អ្នកគាំទ្រ​រដ្ឋាភិបាល​សម្រេច​លុបចោល​គម្រោង​​ធ្វើ​​បាតុកម្ម​​ប្រឆាំង​​បក្ស​​​សង្រ្គោះ​​ជាតិ

អ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា(រូបថតពីវីដេអូ​ឃ្លី​ប​)

អ្នកគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា(រូបថតពីវីដេអូ​ឃ្លី​ប​)

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអង្គារនេះ បានឲ្យ​ដឹង​ថា​ខ្លួន​សម្រេចលុបចោលគម្រោងធ្វើបាតុកម្មនៅកម្ពុជា ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដោយអះអាងថាដើម្បីកុំឲ្យប្រទេសមានបញ្ហាវឹកវរ។ កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រមានថាប្រសិនបើមានបាតុកម្មប្រឆាំងរូបលោក នៅក្រៅប្រទេសនោះ

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអង្គារនេះ បានឲ្យ​ដឹង​ថា​ខ្លួន​សម្រេចលុបចោលគម្រោងធ្វើបាតុកម្មនៅកម្ពុជា ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដោយអះអាងថាដើម្បីកុំឲ្យប្រទេសមានបញ្ហាវឹកវរ។

កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រមានថាប្រសិនបើមានបាតុកម្មប្រឆាំងរូបលោក នៅក្រៅប្រទេសនោះ ក៏អាចមានបាតុកម្មនៅកម្ពុជាវិញដែរ។ ប្រជា​ពលរដ្ឋខ្មែរអាមេរិកកាំង​បាន​ធ្វើ​បាតុកម្មនៅថ្ងៃ​អង្គារនេះ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដែលកំពុង​ចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។​

អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា លោក សាំង សុង ប្រាប់វីអូឌីនៅរសៀលថ្ងៃអង្គារនេះថាក្រោយពីការប្រជុំនៅព្រឹកនេះ​ ក្រុមរបស់លោកសម្រេចប្រកាសលុបចោល​គម្រោង​ធ្វើបាតុកម្មតបប្រឆាំងនឹង​គណបក្សសង្គ្រោះជាតិនោះ​។ លោកបញ្ជាក់​ថា​មូលហេតុ  ដោយសារអ្នកដែលធ្វើបាតុកម្មនៅសហរដ្ឋអាមេរិកនោះមានចំនួនតិច ហើយការធ្វើបាតុកម្មនោះមិនមានគំនាប​ណាមួយធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថាការលុបចោល​​​នេះគឺដើម្បីរក្សាភាពស្ងៀមស្ងាត់មិនចង់ឱ្យប្រទេសមានភាពវឹកវរនិងចលាចល។

លោក សាំង សុង មានប្រសាសន៍ថា៖ “ក្នុងនាមខ្ញុំជាយុវជនគាំទ្រាំគណបក្សប្រជាជនគឺថាជាអ្នកស្រឡាញ់សន្តិភាព ស្ថិរភាពហើយនិងការអភិវឌ្ឍរបស់ប្រទេសគាំទ្ររដ្ឋាភិបាល គណបក្សប្រជាជនដូច្នេះយើងខ្ញុំមិនចង់ឲ្យមានអំពើហិង្សា មិនចង់ឲ្យមានចលាចលណាមួយក្នុងសង្គមទេ ព្រោះយើងខ្ញុំចង់ការពារបំផុតគឺសន្តិភាព”។

មុនពេលលោក ហ៊ុន សែន ចេញទៅសហរដ្ឋអាមេរិក បុរសពីរនាក់ដែល​ក្នុងនោះមានលោក សាំង សុង ផងដែរ បានចេញមុខតាមប្រព័ន្ធសង្គម​ហ្វ៊េសប៊ុក ដោយ​ប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះជាតិចោល ប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងនេះហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅអាមេរិកនៅពាក់កណ្តាលខែនេះ។ លោក សាំង សុង បានលើក​ឡើង​ថា​៖ “ជាការឆ្លើយតបរបស់ក្រុមសម្ព័ន្ធក៏ដូចជាក្រុមយុវជនគាំទ្ររាជរដ្ឋាភិបាលដែរ ថាយើងខ្ញុំត្រៀមខ្លួនជានិច្ច ហើយអាចឈានទៅដល់ធ្វើបាតុកម្មនៅមុខគណបក្សសបង្រ្គោះជាតិ បើសិនជាក្នុងដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ទៅប្រជុំអាស៊ាននៅរដ្ឋកាលីហ្វញ៉ា ថ្ងៃទី១៥ ១៦នេះ អស់លោក[CNRP]ធ្វើបាតុកម្មប្រឆាំងនឹងលោក[ហ៊ុន សែន] គឺថាយើងខ្ញុំនឹងទៅដល់ទីស្នាក់គណបក្សសង្រ្គោះជាតិ ហើយស្នើឲ្យរដ្ឋសភាជាតិ គឺដកបក្សចង្រៃជាតិ បំផ្លាញជាតិហ្នឹងចោលតែម្តង ចេញពីបញ្ជីបក្សនយោបាយ។មិនខ្វះទេ អត់ពីគណបក្សសង្រ្គោះជាតិមួយ វាមានគណបក្សច្រើនទៀត”

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់​បានអះអាងថាលោកមិនដឹងពីការប្រកាសធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សកាន់អំណាចនេះទេ។ តែលោកថាបើធ្វើបាតុកម្មមែនជាសិទ្ធិរបស់ពួកគេ។

លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃអង្គារ​ថា​អ្នក​ចូលរួម​បាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៦ខែកុម្ភៈ មានទៅដល់១៥០០នាក់ដែលមកពី​រដ្ឋផ្សេងៗ​គ្នា​នៅសហរដ្ឋអាមេរិក​និង​ប្រទេស​កាណា​ដាផងដែរ។​ លោក​បន្ត​ថា​សារសំខាន់នៅក្នុងបាតុកម្មនោះគឺ​ទាមទារ​ឲ្យ​មាន​ការគោរពសិទ្ធិមនុស្ស​និង​សេរីនិង​គោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបានបញ្ជាក់​បន្ថែម​ថា​លោកត្រៀម​ជាញត្តិដាក់ទៅក្រុមការងាររបស់ប្រធានាធិបតីអាមេរិក​ដើម្បីស្នើ​សុំឲ្យ​បង្កើត​ក្រុមទំនាក់ទំនងនៅកម្ពុជាមួយ​ដែលមានចម្រុះប្រទេស​ជា​ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស​​(អាមេរិក អង់​គ្លេស ជប៉ុន ឥណ្ឌនេស៊ី​ ​អូស្រ្តាលី​និងបារាំង) ដើម្បីត្រួតពិនិត្យ​ ឃ្លាំមើលនិង​ជំរុញ​ឲ្យ​មានការគោរ​ពសិ​ទ្ធិមនុស្ស​និ​ងលទ្ធិប្រ​ជា​ធិតេយ្យ​នៅកម្ពុជា។​ លោក​បន្តថា​ក្រុមបាតុករ​ក៏នឹង​ស្នើ​​ឲ្យ​ប្រធា​នាធិបតីអាមេរិក​​រិះ​គន់​ការរំលោ​ភសិទ្ធិ​មនុស្ស​នៅកម្ពុជា​ដោយចំហផងដែរ។​

បើតាមរូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើក​បដាទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះចេញពីតំណែង​ បញ្ឈប់ការរំលោភបំពាន​និង​បញ្ឈប់ការសម្លាប់ជាដើម៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។