លោក ឈុំ សុជាតិ៖ ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការងមិនទាន់ផ្លូវការ

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ​

ក្រសួង​ការ​ពារ​ជាតិ​បញ្ជាក់​ថា​លិខិត​ស្តីពី​ការ​តែង​តាំង​កូនលោកនាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន គឺ​លោក​ ហ៊ុន ម៉ាណែត ក្នុង​តំណែង​ជា​អគ្គ​មេ​បញ្ជា​ការ​រង និង​ជា​មេទាហាន​ជើង​គោកនោះ​​ នៅ​មិនទាន់​ជា​លិខិត​ផ្លូវការ​នៅឡើយ​ទេ។ ​

ក្រសួង​ការ​ពារ​ជាតិ​បញ្ជាក់​ថា​លិខិត​ស្តីពី​ការ​តែង​តាំង​កូនលោកនាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន គឺ​លោក​ ហ៊ុន ម៉ាណែត ក្នុង​តំណែង​ជា​អគ្គ​មេ​បញ្ជា​ការ​រង និង​ជា​មេទាហាន​ជើង​គោកនោះ​​ នៅ​មិនទាន់​ជា​លិខិត​ផ្លូវការ​នៅឡើយ​ទេ។ ​

​ក្នុង​លិខិត​មួយ​ច្បាប់​ដែលបាន​បែក​ធ្លាយតែ​មិន​មាន​ចុះ​ថ្ងៃ​ខែនោះ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ​លោក ទៀ បាញ់ បានសម្រេច​តែង​តាំង​លោក ហ៊ុន ម៉ាណែត​ ដែល​បច្ចុប្បន្ន​ជា​នាយរង​សេនា​ធិការចម្រុះឲ្យ​ឡើង​ជា​មេបញ្ជា​ការរងនៃ​កងយោធ​ពល​ខេមរភូមិន្ទ និង​មាន​តួនាទី​បន្ថែម​២​ទៀត​គឺ ជា​នាយ​សេនាធិការ​ចម្រុះ​ស្តីទី និង​ជាមេ​បញ្ជាការ​កង​ទ័ពជើងគោក​ស្តីទី។

ក្នុង​លិខិត​នោះក្រៅ​ពី​លោក ហ៊ុន ម៉ាណែត នាយឧត្តម​សេនីយ សៅ សុខា ដែល​បច្ចុប្បន្នជាអគ្គ​​មេបញ្ជាការរង​កង​យោធពល​ខេម​រ​ភូមិន្ទ ក៏​ត្រូវ​បាន​ដំឡើង​ទៅ​ជា​អគ្គ​មេបញ្ជាការ​ស្តី​ទី​នៃ​កង​ទ័ព​ជាតិ​ផងដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការ​ពារជាតិ​លោក ឈុំ សុជាតិ មាន​ប្រសាសន៍​ថាលិខិត​នោះ​នៅ​មិន​ទាន់​ជា​ផ្លូវ​ការនោះ​ទេ ដោយ​ថា​នៅពេល​ខាង​មុខ​ទើប​មាន​លិខិត​ផ្លូវ​ការ​ អាច​ប្រើ​ប្រាស់​ជា​ព័ត៌មាន​បាន។

ខ្លឹម​សារ​នោះគេសរសេរ​តើ​ប្អូន ប៉ុន្តែ​គ្រាន់​តែ​ជា​ផ្លូវ​ការ​គេ​អត់​ទាន់​គ្រប់​គ្រាន់​ជា​លិខិត​រដ្ឋ​បាល​ ខ្វះ​កាល​បរិច្ឆេទ និង​អត់​មាន​ថ្ងៃ​ខែ អញ្ចឹងលិខិត​ហ្នឹង​អត់​ទាន់​ជា​ផ្លូវ​ការ​ទេ

អ្នក​នាំពាក្យ​ក្រសួង​ការ​ពារជាតិ​លោក ឈុំ សុជាតិ

ការ​បែក​ធ្លាយ​ពី​ការ​ដំឡើង​ឋានៈ​អ្នក​ទាំង​ពីរ​នេះគឺ​បន្ទាប់ពី​អគ្គ​មេបញ្ជាការ​កង​ទ័ព​ជាតិលោក ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​​រ​ងលោក គន់​ គីម និង​លោក មាស​ សុភា នឹង​ត្រូវ​បានព្យួរតួនាទីបណ្តោះអាសន្ន ដើម្បី​ឈរ​ឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​នា​​ខែ​កក្កដា ខាង​មុខ​នេះ​៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។