គ្រូ​បង្រៀន​ម្នាក់​ត្រូវ​នគរបាល​ខេត្ត​កំពង់ធំ​ចាប់​ខ្លួន​ជុំ​វិញ​ការចោទ​ថា​​ប្រមាថ​ស្ដេច

រូបភាព៖ ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី យាង​តាម​រថយន្ត​អំឡុង​ពេល​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ពេល​កន្លង​មក។ រូបថត៖ ហ្វេសប៊ុក ហ៊ុន សែន

ដៀលស្ដេចសុទ្ធតែស្ដេចរំលាយបក្ស CNRP ក្បត់ឆន្ទៈរាស្រ្ត .....

មន្ត្រី​នគរបាល​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា គ្រូ​បង្រៀន​ម្នាក់​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ជាប់​សង្ស័យ​ថា បាន​ប្រមាថ​ស្ដេច​​នៅ​លើ​បណ្ដាញ​សង្គម ដែល​នេះគឺ​ជា​ការ​បង្ក្រាប​ជា​លើក​ដំបូង​​ទៅ​លើ​អ្នក​រិះគន់​​ព្រះមហាក្សត្រ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​កែ​ច្បាប់​ដាក់​ទោស​លើ​អ្នក​ប្រមាថ​ស្ថាប័ន​រាជ​វង្ស។

អធិការ​រង​នគរបាល​ក្រុង​ស្ទឹងសែន លោក សុខ សូណា បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា នាយក​សាលា​បឋម​សិក្សា​ព្រៃតាហ៊ូ លោក ឃាង ណាវី អាយុ ៥០​ឆ្នាំ ដែល​រស់​ភូមិ​កំពង់ក្របៅ ឃុំ​កំពង់ក្របៅ ត្រូវ​បាន​​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​នេះ ដោយ​សង្ស័យ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា នាយក​សាលា​រូប​នេះ បាន​ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក «គ្រូ​ប្រពន្ធ​ស» និង​សរសេរ​​សារ​ប្រមាថ​ព្រះ​មហាក្សត្រ​ ជុំ​វិញ​​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សុខ សូណា ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា៖ «ដៀលស្ដេចសុទ្ធ​តែស្ដេចរំលាយបក្ស CNRP ក្បត់ឆន្ទៈរាស្រ្ត»

នេះ​គឺ​ជា​ការ​បង្ក្រាប​ជា​លើក​ដំបូង​ហើយ​ទៅ​លើ​អ្នក​រិះគន់​ព្រះមហាក្សត្រ បន្ទាប់​ពី​រដ្ឋាភិបាល​​បាន​កែ​ក្រម​ព្រហ្ម​ទណ្ឌ ដោយ​កំណត់​ការ​ដាក់​ទោស​អ្នក​ប្រមាថ​​រាជ​វង្ស​​កាល​ពីខែ​មីនា​កន្លង​មក​នេះ ដែល​វិសោធនកម្ម​ច្បាប់​នេះ រង​ការ​រិះគន់ និង​ថ្កោល​ទោស​ពី​ក្រុម​សិទ្ធិ​មនុស្ស។

វិសោធន​កម្ម​ថ្មី​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នេះ ត្រូវ​បាន​ចែង​ថា បុគ្គលណា ដែល​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០លាន​រៀល​។

វិសោធនកម្ម​ច្បាប់​នេះ ត្រូវ​បាន​គណៈកម្មការ​ក្រុម​អ្នក​ច្បាប់​អន្តរជាតិ ហៅ​កាត់​ថា ICJ ចាត់​ទុក​ថា ធ្វើឡើងដើម្បីបំបិទសំឡេងរិះគន់ និងក្រុមអ្នកប្រឆាំង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។