បុរសដែលសមត្ថកិច្ចចាប់ខ្លួនថ្ងៃមង្គលការ តុលាការចោទថាប្រមាថលោក ហ៊ុន សែន​

លោក សាន់ រដ្ឋា ដែលសមត្ថកិច្ចចាប់ខ្លួន (រូបពីហ្វេសប៊ុក)

សាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់បុរសម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនថ្ងៃចូលរោងការ ពីបទជេរប្រ​មាថ​ថ្នាក់ដឹកនាំជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ហើយបច្ចុប្បន្នបុរសនោះត្រូវ បញ្ជូនទៅឃុំ ខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។

សាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់បុរសម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនថ្ងៃចូលរោងការ ពីបទជេរប្រ​មាថ​ថ្នាក់ដឹកនាំជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ហើយបច្ចុប្បន្នបុរសនោះត្រូវ បញ្ជូនទៅឃុំ ខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម លោក ជុំ ណារ៉ាន់ ប្រាប់វីអូឌីនាថ្ងៃនេះថា កាលពីថ្ងៃទី១១ ខែកុម្ភៈ​តុលាការបានសម្រេចចោទនិង ឃុំខ្លូនឈ្មោះ សាន់ រដ្ឋា នៅពន្ធនាគារបណ្ដោះអាសន្ន ដើម្បីឲ្យចៅក្រម សួរចម្លើយជននោះបន្ថែមទៀត បន្ទាប់ពីយុវជន រូបនេះ បានទទួលស្គាល់ការនិយាយរបស់ខ្លួនកន្លងមក ។

លោកថា៖ «នៅមិនទាន់បញ្ចប់ការស៊ើបសួរផង ទើបបើកការស៊ើបសួរ អញ្ចឹងក្នុងច្បាប់គេ អនុញ្ញាតឲ្យធ្វើការ ស៊ើបសួរ៤ខែ។ អញ្ចឹងបទល្មើសដែលគេចោទគឺ ជេរប្រមាថ និងបទញុះញង់អញ្ចឹងទើបបើកការស៊ើបសួរទេ»។

លោក សាន់ រដ្ឋា ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួន ថ្ងៃចូលរោង​ការកាលពីថ្ងៃទី៨ខែកុម្ភៈ។ ការចាប់ខ្លួននេះ បន្ទាប់លោក សាន់ រដ្ឋា រិៈគន់រដ្ឋាភិបាលក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមគណនីយហ្វេសប៊ុកឈ្មោះ «បងថាកូនខ្មែរប្រចាំខេត្តកំពង់ចាម»។

បងប្អូនជីដូនមួយ លោក សាន់ រដ្ឋា គឺលោក វ៉ន់ វង់ ថ្លែងថា លោក សាន់ រដ្ឋា រស់នៅជាមួយម្ដាយចាស់ មានជីវភាពក្រលំបាក។ លោកស្នើឲ្យមានការដោះលែង ព្រោះថា ប្អូនរបស់លោកធ្លាប់សុំទោស ចំពោះទង្វើរបស់ខ្លួនកន្លងមករួចហើយ។​

លោកថា៖ «មិនគួរចាប់ទេ វាសុំទោសហើយ គួរតែលើកលែង វាជ្រុលជ្រោះបានសុំទោសហើយហ្នឹង បើថាមិនបាន សុំទោសទៅចេះតែតាមប្រមាញ់ តាមចាប់ ព្រោះសុំទោសហើយគួរតែលើកលែង យល់គ្នាព្រោះគ្នាអត់ ព្រោះក្រអត់ ហើយ រៀបការហ្នឹង អាប្អូនក៏គ្មានលុយទេ ខាងស្រីទេអ្នករៀប»។

មន្រ្តីស៊ើបអង្កេតនៃអង្គការអាដហុកប្រចាំខេត្តកំពង់ចាម លោក មាន ព្រហ្មមុនី លើកឡើងថា ទាក់ទការរិៈគន់នេះ រដ្ឋាភិបាលគួរតែធ្វើការអប់រំ ជាងការចាប់ខ្លួនយកមកដាក់ទោសទណ្ឌ ដោយសារ ការរិៈគន់នេះ ដើម្បីឲ្យមានការកែប្រែនូវចំណុចខ្វះខាតចំនួនរបស់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ។

លោកថា៖ «គាត់អត់ដែលជេរប្រមាថអីធ្ងន់ធ្ងរ គាត់គ្រាន់តែរិះគន់ ក្នុងនាមជាយុវជន ចង់ឲ្យមានការរីកចម្រើន កុំឲ្យបាត់បង់ ឲ្យមានការងារ ដល់យុវជនធ្វើ ឲ្យគោរពសិទ្ធិកម្មករអញ្ចឹង។ ចំពោះខ្ញុំយល់ឃើញថា តុលាការ រដ្ឋាភិបាលគួរតែអប់រំ ហើយលែងគាត់ឲ្យមាន សេរីភាពវិញ ព្រោះថា ការដែលចោទប្រកាន់គាត់បែបនេះ វាដូចជា ធ្ងន់ធ្ងរចំពោះគាត់ខ្លាំងណាស់ គ្រាន់តែរិះគន់ ហើយប្រទេស ប្រជាធិបតេយ្យ យុវជនគាត់ ត្រូវតែរិះគន់ហើយ ដើម្បីឲ្យអនុវត្តច្បាប់ នីតិរដ្ឋ គោលការណ៍លទ្ធិប្រជាធិបតេយ្យហ្នឹង»។

លោកស្នើទៅរដ្ឋាភិបាល និងស្ថាប័នតុលាការគួរតែធ្វើការពិចារណា និងដោះលែងយុវជន សាន់ រដ្ឋា នេះឲ្យមានសេរីភាពវិញ ​បើពុំនោះទេ វានឹងធ្វើឲ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិកាន់តែខ្លាំង ដោយសារ ពលរដ្ឋជាម្ចាស់ប្រទេសមាន សិទ្ធិក្នុងការរិះគន់ថ្នាក់ដឹកនាំ ដើម្បីកែប្រែរាល់ចំណុចខ្វះ ខាតអនុវត្ត កន្លងមក។

បងជីដូនមួយលោក សាន់ រដ្ឋា គឺ លោក វ៉ន់ វង់ លើកឡើងថា កាលពីថ្ងៃទី៨ ខែកុម្ភៈ សមត្ថកិច្ចចាប់ខ្លួន ប្អូនរបស់លោក ដោយថា ជាប់ពាក់ព័ន្ធនិងរឿងគ្រឿងញៀន ប៉ុន្តែពេលបញ្ជូនទៅខេត្ត សមត្ថកិច្ចប្រាប់មក គ្រួសារគាត់ថា ជាប់ពាក់ព័ន្ធរឿង នយោបាយធ្វើឲ្យប៉ះពាល់ថ្នាក់ដឹកនាំទៅវិញ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។