ស្នងការនគរបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋឈប់ប្រើអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិ បន្ទាប់ពីមានករណីវាយឲ្យរងរបួសធ្ងន់ធ្ងរលើអ្នកបង្ករហេតុដោយគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ។
ក្នុងសេចក្តីអំពាវនាវកាលពីម្សិលមិញ ស្នងការនគរបាលរាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវសកម្មភាពហិង្សាទៅលើអ្នកបើកបរ និងយាន្តយន្ត ក្នុងករណីគ្រោះថ្នាកចរាចរណ៍ ដោយថា គ្រាន់តែចូលរួមចាប់ឃាត់ និងប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមច្បាប់បានហើយ។
សេចក្តីអំពាវនាវដដែល ក៏បានរំលឹកអំពីទោសនៃការបើកបរមិនប្រុងប្រយ័ត្នធ្វើឲ្យអ្នកដទៃរងរបួស និងរត់គេចពីកន្លែងកើតហេតុក្នុងច្បាប់ចរាចរណ៍ផ្លូវគោក និងក្រមព្រហ្មទណ្ឌ ពីបទធ្វើឲ្យខូចខាត អំពើហិង្សា និងបទឃាតកម្មដោយចេតនា ដោយថា អាចប្រឈមនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគាររាប់ឆ្នាំ។
កាលពីដើមសប្តាហ៍នេះ បុរសម្នាក់ត្រូវបានមនុស្សមួយក្រុមវាយប្រហារ និងបំផ្លាញរថយន្ត បន្ទាប់ពីបុរសនោះរងការចោទថា បានបើ់ករថយន្តបុករះ និងរត់គេចខ្លួន។
បុរសអ្នកបើកបរនោះ ដែលក្រោយមកត្រូវបានគេដឹងថាជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យនោះ រងរបួសធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅក្រៅប្រទេស។
ទាក់ទងបញ្ហានេះ គេក៏ឃើញមានការរិះគន់ចំពោះករណីនេះតាមបណ្តាញសង្គមផងដែរ ដោយខ្លះបន្ទោសលើអ្នកបើកបរបង្ករហេតុ ខ្លះបន្ទោសលើអ្នកប្រើអំពើហិង្សាដាក់អ្នកបើកបរ និងខ្លះទៀតរិះគន់ទៅលើប្រព័ន្ធគ្រប់គ្រងប្រទេស៕