អ្នកភូមិ៤នាក់នៅស្វាយរៀងត្រូវអាជ្ញាធរហៅសួរនាំបន្ទាប់ពីតវ៉ារឿងដីធ្លីនៅភ្នំពេញ

អាជ្ញាធរហៅសួរនាំអ្នកភូមិ៤នាក់នៅស្វាយរៀងបន្ទាប់ពីតវ៉ារឿងដីធ្លីនៅភ្នំពេញ (FB: Theng Savoeun)

ពលរដ្ឋ៤នាក់នៅស្រុករមាសហែក ខេត្តស្វាយរៀងត្រូវបានអាជ្ញាធរកោះហៅទៅសួរនាំ បន្ទាប់ពីពួកគេឡើងទៅដាក់ញត្តិសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីតាមក្រសួងស្ថាប័នរដ្ឋនានា នៅភ្នំពេញ។

ពលរដ្ឋ៤នាក់នៅស្រុករមាសហែក ខេត្តស្វាយរៀងត្រូវបានអាជ្ញាធរកោះហៅទៅសួរនាំ បន្ទាប់ពីពួកគេឡើងទៅដាក់ញត្តិសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីតាមក្រសួងស្ថាប័នរដ្ឋនានា នៅភ្នំពេញ។

កាលពីម្សិលមិញ ប្រជាពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជិត២០០​នាក់​មកពី​ខេត្ត​ចំនួន​៤​ប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញដើម្បីដាក់ញ្ញត្តិនៅតាមក្រសួងស្ថាប័នរដ្ឋមួយចំនួនឲ្យជួយដោះស្រាយវិវាទដី ធ្លីរបស់ពួកគេដែលបានអូសបន្លាយជាច្រើនឆ្នាំ។

ពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់ដែលអាជ្ញាធរហៅសាកសួរនោះគឺ លោក ឡូញ ថា រស់នៅឃុំ អណ្តូងត្របែក ស្រុករមាសហែក ប្រាប់វីអូឌីថា អាជ្ញាធរឃុំ និងស្រុកនៅថ្ងៃនេះបានកោះហៅពលរដ្ឋចំនួន៤នាក់ទៅសួរនាំ ជុំវិញរឿងពួកគាត់ឡើងទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយវិវាទដីធ្លី។

លោកឲ្យដឹងថា អាជ្ញាធរបានសួរនាំពួកគាត់ថា ទៅគ្នាប៉ុន្មាននាក់ អ្នកណាជាអ្នកដឹកនាំ និងសួររកអ្នកនៅក្រោយករណីពលរដ្ឋឡើងទៅតវ៉ានៅភ្នំពេញនោះ។

លោកបន្ថែមថា«អាជ្ញាធរគេសាកសួរពួកខ្ញុំចំនួន៤នាក់ហ្នឹងរួចហើយ។ គាត់សួរថា ពួកខ្ញុំទៅដាក់ញ្ញត្តិហ្នឹងស្គាល់តាមរយៈណា? មានអ្នកណាជ្រំជ្រែងរឿងទៅដាក់ញ្ញត្តិនៅរាជធានីភ្នំពេញ ហ្នឹង? ខ្ញុំឆ្លើយថា លក់មាន់លក់ទានិយាយរួមគឺលុយផ្ទាល់ខ្លួនឯងដើម្បីទៅដាក់ញ្ញត្តិពីព្រោះ បញ្ហាវិវាទដីធ្លីរបស់ពួកខ្ញុំមិនមែនទើបកើតឡើងឆ្នាំហ្នឹងទេគឺវាយូរឆ្នាំហើយ»។

មេឃុំអណ្តូងត្របែកលោក គង់ វិត និយាយថា អាជ្ញាធរកោះហៅពលរដ្ឋមកសាកសួរដោយ សារពលរដ្ឋទាំងនោះឡើងទៅដាក់ញ្ញត្តិនៅភ្នំពេញដោយមិនបានជូនដំណឹងអាជ្ញាធរមូលដ្ឋាន។

លោកបន្ថែមថា«ព្រោះទៅហ្នឹងគេអត់ដឹង បានជាគេហៅមកសួរហ្នឹង គេមិនមែនហៅមកធ្វើទារុណកម្មអីគ្រាន់តែសួរតើ។ សួរនាំធម្មតាហ្នឹងហាស ថា ទៅហ្នឹងមានគោលដៅ ឬគោលបំណងយ៉ាងម៉េច គ្រាន់តែប៉ុណ្ណឹងតើ»។

អគ្គលេ​ខាធិការ​សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា រាល់ការចេញទៅដាក់ញត្តិដើម្បីទាមទារអ្វីមួយមិនមានច្បាប់ណាតម្រូវឲ្យជូនដំណឹង ឬ សុំការអនុញ្ញាតិពី អាជ្ញាធរមូលមុននោះទេ។ លោក ថេង សាវឿន ចាត់ទុកករណីអាជ្ញាធរហៅពលរដ្ឋទៅសួរនាំនេះជា ការបំភិតបំភ័យ និងជាការគំរាមកំហែងមកឲ្យពលរដ្ឋចេញតវ៉ារឿងបញ្ហានានា ដែលអាជ្ញាធរថ្នាក់ក្រោម​មិនអាចដោះស្រាយបាន។

លោកបន្តថា ដើម្បីកុំឲ្យពលរដ្ឋឡើងតវ៉ាដល់ថ្នាក់ជាតិអាជ្ញាធរថ្នាក់ក្រោមត្រូវដោះស្រាយបញ្ចប់ វិវាទ ឬបញ្ហារបស់ពលរដ្ឋឲ្យតម្លាភាព។

លោកបន្ថែមថា«ខ្ញុំគិតថា អាជ្ញាធរថ្នាក់ឃុំ និងថ្នាក់ស្រុកហ្នឹងដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ ពលរដ្ឋហ្នឹងតាមរយៈការជួបជជែកពិភាក្សាដោសន្តិវិធី ពិគ្រោះយោបល់ជាសាធារណៈដើម្បីស្វែងរកដំណោះស្រាយ ដោយឈរលើគោលការគោរពសិទ្ធិ គោលការណ៍តម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំដោយមិនលម្អៀង ដោយយុត្តិធម៌ ដោយស្មើភាព និងតាមស្នើសុំ របស់ប្រជាពលរដ្ឋវាបានហើយ នោះពលរដ្ឋមិនទៅរំខានដល់ថ្នាក់ជាតិទេ»។

ពលរដ្ឋអះអាងថា មានពលរដ្ឋប្រមាណ៥៣៤គ្រួសារ បានរងផលប៉ះពាល់ដីជាង៥៥ហិកតាជាមួយគម្រោងផ្តល់ដីសង្គមកិច្ចរបស់រដ្ឋាភិបាល។

កាលពីថ្ងៃទី១២មីនានេះ ពលរដ្ឋមកពីខេត្តចំនួន​៤រួមមានខេត្តស្វាយរៀង កណ្តាល ត្បូងឃ្មុំ និងខេត្តព្រះសីហនុ បាននាំគ្នា​ដាក់ញាត្តិ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ក្រសួង​ដែន​ដី​ និង រដ្ឋសភា ដើម្បីសុំ​ឲ្យជួយដោះស្រាយ​បញ្ហាដីធ្លី​របស់ពួកគេ​ដែល​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ដែល​ក្នុង​នោះ​មាន​ករណី​ខ្លះ​អូស​បន្លាយ​ជាង៣០​មក​ហើយ​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។