រដ្ឋាភិបាលគ្រោងបង្ហោះផ្កាយរណបបង្កើនល្បឿនអ៊ីនធឺណែតនៅកម្ពុជា

លោក ហ៊ុន សែន​ (បូ សាវី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីគម្រោងបង្ហោះផ្កាយរណប ដើម្បីបង្កើនល្បឿនអ៊ីនធឺណែតសម្រាប់បំពេញតម្រូវការក្នុងស្រុក តាមបែបបច្ចេកវិទ្យាទំនើបដែលកំពុងរីកចម្រើន។

ការប្រកាសរបស់លោក ហ៊ុន សែន នេះធ្វើឡើងភ្លាមៗ ក្រោយពីរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក លើកឡើងនៅក្នុងពិធីសម្ពោធអាគារក្រសួងនេះថា កម្ពុជាមានអ្នកប្រើស៊ីមកាតទូរសព្ទចល័តជាង១៩លានស៊ីម និងមានអ្នកប្រើប្រាស់អ៊ីនធឺណែតជាង៧លាន១សែននាក់។

ប៉ុន្តែ លោក ត្រាំ អ៊ីវតឹក បន្តថា សេវាអ៊ីនធឺណែតដែលកំពុងបំពេញតម្រូវការនៅកម្ពុជាពេលនេះ ទិញពីក្រុមហ៊ុន របស់ប្រទេសជិតខាងនៅឡើយ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅស្ថាប័នពាក់ព័ន្ធឲ្យស្វែងរកដៃគូ ដើម្បីបង្ហោះផ្កាយរណបដែលលោកថា ដើម្បីឲ្យស្ថាប័នរដ្ឋនិងឯកជនក្នុងស្រុកបានប្រើប្រាស់អ៊ីនធឺណែតក្នុងល្បឿនលឿន ដើម្បីកាត់បបន្ថយការពឹងផ្អែកតែសេវាកម្មបរទេស។

លោកថា៖ «ឧកញា គិត ម៉េង ល្មមដល់ពេលចាប់ដៃគូជាមួយក្រុមហ៊ុនណាមួយ សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសរបស់យើង។ ហើយមិនខាតទេ អត់ខាតទេ បើផ្កាយរណបហ្នឹងបាញ់ឡើងហើយ គឺសេវាទូរគមនាគមន៍ត្រូវជួយអាហ្នឹង ទូរទស្សន៍ទាំងអស់ដែលកំពុងប្រើទិញផ្កាយរណបគេមកប្រើ មកទិញផ្កាយរណបរបស់យើង អត់ខាតទេ។ តែវាត្រូវការវិនិយោគទំហំធំៗ ថ្ងៃក្រោយយើងត្រូវការប្រើច្រើនណាស់អំពីផ្កាយរណបហ្នឹង»។

បើតាមលោក ហ៊ុន សែន ការប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមប្រព័ន្ធអ៊ីនធឺណែតនេះ បានជួយសម្រួលដល់ការទំនាក់ទំនងក្នុងសង្គមផង និងជួយសម្រួលដល់កិច្ចការរដ្ឋាភិបាលផងដែរ ខណៈដែលពិភពលោកកំពុងរីកចម្រើខ្លាំងផ្នែកបច្ចេកវិទ្យានេះ។

ក្នុងពិធីនោះ លោក ហ៊ុន សែន បានព្រមានថា បើមន្ត្រីរដ្ឋាភិបាលណាមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅលើទូរសព្ទដៃទំនើបដែលភ្ជាប់អ៊ីនធឺណែត លោកថាមន្ត្រីនោះនឹងមិនត្រូវបានតម្លើងបុណ្យស័ក្តឬក៏តួនាទីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ