បទយកការណ៍៖ ការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ស្ថិតក្នុងការបារម្ភ

កុមារជនជាតិដើមភាគតិច​ដែល​រៀននៅសាលាពហុភាសា កាលពីពេលកន្លងទៅ (រូបតំណាង)

យើងឃើញថា កុមាមួយចំនួន ដែលគាត់មិនបានយល់ច្បាស់ ពីផលប៉ះពាល់ផ្នែករាង្គកាយ ប៉ះពាល់​ផ្នែក​ច្បាប់។ អញ្ចឹងជំរុញឲ្យគាត់ប្រើប្រាស់គ្រឿងញៀន ដែលជាបទល្មើសមួយ ដែល​ប្រាស​ចាក​ពីច្បាប់​ដែល​យើង​​​បានចែង។

យើងឃើញថា កុមាមួយចំនួន ដែលគាត់មិនបានយល់ច្បាស់ ពីផលប៉ះពាល់ផ្នែករាង្គកាយ ប៉ះពាល់ផ្នែកច្បាប់។ អញ្ចឹងជំរុញឲ្យគាត់ប្រើប្រាស់គ្រឿងញៀន ដែលជាបទល្មើសមួយ ដែលប្រាសចាកពីច្បាប់ដែលយើងបានចែង។ទី២យើងឃើញកុមារ ដែលគាត់បានប្រព្រឹតបទល្មើសអីផ្សេងៗ អត្តសញ្ញាណរបស់គាត់មិនត្រូវបានលាក់បាំង ទៅតាមសិទ្ធិដែលគាត់បានទទួលទេ។

ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់សិទ្ធិកុមារ នូវតែបង្ហាញការព្រួយបារម្ភថា កុមារមួយចំនួន នៅតែត្រូវបានគេរំលោភបំពាន បើទោះបីពេលនេះ កម្ពុជាមានច្បាប់ថ្មី មួយទៀត ស្តីពីយុត្តិធម៌អនីតិជនក៏ដោយ ប្រសិនបើការបញ្ច្រៀបចំណេះដឹងពីខ្លឹមសារច្បាប់នេះ មិនបានដល់មន្ត្រីយុត្តិធម៌គ្រប់លំដាប់ថ្នាក់។

អគ្គលេខាធិការនៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីការពារសិទ្ធិកុមារ CRC ដែលមានអង្គការជាដៃគូចំនួន៥០ លោក សុន ពេញ បានលើកឡើងថា កុមារមួយចំនួន នូវតែបន្តរងគ្រោះ ដោយសារតែខ្វះការមើលថែរ ពីអាណាព្យាបាល ពីសង្គម ដូចជាការប្រើប្រាស់គ្រឿងញៀន ប្រព្រឹត្តិអំពើចោរកម្ម អំពើហិង្សា ពិសេសកុមារដែលរស់នៅគ្មានទីពឹង និងកុមារ ស្ថិតក្នុងគ្រួសារក្រីក្រ។

លោកថា៖ «ដោយសារប្រទេសយើងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬថាជាប្រទេសក្រីក្រ ។អញ្ចឹងការបំពេញតម្រូវការជាមូលដ្ឋាន របស់មនុស្សវានៅមានកម្រិត។អញ្ចឹងកុមារមួយចំនួនដែលគាត់រស់នៅក្នុងគ្រួសារក្រីក្រ គាត់អាចធ្លាក់ខ្លួនទៅជាប្រើប្រាស់គ្រៀងញាណ លួច ឆក់ ផ្លន់ ដែលប្រាសចាកពីច្បាប់ និងបទល្មើសផ្សេងៗដែលសង្គមស្អប់ខ្ពើម។ ប៉ុន្តែពេលខ្លះគាត់អត់ចង់ទេ ក្នុងភាពជាកុមារ របស់គាត់ ប៉ុន្តែយើងសង្កេតឃើញថា ពេលខ្លះគាត់ខ្វះការយល់ដឹង ខ្វះការអប់រំ គាត់ឈានទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដែលវាប្រាសចាកពីច្បាប់ ហើយប្រាសចាកពីឆន្ទៈរបស់គាត់ផង  គាត់បង្ខំចិត្តធ្វើដោយសារតែការបំពេញបញ្ហាក្រពះ និងបញ្ហាតម្រូវជីវភាពរបស់គាត់»

លោក សុន ពេញ លើកឡើងទៀតថា ក្រៅពីកង្វះការលើកស្ទួយផ្នែកស្មារតី កុមារនិងបន្តរងគ្រោះ បន្ថែមទៀត បើមន្ត្រីយុត្តិធម៌ ចុះអនុវត្តច្បាប់ មិនបានយល់ដឹងស៊ីជម្រៅពីខ្លឹមសារច្បាប់ ឬក៏មានអំពើពុករលួយនោះ ។

លោកថា៖ «ខ្ញុំមើលឃើញមួយជ្រុងទៀត ទាក់ទិននឹងយន្តការនៃការអនុវត្តច្បាប់ និងក្រមសីលធម៌ របស់អ្នកដែលមានតួនាទីចុះអនុវត្តច្បាប់ ពេលខ្លះវានៅមានកម្រិត ។ ខ្ញុំឧទាហរណ៍ថា ការអនុវត្តច្បាប់មួយចំនួនទៅលើអនីតិជន ឬក៏ជាកុមារ ឬជាមនុស្សដែលមានអាយុ១៨ឆ្នាំចុះ ពេលខ្លះវាហួសពីកម្រិតទទួលទោសរបស់គាត់ក្នុងនាមជាកុមារបស់គាត់។ ជួនកាលគាត់១២ឬ១៣ឆ្នាំច្បាប់បានចែងថា គាត់អត់ត្រូវផ្តន្ទាទោសគាត់ទេ ប៉ុន្តែដល់ការអនុវត្តគាត់ត្រូវគេដាក់ទោស»

ប៉ុន្តែអ្នកការពារសិទ្ធិកុមាររូបនោះ អះអាងថា ជាការល្អនៅពេលដែលកម្ពុជាមានច្បាប់ដាច់ដោយឡែកមួយទៀត«ស្តីពីយុត្តិធម៌អនីតិជន»។

ច្បាប់ស្តីពី យុត្តិធម៌អនីតិជនមាន១៦ជំពូក និង៨៩មាត្រា។ ច្បាប់នេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦ដោយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង្ស សូត។

មាត្រា៧នៃច្បាប់នេះថា «នីតិភាពនៃនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ។ ប៉ុន្តែតុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើងទៅ»

ចំណែកមាត្រា១៣ចែងថា «អនីតិជនដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានប្រព្រឹត្តបទលហុ នោះមន្ត្រីនគរបាលយុត្តិធម៌ត្រូវធ្វើការអប់រំណែនាំ ព្រមានដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរ រួចហើយប្រគល់អនីតជននោះទៅតំណាងដែលច្បាប់បានកំណត់ជាបន្ទាន់»។ ក្នុងរករណីអនីតិជនបានសារភាពថាបានប្រព្រឹត្តបទល្មើស ហើយបទល្មើសនោះជាបទលហុ នគរាបាលយុត្តិធម៌អាចធ្វើការសម្រុះសម្រួល រវាងភាគីពាក់ព័ន្ធដើម្បីបញ្ចប់វិវាទ»។

ច្បាប់នោះចែងទៀតថា «អនីតិជនមានអាយុក្រោម១៤ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ ហើយមន្ត្រីនគរបាលយុត្តិធម៌ត្រូវប្រគល់អនីតិជននោះទៅឲ្យអ្នកតំណាងដែលច្បាប់បានកំណត់»

បន្ថែមពីនេះមាត្រា២៣ចែងថា «មន្ត្រីនគរបាលយុត្តិធម៌ មិនត្រូវយកអនីតិជនដាក់បង្ហាមុខជាជួរឡើង កនុងករណីគ្មានការយល់ព្រមជាមុនពិអនីតិជន ។អនីតិជនដែលត្រូវឃាត់ខ្លួនត្រូវដាក់ដាច់ដោយឡែកពិនីតិជន និងទៅតាមភេទ។អនីតិជនមិនត្រូវបានទទួលរងទារុណកម្ម ការបង្ខិតបង្ខំ ការគំរាមកំហែង ការសម្លុតបំភិតបំភ័យ ឬទង្វើណាមួយផ្សេងទៀតដែលមនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់អនីតិជន ឬទទួលរងអំពើអមនុស្សធម៌ណាមួយឡើយ»

លោក សុន ពេញ លើកឡើងដែរថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះ ពិតជាជំនួយស្មាតរតី ក្នុងការជួយលើកកម្ពស់សិទ្ធិកុមារ ដែលបណ្តោយខ្លួនឲ្យធ្លាក់ខ្លួនទៅប្រព្រឹតបទល្មើស។

ប៉ុន្តែលោកថា មន្ត្រីពាក់ព័ន្ធមិនទាន់បានបំពេញកិច្ចការនេះឲ្យបានពេញដៃពេញជើង ដើម្បីចូលរួមចំណែកការពារសិទ្ធិអនីតិជននៅឡើយទេ។លោក ថា ដូចជានៅពន្ធនាគារខ្លះនៅបន្តឃុំខ្លួន អនីតិជន ជាមួយមនុស្សពេញវ័យនៅឡើយ ហើយក្រសួងសង្គមកិច្ចក៏មិនទាន់បានបង្កើតប្រព័ន្ធជួយដល់អនីតិជន ដែលខ្វះទីពឹង និងកុមារ រស់នៅក្នុងគ្រួសារក្រីក្រ នៅឡើយទេ បើប្រៀបធៀននឹងប្រទេសមួយចំនួននោះ។

លោកថា៖ «ពីមុនមកយើងអត់មានច្បាប់ណាដាច់ដោយលែងការពារកុមារ ឬក៏ច្បាប់ស្តីពីយុត្តិធម៌អនីតិជន [ដូចពេលនេះទេ]។ បើនៅប្រទេសផ្សេងៗគេមានដល់ទៅតុលាការកុមារទៀត ។បានន័យថា នៅពេលណាកុមារប្រព្រឹត្តបទល្មើសគេមានប្រព័ន្ធតុលាការគេមួយដើម្បីដោះស្រាយបញ្ហាហ្នឹង។ ប៉ុន្តែដោយឡែងយើងមើលនៅកម្ពុជាយើងមានតែតុលាការ ប្រព័ន្ធយុត្តិធម៌ យើងមានតែតុលាការទូទៅ តុលាការស៊ីវិល អីផ្សេងៗទៀតអញ្ចឹងទៅ វាអត់មានតុលាការណាជាក់លាក់ ឬមន្ត្រីយុត្តិធម៌ជំនាញណា ដែលធ្វើការជាមួយកុមារ។ខ្ញុំឧទាហរណ៍ថា នៅពេលដែលមានកុមារប្រព្រឹត្តបទល្មើស គាត់សួរចម្លើយ គាត់ធ្វើដូចមនុស្សចាស់ដែរ។ ធម្មតាគាត់មានការភ័យខ្លាច ចង់មិនចង់ពេលឃើញមុខប៉ូលីស អារឿងហ្នឹងមិនពិតផង គាត់ខ្លាច គាត់សារភាពបាត់ទៅហើយ តាមពិតរឿងហ្នឹងអត់ពិតទេ ដល់ពេលគាត់ភ័យ គាត់អត់មានមេធាវី អត់មានបុគ្គលិកសង្គមកិច្ចជួយ ផ្តល់ជំនឿផ្តល់ភាពកក់ក្តៅឲ្យគាត់ គាត់សារភាពបាត់ហើយ»។

បើតាមមន្ត្រីសង្គមស៊ីវិលរូបនោះ បើរដ្ឋាភិបាលនៅតែគ្មានលទ្ធភាពបង្កើតមណ្ឌលថែរទាំឬបណ្តុះបណ្តាលកុមារ ដែលគ្មានទីពឹង និងកុមារដែលងាយរងគ្រោះ រួមទាំងការពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ផងនោះ កុមារជាច្រើនទៀតនឹងនៅតែបន្តរងគ្រោះ បើទោះបីរដ្ឋាភិបាលបានបង្កើតច្បាប់ថ្មីនេះក៏ដោយ។

អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់ក្រសួងមហាផ្ទៃលោក ជីវ ផល្លី អះអាងថា លោកគ្មានទិន្នន័យ ពីចំនួនអនីតិជន ដែលត្រូវបាន រំលោភបំពាន ដោយនគរបាលយុត្តិធម៌ ដែលអនុវត្តច្បាប់ទេដោយលោកគ្រាន់តែអះអាងថា មុនមានច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះ លោកថា នគរបាលយុត្តិធម៌បាន អនុវត្តតាមក្រមព្រហ្មទណ្ឌ ដែលមានស្រាប់។

ប៉ុន្តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ចន្ទ័មករា ពន្យល់ថា ច្បាប់ថ្មីនេះ មានវិសាលភាពការពារប្រយោជន៍អនីតិជន បានប្រសើជាងមុន ។

លោកថា៖«មុនពេលច្បាប់ចេញ យើងអនុវត្តក្រមរដ្ឋបវេនី និងនីតិវិធីព្រហ្មទណ្ឌ ។ប៉ុន្តែក្រមទំាងពីរនេះហាក់មិនទាន់បានផ្តោតសំខាន់ទៅលើឧត្តមប្រយោជន៍ របស់បងប្អូនកុមារទេ ។ប៉ុន្តែក្រោយច្បាប់ការពារអនីតិជនយើងចេញទៅ យើងផ្តោតសំខាន់ចាប់ផ្តើមរាប់អាយុយកតែម្តង ។ពីមុនឡើយយើងចាប់រាប់ថា១៦ឡើងលើ១៦ចុះក្រោមអីអញ្ចឹងទៅ ឬ១៨ឆ្នាំចុះជាអនីតិជនអីអញ្ចឹងទៅ។ប៉ុន្តែមានច្បាប់ខ្លះគេរាប់ត្រឹម១៥ឬ១៦អញ្ចឹងទៅ។ប៉ុន្តែច្បាប់ថ្មីយើងនេះ យើងរាប់ត្រឹម១៦ចុះក្រោម អញ្ចឹងខុសតែមួយថ្ងៃក៏យើងចាត់ទុកថាគាត់ជាអនីតិជន ដែលត្រូវការពារដោយច្បាប់នេះដែរ។ អញ្ចឹងខ្ញុំគិតថាជាការប្រើសើងជាងមុន ហើយខ្ញុំគិតថា កុមារថ្មីបើគាត់បានប្រព្រឹត្តបទល្មើសមែន ប៉ុន្តែយើងក៏ទទួលស្គាល់សិទ្ធិកុមារ តាមអនុសញ្ញាស្តីពីសិទ្ធិកុមារដែលមានអាយុក្រោម១៨ឆ្នាំហ្នឹង គាត់ក៏ត្រូវទទួលស្គាល់ថាជាមនុស្សមិនបានដឹងក្តីដូចមនុស្សពេញវ័យដែរ»។

លោក ឯម ច័ន្ទមករា អះអាងថា មកដល់ពេលនេះក្រសួងគ្មានតួរលេខបញ្ជាក់ពីចំនួនអនីតិជនដែល ខ្វះទីពឹងត្រូវបានក្រសួងយកមកបណ្តុះបណ្តាលទេ។ប៉ុន្តែលោកថាតាមរយៈច្បាប់ថ្មីនេះអនីតិជនជាង៧០០នាក់ ដែលកំពុងឃុំខ្លួន នឹងត្រូវបានបំបែកចេញពីមនុស្សពេញវ័យយកមកដាក់នៅមណ្ឌលស្តារនីតិសម្បទាមួយនៅខេត្តកណ្តាល ដែលោកថា គ្រោងធ្វើហើយនៅពេលឆាប់ៗនេះ។

លោកថា៖ «យើងមានតែអនីតិជនដែលគាត់នៅក្នុងមន្ទីរកសាង ចំនួន៧៤៥នាក់។ដែល៧៤៥នាក់ហ្នឹងជាជនសង្ស័យ ជនត្រូវចោទ និងទណ្ឌិត ។ហើយអ្នកទាំងជាង៧០០នាក់ហ្នឹងយើងគ្រោងថា ក្រោយពីមជ្ឈមណ្ឌល យើងធ្វើហើយនៅខេត្តកណ្តាលហ្នឹង យើងនឹងយកពួកគាត់ចេញពីមន្ទីរ កសាងហ្នឹង ទៅដាក់នៅមជ្ឈមណ្ឌលស្តារនីតិសម្បទារបស់យើង»។

ទោះជាយ៉ាងណាអគ្គលេខាធិការនៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលការពារសិទ្ធិកុមារ លោក សុន ពេញ អះអាងថា ការមានច្បាប់ល្អ និងបង្កើតមណ្ឌលដើម្បីជួយកុមារជារឿងមួយ ប៉ុន្តែលោកថាការពង្រឹងប្រសិទ្ធិភាពការអនុវត្តច្បាប់ ជារឿងមួយទៀត ទើបអាចធានាថាកុមារងាយរងគ្រោះ ត្រូវបានការពារដោយច្បាប់។

លោកថា៖ «មានតែមណ្ឌលអត់ទាន់គ្រប់គ្រាន់ទេ មានមណ្ឌលហើយត្រូវមានស្តង់ដា ដើម្បីធានានៃការរស់នៅរបស់គាត់មួយកម្រិត ពង្រឹងស្តងដា ពង្រឹងប្រព័ន្ធគ្រប់គ្រងក្នុងមណ្ឌលហ្នឹង ឲ្យមានស្តង់ដាមួយដែលអាចឲ្យកុមាររស់បាន។ ព្រោះស្ថានភាពមួយចំនួនយើងមើលទៅស្ថានភាពកុមារ រស់នៅតាមចញ្ចឹមផ្លូវ ហាក់ដូចជាលំបាក ហើយយើងមើលទៅថាកុមារ ហ្នឹងទំនងជាចង់រស់នៅក្នុងមណ្ឌលហើយ ។ប៉ុន្តែដល់ពេលយើងយកគាត់ទៅដាក់ក្នុងមណ្ឌលគាត់រត់ចេញពីមណ្ឌលវិញ។អាហ្នឹងហើយដែលពេលខ្លះយើងអត់ទាន់បានបំពេញតម្រូវការរបស់គាត់ ដែលអាចធ្វើឲ្យគាត់អាចរស់នៅក្នុងមណ្ឌលប្រកដោយភាពសុខដុមរមនាបាន»

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។