លោក សម រង្ស៊ី ថាច្បាប់សញ្ជាតិថ្មីនឹងធ្វើឲ្យបាត់បង់​ទឹកដីខ្មែរដូចកម្ពុជា​ក្រោម​

លោក សម រង្ស៊ី ថ្លែងកាលពីម្សិលមិញ ១៣ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី)

មេដឹកនាំអតីតបក្សប្រឆាំងថ្លែងរិះគន់រដ្ឋាភិបាល ដែលធ្វើវិសោធនកម្មច្បាប់មួយចំនួននៃ​ច្បាប់សញ្ជាតិ ដោយថា​​នឹង​​​ធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ដូចកម្ពុជាក្រោម។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងក្នុង​ហ្វេសប៊ុក​របស់លោក រិះគន់រដ្ឋាភិបាលកម្ពុជា​កាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដើរតាមគន្លងមេដឹកនាំ​សម័យមុនដែលធ្វើឲ្យបាត់បង់ទឹកដី។​ លោក សម រង្ស៊ី ថ្លែងបញ្ជាក់ថា ច្បាប់សញ្ជាតិថ្មីនេះនឹងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីដូចកម្ពុជាក្រោម។

ច្បាប់សញ្ជាតិថ្មីនេះជាអាវុធដ៏មហាគ្រោះថ្នាក់ ធ្វើឡើងតាមបញ្ជាបរទេស ដើម្បីសម្លាប់ជាតិយើង ហើយនិងធ្វើឲ្យប្រទេសកម្ពុជាសព្វថ្ងៃ ក្លាយទៅជាកម្ពុជាក្រោមមួយទៀត

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការ​ធ្វើវិសោធនកម្ម ច្បាប់​ស្តីពីសញ្ជាតិនេះ ដើម្បីការពារបូរណភាពទឹកដី មិនដូច​ការ​លើកឡើងរបស់លោក សម រង្ស៊ី​ នោះទេ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន
ច្បាប់នេះដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា រាល់ការនិយាយរបស់ទណ្ឌិត សម រង្ស៊ី មិនអាច​យកជាការបានទេ ពីព្រោះការធ្វើនយោបាយ​របស់ទណ្ឌិត​ សម រង្ស៊ី វាគ្រាន់តែការសម្តែងឲ្យឃើញចេញពីគំនិតគុំគួន  គំនិតឈ្នានីស ក៏ដូចជា​ការ​​សងសឹកតែប៉ុណ្ណោះ​

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់​ស្តីពីសញ្ជាតិនេះ ជាអាវុធមុខពីរ ដោយថាអាវុធទីមួយអាចធ្វើឲ្យសង្គមមានភាពរីកចំរើន និងមួយទៀតអាច​ធ្វើឲ្យកម្ពុជាវិលទៅដូចសម័យស្តេចជ័យជេដ្ឋាទី២ ដែលធ្វើឲ្យបាត់បង់ទឹកដីខ្មែរក្រោម​។

លោក មាស នី ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលត្រូវ​ប្រុង​ប្រយ័ត្នក្នុង​ការធ្វើវិសោធនកម្មច្បាប់នេះ និងអនុវត្តឲ្យមានភាពសុក្រិត ដើម្បីកុំឲ្យ​ដើរតាមគន្លងស្តេចជ័យជេដ្ឋាទី២។

អ្នកស្រាវជ្រាវពីការអភិវិឌ្ឍសង្គម លោក មាស នី

លោក​ផ្តល់ជាអនុសាសន៍ថា«រដ្ឋាភិបាលគួរតែមានការប្រុង​ប្រយ័ត្ន ក្នុងការពិនិត្យលើច្បាប់[ស្តីពីសញ្ជាតិ] កុំឲ្យចេះតែយល់ព្រមតៗគ្នា ហើយ​ចុង​បំផុត​គ្រោះថ្នាក់ គេទំលាក់មក​លើអ្នកដឹកនាំសម័យនេះ​ជាអ្នកទទួលខុសត្រូវ​នៅមុខ​ប្រវត្តិសាស្ត្រ​រាប់ជំនាន់ រាប់រយឆ្នាំទៀត ដូចជ័យជេដ្ឋាទី២ បើសិនជាធ្វើមិនត្រឹម​ត្រូវ​ »។

ច្បាប់ស្ដីពីសញ្ជាតិថ្មី ដែលព្រឹទ្ធសភាអនុម័តយល់ព្រម​​កាលពីថ្ងៃទី១១ ខែមិថុនានេះ ​ជាមួយ​សំឡេង​គាំ​ទ្រ ៥៩​លើ​សំឡេង ៥៩​នោះ មានចំនួន ១០ ជំពូក និង៣៨ មាត្រា។

យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News ដែលចេញផ្សាយកាលពីខែមេសាកន្លងទៅ ​​មេដឹកនាំវៀតណាមបានស្នើសុំឲ្យ​កម្ពុជា ផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួន ១៧​ម៉ឺន​នាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ