បទយកការណ៍៖ ទិដ្ឋភាពទូទៅសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន

ពិធីសែនក្នុងថ្ងៃចូលឆ្នាំចិន (មាស មុនី)

ដោយ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សង្គម​កម្ពុជា​ទៅ​ហើយ​នោះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ខ្សែ​ស្រឡាយ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ជាមួយ​នឹង​ការ​ចំណាយ​យ៉ាង​ធំ​ទៅ​លើ​ការ​រៀបចំ​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​បរទេស​មួយ​នេះ។

ដោយ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សង្គម​កម្ពុជា​ទៅ​ហើយ​នោះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ខ្សែ​ស្រឡាយ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ជាមួយ​នឹង​ការ​ចំណាយ​យ៉ាង​ធំ​ទៅ​លើ​ការ​រៀបចំ​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​បរទេស​មួយ​នេះ។

ជា​អាជីវករ​ម្នាក់​នៅ​ម្ដុំ​ផ្សារ​ដើមគរ អ្នកស្រី ជុំ ស្រស់ ដែល​ស្ថិត​ក្នុង​វ័យ​ជាង ៤០​ឆ្នាំ​នោះ បាន​អះ​អាង​ថា អ្នកស្រី​មាន​ខ្សែ​ស្រឡាយ​កាត់​ចិន។ កំពុង​លក់​បណ្ដើរ និង​ឆ្លៀត​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​បណ្ដើរ អាជីវករ​រូប​នេះ បាន​ឲ្យ​ដឹង​ថា គ្រួសារ​អ្នក​ស្រី​ចំណាយ​ថវិកា​យ៉ាង​តិច ៥០០​ដុល្លារ ទៅ​លើ​ការ​ទិញ​សម្ភារៈ​សម្រាប់​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ចិន ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ។

បើ​តាម​ស្ត្រី​រូប​នេះ ថវិកាក្នុង​ទំហំ​ប៉ុណ្ណេះ ត្រូវ​បាន​ចំណាយ​ទៅ​លើ​​ម្ហូប​អាហារ ភេសជ្ជៈ គ្រឿង​ប្រដាប់​សម្រាប់​ពិធី​សែន​ព្រេន និងតុប​តែង​លម្អ​គេហដ្ឋាន និង​កញ្ចប់​ក្រហម​ ដែល​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​កាត់​ស្រឡាយ​ចិន​ហៅ​ជា​ទូទៅ​​ថា «អាំងប៉ាវ» សម្រាប់​ចែក​ជូន​ក្មេងៗ និង​ចាស់​ទុំ​ជា​ដើម។

អ្នកស្រីនិយាយថា៖ «មុនចូលឆ្នាំ[ចិន]មួយថ្ងៃទៅរៀបចំអីវ៉ាន់នៅផ្ទះ ដើម្បីសុខសប្បាយ ហេង ហេង រកស៊ីមានបានចូលឆ្នាំចិន​»។

បើតាមប្រតិទិន ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​​ចិន​ក្នុង​ឆ្នាំ​២០១៨​នេះ ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ហើយ​វា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ទីក្រុង​ហុងកុង ដែនដី​ម៉ាកាវ កោះ​តៃវ៉ាន់ និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ដូចជា​វៀតណាម សិង្ហបុរី និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជំនឿ​ដែល​ជឿ​ថា ដើម្បី​បួង​សួងសុំ​ពរ​ជ័យ សេចក្ដី​សុខ​សប្បាយ និង​ភាព​រីក​ចម្រើន​ដល់​ក្រុម​គ្រួសារ​នៅ​ក្នុង​ឆ្នាំ​ថ្មី។

ឈរក្បែចិញ្ចឹមផ្លូវម្តុំផ្សារដេប៉ូ លោក អ៊ឹង ជា បាន​អះអាងថា លោក​មាន​ឈាម​ជ័រ​កាត់​ខ្សែ​ស្រឡាយ​ចិន​ផង​ដែរ។ លោក​បានរៀប​រាប់ថា គ្រួសារគាត់ និងសាច់​ញាតិ​លោក ​នឹង​នាំគ្នារៀបចំបាយ​សម្ល​បន្តិច​បន្តួច​សម្រាប់​សែន​នៅ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន​​នៅផ្ទះ ដោយថា ជា​ផ្នែក​មួយ​នៃ​ការ​គោរព​តាម​ប្រពៃណី និង​ទំនៀម​ទម្លាប់​ចិន។

លោក​មានប្រសាសន៍ថា៖ «ប៉ាខ្ញុំចេះតែឈឺៗ ក៏មើលគ្រូ​ថា មកពីអត់សែនចូលឆ្នាំចិន​ ក៏សែនទៅ អត់អីវិញ…តាំងពីឆ្នាំ១៩៩០ជាងមក រហូត​មក​​ដល់ឥឡូវ​នេះ​»។

អាជីវករលក់គ្រឿងទេស និងសម្ភារៈបុណ្យចូលឆ្នាំចិន នៅម្តុំផ្សារដើមគ​ អ្នកស្រី គិន ពៀច​ បាន​ឲ្យដឹងថា គាត់លក់​ដាច់ក្រដាសសែន គោម និងសម្ភារៈតុបតែងក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ខណៈ​ពិធី​បុណ្យ​នេះនឹងមក​​ដល់នៅថ្ងៃទី១៦ ខែ​កុម្ភៈ​ស្អែក​នេះ។ អ្នកស្រី អំពាវនាវទៅអ្នក​សែក្នុងចូលឆ្នាំចិនទាំ​ងអស់​ប្រុង​ប្រយ័ត្ន នៅពេលដុតធូប​សែនកុងម៉ា នៅក្នុង​គេ​ហ​ដ្ឋាន​ ដោយថាជៀសវាងភ្លើងឆេះផ្ទះខ្លួនឯង និងអ្នកជិតខាង។

អ្នក​ស្រីអំពាវនាវថា៖ «ឲ្យប្រជាជនខ្មែរ ប្រជាជនចិន ប្រយ័ត្ន​​ ភ្លើងធូប ការពារកុំឲ្យឆេះផ្ទះគេ គ្រប់គ្នា​ អស់អីវ៉ាន់ អស់លុយ…»។

ដោយឡែកប្រជាពលរដ្ឋខ្មែរមួយចំនួនទៀត ដែលអះអាងថា មិនជាប់ខ្សែស្រឡាយចិន បានលើក​ឡើង​ប្រហាក់​ប្រហែលគ្នាថា អ្នកខ្លះធ្វើបាយសម្លរ សែនកុងម៉ានៅផ្ទះ និងខ្លះទៀត​មិនធ្វើនោះ​ទេ ដោយថា​មិនមែនពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ។

អង្គុយលក់គ្រឿងទេសម្តុំផ្សារអូឡាំពិច អ្នកស្រី អ៊ុច ណាវី​ ដែលអះអាងថា ជាជនជាតិខ្មែរនោះ ឲ្យដឹងថា​គាត់និង​គ្រួសារមិនសែនចូលឆ្នាំចិននោះទេ ដោយថាមិន​មែនជា​ចូលឆ្នាំជាតិរបស់ខ្មែរ។ ប៉ុន្តែអ្នក​ស្រី​បញ្ជាក់​ថា នៅថ្ងៃបុណ្យចូលឆ្នាំចិននេះ គាត់នៅតែលក់ដូរ ដើម្បី​រកប្រាក់​ទ្រទ្រង់ជីវភាពគ្រួសារ​។

អ្នកស្រីនិយាយថា៖ «ខ្ញុំអត់សែនទេ ជាប់រកស៊ី លក់ ចិញ្ចឹមកូន​ [រកប្រាក់​]​ ទ្រទ្រង់ជីវភាពគ្រួសារខ្ញុំ»។

សរុប​មក​វិញទាំងអ្នកមានសែស្រឡាយចិន និងអ្នកមិនជាប់ស្រែស្រឡាយ បានអំពាវនាវទៅ​អ្នកបើកបរ​ទាំង​អស់ មានការប្រុងប្រយ័ត្នខ្ពស់​ក្នុងអំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំចិន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ​នេះ​ ពោល «បើផឹក កុំបើកបរ បើបើកបរ កុំផឹក» ដោយថា ដើម្បីការពារ​សុវត្ថិភាព និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

អគ្គស្នងកានគរបាលជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានណែនាំដល់​ប្រធាននាយ​កដ្ឋាន​កណ្ដាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការ​ដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងនូវវិធានការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម នៅ​តាម ទីអារ៉ាម ព្រះវិហារចិន និងរមណីយដ្ឋាន ត្រូវទប់ស្ដាត់ មិនឲ្យ​មាន​បទ​​ល្មើស​ព្រហ្មទណ្ឌណាមួយកើតឡើង ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយ​ក្មេង​ទំនើង នៅ​ក្នុងពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ជនជាតិចិន​ចំនួន៣ថ្ងៃ​នេះផង​ដែរ​​។

ទាក់ទិននឹងជនជាតិចិននេះ ប្រធាន​សមាគម​ខ្មែរ ​ចិន​ នៅ​កម្ពុជា​ លោក​ ពុង ឃាវសែ​ កាលពី​ដើម​ខែកក្កដា បាន​ថ្លែង​ក្នុងក្នុងកម្មវិធីមួយថា​ ប្រជាជន​ដែល​មាន​សញ្ជាតិ​ចិន​ បាននឹង​កំពុង​រកស៊ី​នៅ​​លើ​ទឹក​​ដី​ខ្មែរ ​មាន​រហូត​ដល់​ ២០​ម៉ឺន​នាក់ ​ខណៈ​ប្រជាជន​ចិន និង​អនិកជន​ចិនមក​លេង​នៅ​ប្រទេស​កម្ពុជា ​សរុប​​ជាង​ ១លាន​នាក់ ​ក្នុង​មួយ​ឆ្នាំ​។

កំនើនប្រជាជនចិនមករកស៊ីស្រុកខ្មែរនេះ លោក ពុង ឃាវសែ បញ្ជាក់ថា​​ ដោយ​សារ​តែ​កម្ពុជា​មាន​គោល​នយោបាយ​អំណោយ​ផល​ និង​បើកចំហរ​លើក​ទឹក​ចិត្ត​វិនិ​យោ​គិន​។ ​ទន្ទឹម​នឹង​នោះ​ ​វិនិយោគិន​ចិន​បាន​វិនិយោគ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់​ បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ប្រមាណ​ ៦០ម៉ឺន​នាក់​។

ជាមួយគ្នានោះ​​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឲ្យដឹងដែរថា ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ ២​ពាន់​លាន​ដុល្លារ  ក្នុងនោះប្រទេស​​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា ឈរ​លំដាប់​លេខ​រៀង​ទី១​ ​ជា​ប្រទេស​ដែល​បាន​វិនិយោគ​ផ្ទាល់​មក​កម្ពុជា​ច្រើន​ជាង​គេ ខណៈ​ដែល​ហុងកុង​ឈរ​ក្នុង​លំដាប់​​​លេខ​រៀង​ទី​២៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។