បច្ចុប្បន្នប្រទេសចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក ប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសមហាអំណាចមួយចំនួនទៀត។ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងចិនកំពុងតែពង្រឹងផ្ទៃក្នុងបន្ថែមទៀត និងការពង្រីកឥទ្ធិពលលើប្រទេសនានា ពិសេសប្រទេសក្បែរខាង។
លោក ស៊ី ជីនពីង ជាមេដឹកនាំចិនដែលមានមហិច្ឆតាធំ បានសម្រេចកាលពីចុងឆ្នាំ២០១៧ លុបចោលការដឹកនាំ២អាណត្តិ បើកផ្លូវឲ្យលោកអាចដឹកនាំបានមួយជីវិត។ មេដឹកនាំដែលមានឥទ្ធិពលរូបនេះ នឹងពង្រឹងអំណាចផ្ទៃក្នុង ដែលអាចវាយយកដែនដីតៃវ៉ាន់ក្នុងពេលណាមួយផងដែរ។
យើងពិនិត្យមើលវៀតណាមគឺកាលពីឆ្នាំ២០១៤ មានបាតុកម្មប្រឆាំងចិន បណ្តាលឲ្យមានអ្នកស្លាប់២០នាក់ ហើយកាលពីសប្តាហ៍មុននេះមានការផ្ទុះបាតុកម្មជាថ្មីទៀតពីសំណាក់ពលរដ្ឋវៀតណាមទាំងក្នុងនិងក្រៅប្រទេសប្រឆាំងចិន។ ទោះជាបាតុកម្មនេះជាសកម្មភាពរបស់ពលរដ្ឋ ប៉ុន្តែហាក់មានរូបភាពបើកដៃពីរដ្ឋាភិបាល។
ថ្នាក់ដឹកនាំវៀតណាមក៏តែងតែប្រកាសជាញឹកញាប់ថា ខ្លួនកំពុងរងការឈ្លានពានពីចិន និងទាមទារញឹកញាប់ឲ្យចិនគោរពច្បាប់អន្តរជាតិ។
របាយការណ៍របស់អាមេរិកបង្ហាញថា ចាប់ពីឆ្នាំ២០០៥ ដល់២០១៤ វៀតណាមបង្កើនថវិកាការពារជាតិ៤០០ភាគរយ។ នៅឆ្នាំ២០១៦ អាមេរិកដកទណ្ឌកម្ម លក់ឲ្យវៀតណាមទៀតនោះ បើកផ្លូវវៀតណាមមានឱកាសទិញអាវុធចូលកាន់តែច្រើន។ របាយការណ៍ផ្សាយដោយ រ៉យទ័រ កាលពីខែមេសាបង្ហាញថា វៀតណាមបង្កើតទិញយន្តហោះចម្បាំង Su-3០ និងជើងទម្រការពារមីស៊ីល S-400ពីរុស្ស៊ី។
កត្តាភូមិសាស្ត្រ
បច្ចុប្បន្នចិនកំពុងតែវាទីយកផ្ទៃសមុទ្រចិនខាងត្បូងជាផ្លូវទឹកសំខាន់របស់ពិភពលោក និងសំបូរដោយធនធានមហាសាល។ ចំណែកកោះស្ព្រាតលីដែលកំពុងមានជម្លោះ ចិនបានសាងសង់មូលដ្ឋានទ័ពស្ទើររួចរាល់ហើយដែលមានលទ្ធភាពអាចបាញ់អាវុធមីស៊ីលបាន។
សមុទ្រចិនខាងត្បូងហាក់ដូចជា ខាងមុខផ្ទះរបស់វៀតណាម ចំណែកដីគោកដែលប្រៀបបានខាងក្រោយផ្ទះរបស់វៀតណាមវិញគឺមានកម្ពុជានិងប្រទេសឡាវ កំពុងតែក្លាយជាសម្ព័ន្ធមិត្តស្និទ្ធស្នាលរបស់ចិន។ ចិនបានបោះលុយវិនិយោគបង្ហាញភាពស្និទ្ធផ្នែកសេដ្ឋកិច្ច ហើយចូលកាន់តែជិតសហការនយោបាយ សន្តិសុខ។
ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឡាវ គឺគម្រោងទឹកប្រាក់៧ពាន់លានកំពុងដំណើរការលើគម្រោងតំបន់សេដ្ឋកិច្ច ទំនប់វារីអគ្គិសនី អាជីវកម្មរ៉ែ និងឧស្សាហកម្មដំណាំកៅស៊ូ។ ថ្មីៗនេះចិនដាក់ចេញគម្រោងថ្មីជាមួយឡាវលើគម្រោងតំបន់សេដ្ឋកិច្ចនៅក្នុងខេត្តចម្ប៉ាសាក់មានទឹកប្រាក់ជាង៩ពាន់លានដុល្លារ។
ចំណែកកម្ពុជាដែលទទួលបានការវិនិយោគច្រើនដែរនោះ ហើយទំហំធ្វើពាណិជ្ជកម្មជាមួយចិននឹងកើនឡើង៦ពាន់លានដុល្លារនៅឆ្នាំ២០២០។
ច្បាប់អន្តរជាតិ
វៀតណាមក៏ធ្លាប់រៀបចំដាក់ពាក្យប្តឹងករណីចិនឈ្លានពានទឹកដីរបស់ខ្លួនទៅកាន់តុលាការអន្តរជាតិដែរ។ ប៉ុន្តែក្រោយពេលតុលាការអន្តរជាតិទីក្រុងឡាអេសម្រេចកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៦ ឲ្យហ្វីលីពីនឈ្នះក្តីចិនលើជម្លោះដែនសមុទ្រប៉ុន្តែចិនមិនអនុវត្តតាម វៀតណាមក៏សម្រេចចិត្តឈប់ប្តឹងវិញ។
ដូច្នេះជម្រើសល្អរបស់វៀតណាមដើម្បីត្រៀមទប់ទល់ជាមួយចិនមានតែពង្រឹងខ្លួនឯង និងព្យាយាមទៅទំនាក់ទំនងជាមួយអាមេរិកនិងប្រទេសលោកសេរីផ្សេងទៀត។