លោក សម រង្ស៊ី៖ រដ្ឋអំណាចបណ្តោយឲ្យកសិផលចុះថ្លៃ ធ្វើឲ្យកសិករកាន់តែក្រ

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេសបានរិះគន់រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ថា បណ្តោយឲ្យកសិផលរបស់ខ្មែរធ្លាក់ចុះថ្លៃ ដោយសារការបើកដៃឲ្យឈ្មួញនាំចូលកសិផលពីបរទេសកាន់តែច្រើន នាំឲ្យកសិករខ្មែរកាន់តែក្រីក្រ។

លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ខែកញ្ញានេះថា៖ “កសិកររកទីផ្សារកសិផលមិនបាន តែរដ្ឋអំណាចបើកដៃឲ្យឈ្មួញនាំចូលកសិផលកាន់តែច្រើនឡើងពីបរទេស”។

ប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានលើកឡើងពីការត្អូញត្អែររបស់កសិករថា៖ “ឈ្មួញទិញស្រូវថោកជាងឆ្នាំ២០១៥ គឺឲ្យតម្លៃឡើងចុះតាមតែមាត់ ឧទាហរណ៍ដូចជាប្រភេទស្រូវសែនក្រអូបនៅអំឡុងដើមខែកញ្ញានេះ ឈ្មួញទិញ១តោនប្រមាណ១លានរៀល ហើយមកដល់ថ្ងៃទី១១ ខែកញ្ញា ឈ្មួញទម្លាក់ថ្លៃមកនៅត្រឹមតែ ៧០ម៉ឺនរៀនប៉ុណ្ណោះក្នុង១តោន (គឺ៧០០រៀលក្នុងមួយគីឡូក្រាម)”។

បន្ថែមពីនេះ លោក សម រង្ស៊ី ក៏បានលើកករណីកសិករនៅខេត្តមណ្ឌលគិរីនិងខេត្តក្រចេះ ដែលត្អូញត្អែរពីតម្លៃដំឡូងមីធ្លាក់ថ្លៃនិងពិបាករកទីផ្សារសម្រាប់លក់ ដែលពួកគាត់អះអាងថាការធ្លាក់ថ្លៃនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាព ព្រោះដើមទុនសម្រាប់ធ្វើកសិកម្មនេះខ្ចីពីធនាគារ។ លើសពីនេះទៀត លោកបន្តថាកសិករជាច្រើនពាន់គ្រួសារនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កំពុងតែអស់សង្ឃឹមដោយសារផ្លែល្ពៅដែលពួកគាត់ដាំបាន គ្មានទីផ្សារលក់មិនដាច់ យ៉ាងច្រើនបាន១៥០ទៅ២០០រៀលក្នុងមួយគីឡូក្រាម តែមួយចំនួនធំនៅរលួយចោល។

លោក សម រង្ស៊ី បាននិយាយថា៖ “រដ្ឋអំណាចកម្ពុជាបើកដៃឲ្យឈ្មួញនាំចូលគល់ស្លឹកគ្រៃពីប្រទេសវៀតណាម ប្រមាណ៥០តោនក្នុងមួយថ្ងៃនិងប្រមាណជិត២០០០០តោនក្នុងមួយឆ្នាំៗ ធ្វើឲ្យកសិករខ្មែរខាតបង់ទីផ្សារ”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកជាអ្នកដែលជួបការលំបាកច្រើនជាងគេក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ហើយថារកតែពេលហូបបាយមិនបានផង ដោយសារតែបញ្ហាតម្លៃស្រូវនិងកសិផលផ្សេងៗទៀតរបស់កសិករ។ នាយករដ្ឋមន្ត្រីឆ្លើយតបបែបនេះទៅនឹងអ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ Sysowatt Munyrit ដែលសរសេរក្នុងហ្វេសប៊ុករបស់លោកថា នាយករដ្ឋមន្ត្រីមិនយកចិត្តទុកដាក់បញ្ហាទឹកភ្នែកកសិករដែលលក់កសិផលមិនដាច់។

កាលពីថ្ងៃទី១២ខែកញ្ញា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យមន្ត្រីរបស់ខ្លួនត្រៀមទប់ស្កាត់ឈ្មួញដែលបន្ទាបតម្លៃកសិផលរបស់កសិករ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលធ្វើការផ្នែកកសិកម្មលើកឡើងថា វិធានការរបស់ក្រសួងមិនមានយន្តការច្បាស់លាស់ មិនអាចដោះស្រាយបញ្ហាទុក្ខលំបាករបស់កសិករបានទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ