មេធាវីការពារក្ដីឲ្យអ្នកវិភាគនយោបាយ លោក គឹម សុខ ដាក់លិខិតជាលើកទី២ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំអនុញ្ញាតឲ្យកូនក្ដីរបស់ខ្លួនបាននៅក្រៅឃុំបណ្ដោះអាសន្នមុនតុលាការជំនុំជម្រះនៅពេលខាងមុខនេះ។
កន្លងមកតុលាការក្រុងភ្នំពេញធ្លាប់បដិសេធសំណើរបស់លោក ជូង ជូងី ជាមេធាវីម្ដងរួចហើយដែលទាមទារឲ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំនោះ។ ចំណែកសាលាឧទ្ធរណ៍និងតុលាការកំពូលក៏ធ្លាប់បដិសេធដូចគ្នានេះដែរដោយសំអាងថា ការសម្រេចរបស់តុលាការជាន់ទាបដែលមិនឲ្យលោក គឹម សុខ នៅក្រៅឃុំនោះធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។
ប្រាប់អ្នកសារព័ត៌មានក្រោយដាក់សំណើដល់ដៃតុលាការនៅព្រឹកនេះលោកមេធាវី ជួង ជូងី ឲ្យដឹងថា នេះជាលើកទី២ហើយដែលលោកស្នើសុំតុលាការ អនុញ្ញាតឲ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយលោកថា ជាគោលការណ៍តាមផ្លូវច្បាប់គឺគ្មានភាពចាំបាច់ណាមួយត្រូវឃុំខ្លួនលោក គឹម សុខ ទៀតនោះទេ ក្រោយតុលាការបញ្ចប់ការស៊ើបសួរករណីនេះរួចហើយនោះ។
លោកបន្ថែមថា «ពីព្រោះលោក គឹម សុខ គាត់មិនពេញចិត្តទៅហ្នឹងការឃុំគាត់ទេ គាត់អះអាងថា គាត់អត់បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ ហើយផ្លូវច្បាប់ជាគោលការណ៍គាត់មានសេរីភាពជាគោលការណ៍លុះត្រាតែមានលក្ខណៈពិសេស ឬក៏មានភាពចាំបាច់ទើបឃុំខ្លួនគាត់ ប៉ុន្តែក្នុងរឿងនេះលោក គឹម សុខ ក៏ដូចខ្ញុំដែរ គឺមើលឃើញថា វាអត់មានភាពចាំបាច់អីត្រូវឃុំខ្លួនគាត់ទេ ហើយម្យ៉ាងទៀត តុលាការបានស៊ើបអង្កេតចាប់សព្វគ្រប់អស់ហើយរងចាំតែជំនុំជម្រះក្នុងរឿងអង្គសេចក្តីប្រសិនបើរកទៅ លោក គឹម សុខ អត់ប្រព្រឹត្តបទល្មើសត្រូវឲ្យគាត់រួចពីបទចោទ ប៉ុន្តែបើរកឃើញគាត់ប្រព្រឹត្តបទល្មើស ពេលដែលសាលក្រមស្ថាពរនឹងអនុវត្តតាមការសម្រេចរបស់តុលាការទៅ អញ្ចឹងមុនការសម្រេចជា ស្ថាពរយ៉ាងណានោះគឺមានសិទ្ធិសុំឲ្យតុលាការដោះលេងគាត់គ្រប់ពេលវេលា»។
ប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា តុលាការកំពុងធ្វើការពិនិត្យទៅលើនីតិវិធីសំណើនេះ ដោយថាមិនអាចឆ្លើយបានភ្លាមៗទេ។
កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួនលោក គឹម សុខបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី។
តុលាការក្រុងភ្នំពេញបានជូនដំណឹងរួចហើយចំពោះការបិទការស៊ើបសួរករណីនេះ ហើយថានឹងបើកសវនាការអង្គសេចក្ដីនៅរសៀលថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះ។
កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹង លោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ បន្ទាប់ពីអ្នកវិភាគរូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយករណីឃាតកម្ម លោក កែម ឡី។
ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ដោយចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែកមុខរកឃាតកមិនឃើញ៕