អាមេរិក​នឹង​កំណត់​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​ទំហំ​ដល់​ទៅ​៦០​ពាន់​លាន​ដុល្លារ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​កំណត់​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​មាន​តម្លៃ​ដល់​ទៅ ៦០​ពាន់​លាន​ដុល្លារ ហើយ​នឹង​ដាក់​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​កំណត់​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​មាន​តម្លៃ​ដល់​ទៅ ៦០​ពាន់​លាន​ដុល្លារ ហើយ​នឹង​ដាក់​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍។

ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​មួយ​នេះ បាន​ចុះផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋបាល​​ជាន់​ខ្ពស់​មួយ​រូប​ ដែល​បាន​ជជែក​អំពី​បញ្ហា​នេះ​ជាមួយ​​សេតវិមាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ប្រភព​ដែល​បាន​ជ្រាប​ពី​បញ្ហា​នេះ​ដោយ​ផ្ទាល់​នោះ បាន​និយាយ​ថា ការ​កំណត់​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន ដែល​ស្ថិត​នៅ​ផ្នែក​ស៊ើប​អង្កេត​លើ​កម្មសិទ្ធិ​បញ្ញា​​នៅ​ក្រោម​ច្បាប់​ពាណិជ្ជកម្ម​អាមេរិក​ឆ្នាំ​១៩៧៤​នោះ អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ពេល​អនាគត​ដ៏​ឆាប់​ខាង​មុខ​នេះ។

ខណៈ​ដែល​ការ​កំណត់​យក​ពន្ធ​គយ​នេះ នឹង​ធ្វើ​ឡើង​តែ​ទៅ​លើ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា វិស័យ​អេឡិចត្រូនិច និង​ទូរគមនាគមន៍​នោះ វិធានការ​ថ្មី​នេះ អាច​នឹង​កាន់​តែ​ទូលាយ​ថែម​ទៀត ហើយ​ទំនិញ​ដែល​អាច​ស្ថិត​នៅ​ក្រោម​ការ​កំណត់​ឲ្យ​បង់​ពន្ធគយ​នោះ អាច​មាន​រហូត​ដល់ ១០០​មុខ​ឯណោះ៕

ក្រុង​វ៉ាស៊ីងតោន កំពុង​តែ​កំណត់​យក​ពន្ធ​គយ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ចិន ដើម្បី​ដាក់​ទណ្ឌកម្ម​ពួកគេ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​វិនិយោគ​របស់​ចិន ដែល​បង្ខំ​ក្រុមហ៊ុន​អាមេរិក ឲ្យ​បោះ​បង់​​ការ​លាក់​បាំង​អាថ៌​កំបាំង​ផ្នែក​បច្ចេកវិទ្យា​របស់​ពួកគេ ជា​ថ្នូរ​ទៅ​នឹង​ការ​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​នៅ​ក្នុង​ប្រទេស​នេះ រួម​ជាមួយ​ការ​ចោទ​ថា បាន​លួច​កម្មសិទ្ធិ​បញ្ញា។

Reuters បាន​ចុះ​ផ្សាយ​បន្ថែម​ថា ទំហំ​ពាណិជ្ជកម្ម​ដែល​ចិន​នាំ​ចូល​ទៅ​អាមេរិក មាន​ចំនួន​ដល់​ទៅ ៣៧៥​ពាន់​លាន​ដុល្លារ​អាមេរិក ច្រើន​ជាង​អាមេរិក​នាំ​ទំនិញ​ចូល​ទៅ​ចិន ហើយ​អំឡុង​ពេល​ទីប្រឹក្សា​សេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ប្រធានាធីបតី​ចិន លោក ស៊ី ជិនពីង ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន​នោះ សេតវិមាន​អាមេរិក បាន​ដាក់​សម្ពាធ​លើ​មន្ត្រី​ចិន​រូប​នោះ ឲ្យ​​ឈាន​ទៅ​កាន់​បន្ថយ​គម្លាត​ដ៏​ធំ​នេះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។