងត្រូវពន្យារពេល។​

រដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយពួកយោធា គឺជាចំណុចគោលមួយដែលពួកយោធាបានកំណត់កាលបរិច្ឆេទ ក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលតាមប្រជាធិបតេយ្យវិញ បន្ទាប់ពីការធ្វើរដ្ឋប្រហារតាំងពីឆ្នាំ២០១៤មក។​

សេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញត្រូវបានធ្វើប្រជាមតិកាលពីឆ្នាំមុន ហើយរង់ចាំតែការយល់ព្រមពីព្រះមហាក្សត្រ មហាវ៉ាជីរ៉ា ឡុងកន ជាស្តេចទើបឡើងគ្រងរាជ្យកាលពីខែធ្នូឆ្នាំ២០១៦ បន្ទាប់ពីបិតារបស់ព្រះអង្គចូលទិវង្គត រដ្ឋធម្មនុញ្ញនោះនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។​

សេចក្តីព្រាងរដ្ឋធម្មនុញ្ញដែលដាក់ទៅព្រះបរមរាជរាំងរង់ចាំការយល់ព្រមពីស្តេចនោះ គឺគេរំពឹងថា នឹងបានដាក់ឲ្យប្រើប្រាស់នៅក្នុងដើមខែកុម្ភះខាងមុខនេះ។​

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធចាន់ អូចា ថ្លែងថា ការិយល័យព្រះមហាក្សត្រ មានការស្នើឲ្យមានការកែតម្រូវចំណុចជាច្រើន ពាក់ព័ន្ធអំណាចព្រះមហាក្សត្រ ដែលនេះគឺជាការអន្តរាគមន៍ដ៏កម្រចាប់តាំងពីព្រះអង្គលើគ្រងរាជ្យសម្បត្តិ។​

សមាជិកសភាចំនួន​២២៨ក្នុងចំណោម​២៣១ បានបោះឆ្នោតអនុម័ត ការស្នើរបស់ព្រះមហាក្សត្រ ចំណែកបីរូបទៀត អនុបវាទ។​

ការកែប្រែនោះមានចំណុចជាច្រើន ក្នុងនោះក៏មានកំណត់ថា ពេលដែលព្រះមហាក្សត្រចេញទៅក្រៅប្រទេស មិនចាំបាច់មានអ្នកជំនួសឬ ជាប្រមុខរដ្ឋស្តីទីនោះទេ។​ ជាញឹកញាប់​ស្តេចថ្មីអង្គនេះ តែងចេញទៅក្រៅប្រទេសពិសេសទៅប្រទេសអាល្លឺម៉ង ជាកន្លែងដែលព្រះអង្គមានរាជ្យដំណាក់នៅទីនោះ។​

សមាជិករដ្ឋសភាថៃបានថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ អាចជះឥទ្ធិពលដល់ការពន្យារពេលបោះឆ្នោត ព្រោះថា ការបោះឆ្នោតនឹងប្រព្រឹទ្ធទៅ១៥ ខែក្រោយរដ្ឋធម្មនុញ្ញចូលជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ