តុលាការ​ដាក់​ឃុំ​កូន​ប្រុស​ស្នងការ​រង​ខេត្ត​ព្រៃវែង​ជុំ​វិញ​ការ​រំលោភ ​និង​បង្ខាំង​នារីម្នាក់

រូបភាពពីអគ្គស្នងការនគរបាលជាតិ

កូនប្រុសរបស់ស្នងការរង​នគរបាល​ខេត្តព្រៃវែង ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ថា បាន​គំរាម​បាញ់​សម្លាប់ និង​ចាប់​បង្ខាំង​នារី​ម្នាក់​រយៈ​ពេល ៤​ខែ ដើម្បី​រំលោភ​សេព​សន្ថវៈ និង​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង។

ក្នុង​ដី​កា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​ព្រៃវែង លោក សាំង សេរី បាន​បង្គាប់​ឲ្យ​​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​មន្ត្រី​នគរបាល​ឈ្មោះ ឌឹម មករា កូន​ប្រុស​ស្នងការ​រង​នគរបាល​ខេត្ត​ព្រៃវែង លោក ឌឹម យ៉ារ៉ុម។

បើ​តាម​ដីកា​ដដែរល​នេះ ជន​សង្ស័យ ឌឹម មករា អាយុ ៣៣​ឆ្នាំ ដែល​ជា​នាយក​រង​ផ្នែក​អគ្គីភ័យ​របស់​នគរបាល​ខេត្ត​ព្រៃវែង​ផង​នោះ ត្រូវ​បាន​តុលាការ​ចោទ​ពីបទ​អំពើរំលោភសេព​សន្ថវៈ បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​សញ្ចារ​កម្ម។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​រូប​នេះ​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា បន្ទាប់​ពី​នារី​ម្នាក់​​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច ដោយ​បាន​ចោទ​កូន​ប្រុស​ស្នងការ​រង​រូប​នេះ​ថា បាន​បង្ខាំង​រូប​រាង​កាយ និង​ចាប់​រំលោភ​នាង​អស់​រយៈ​ពេល ៤​ខែ​មក​ហើយ បន្ទាប់​មក​​ថែម​ទាំង​លក់​នាង​ទៅ​ឲ្យ​ប្រុស​ផ្សេង​ថែម​ទៀត និង​គំរាម​បាញ់​សម្លាប់​នាង​ផង​ដែរ។

បើ​តាម​គេហ​ទំព័រ​នគរបាល​ជាតិ កូន​ប្រុស​ស្នងការ​រង​នគរបាល​ខេត្ត​ព្រៃវែង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន បន្ទាប់​ពី​មាន​បញ្ជា​ពី​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ