លិខិតមិត្តអ្នកអាន៖ពេល​ណា​ទើប​លោក​ សម​ រង្ស៊ី​ ឈប់​ធ្វើ​ជា​អ្នក​ក្លាហាន​ក្នុង​ស្នូក​?

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

នៅឆ្នាំ១៩៩៨  ក្រោយការបង្ក្រាបបាតុកម្មប្រឆាំងរដ្ឋាភិបាល មេដឹកនាំបាតុកម្ម លោក សម រង្ស៊ី បានរត់ចោលបាតុករ ភៀសខ្លួនទៅបាំងកក(រណឫទ្ធិ ក៏រត់ដូចគ្នា)។ ក្រោយមកទៀត ក្នុងសំណុំរឿងដកបង្គោលព្រំដែន លោក សម រង្ស៊ី បានរត់ចោលពលរដ្ឋដែលទៅដកបង្គោលព្រំដែនជាមួយលោក បន្សល់ទុកពួកគេឱ្យជាប់ពន្ធនាគារជំនួស។ ឆ្នាំ២០១៣ លោករត់ចោលបាតុករ ពេលមានការបង្ក្រាប បង្កឱ្យការរិះគន់ពីសំណាក់ពលរដ្ឋមួយចំនួនដែរ ពិសេសពីយុវជន។ រាល់សកម្មភាពទាំងនេះ លោកសុទ្ធតែពន្យល់ថាដើម្បីជាតិ ដើម្បីបក្ស ដើម្បីប្រជាជន ដើម្បីកាត់បន្ថយអំពើហិង្សានិងភាពតានតឹងផ្នែកនយោបាយ…។ ឆ្នាំ២០១៥ មកដល់ឥឡូវនេះ លោកកំពុងនិរទេសខ្លួននៅក្រៅប្រទេស បន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំងហុង ប្ដឹងលោកទាក់ទងនឹងសំណុំរឿងចាស់នៃបទបរិហារកេរ្តិ៍ កាលពី៧ឆ្នាំមុន ដែលលោកនៅតែក៏មិនហ៊ានចូលស្រុកឱ្យតុលាការចាប់ខ្លួនដដែលៗ។ ដោយសារលោកក្លាហានតែសម្តី ថានឹងព្រមឱ្យគេចាប់ខ្លួន នឹងត្រឡប់ចូលស្រុកមិនភ័យខ្លាចគុកច្រវាក់ ទើបលោក កែម ឡី ដាក់រហស្សនាមឱ្យលោកថា«អ្នកក្លាហានក្នុងស្នូក» ពោលគឺក្លាហានតែមិនដែលបញ្ចេញសកម្មភាពក្លាហានឱ្យគេឃើញ សម្ងំតែក្នុងស្នូក ដំបូងថាត្រឡប់ ចូលស្រុកវិញ ក្រោយមកក៏ផ្លាស់ប្តូរ។ ដូចលោក កែម ឡី, លោក អ៊ូ វីរៈ បានយល់ស្របដែរថាលោក សម រង្ស៊ី គួរតែក្លាហានវិលចូលស្រុកវិញទៅតាមការសន្យាជាសាធារណៈរបស់លោក។ លោក សម រង្ស៊ី ក៏បានថ្លែងការពារខ្លួនវិញ តាមរយៈកាសែតThe Cambodia Dailyចុះផ្សាយថ្ងៃទី៤ ឧសភា ថា៖ «នៅព្រឹកថ្ងៃទី១៦នោះ ខ្ញុំបានដឹងថាសភាដែលគ្រប់គ្រងដោយបក្សប្រជាជនកម្ពុជា បានដកហូតអភ័យឯកសិទ្ធិរបស់ខ្ញុំដោយខុសច្បាប់ ដែលដូចជាបានដកអាវុធការពារខ្លួន សម្រាប់សមរភូមិផ្លូវច្បាប់ដែលខ្ញុំត្រៀមសម្រាប់ប្រតិបត្តិការនៅហ្នឹងកន្លែង។ បន្តិចក្រោយមក ខ្ញុំក៏ទទួលទូរស័ព្ទមកពីឯកអគ្គរដ្ឋទូតមួយរូបនៃប្រទេសជាមិត្តមួយ បាននាំសារពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបដែលមានបំណងល្អ សុំឲ្យខ្ញុំពន្យារពេលការវិលត្រឡប់របស់ខ្ញុំ ដោយទុកពេលឲ្យគាត់ ធ្វើការរកដំណោះស្រាយបន្ថយភាពតានតឹង ដ៏គ្រោះថ្នាក់ជាមុនសិន»។

កាលពីថ្ងៃទី១៧ ខែមេសា, លោកបានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុបារាំង ដោយឆ្លើយផ្សេងខុសពីផ្តល់ឱ្យ Daily តបនឹងសំណួរមួយដែលលោក ហេង ឧត្តម សួរថាលោក នែលសុន ម៉េនដឺឡា បានជាប់គុកស្ទើរពេញមួយជីវិត(២៧ឆ្នាំ) ហេតុអ្វីលោកដែលប្រកាសដើរតាមម៉េនដឺឡា មិនហ៊ានចូលគុក? លោកបានដោះសាថាលោកជាមេទ័ពមិនអាចឱ្យគេចាប់ខ្លួនឡើយ។ ចម្លែកត្រង់ថាលោកប្រកាសខ្លួនជាអ្នកប្រជាធិបតេយ្យបែរជាលើកឧទាហរណ៍ពីមេដឹកនាំកុម្មុយនិស្តជាច្រើនអំពីការមិនឱ្យចាប់ខ្លួននេះនៅក្នុងបទសម្ភាសន៍ ហើយលោកឆ្លៀតលើកឧទាហរណ៍ថាបើសម្តេចឪឱ្យវៀតណាមចាប់ខ្លួន ស្រុកខ្មែរនឹងចប់ ក្លាយជាកម្ពុជាក្រោមមួយទៀតមិនខានឡើយហើយ។

មិនចម្លែកទេដែលលោកធ្វើនយោបាយលើប្រជាប្រិយភាពសម្តេចតា ត្បិតគណបក្សកាន់អំណាចនិងគណបក្សរាជានិយមក៏ធ្លាប់ធ្វើបែបនេះដូចគ្នា។ តើការអះអាងនេះត្រឹមត្រូវតាមភស្តុតាងទេ? តាមលោក ដេវិឌ ឆាណ្ឌល័រ នៅក្នុងស្នាដៃ ប្រវត្តិសាស្ត្រខ្មែរ បានសរសេរ «នៅពេលសម្តេចព្រះសីហនុ បានយាងចេញពីស្រុកទេសដើម្បីវិស្សមកាលប្រចាំឆ្នាំរបស់ព្រះអង្គ នៅក្នុងខែមករា ឆ្នាំ១៩៧០ មានមនុស្សជាច្រើនបានបកស្រាយការយាងចេញដំណើរនេះថាជាការលបរត់»។ អ្នកវិភាគជាច្រើនតែងបន្ទោសក្រុមអ្នកធ្វើរដ្ឋប្រហារព្រះអង្គ ឯយើងវិញយល់ថា យ៉ាងហោចណាស់ក៏ព្រះអង្គត្រូវទទួលខុសត្រូវមួយផ្នែកដែរ ព្រោះបើព្រះអង្គមិនចាកចេញពីប្រទេសពេលស្រុកមានអាសន្នធ្ងន់ទាំងក្នុងទាំងក្រៅ ក៏គ្មានរដ្ឋប្រហារកើតឡើងដែរ ក្នុងនោះរួមមានវិបត្តិនយោបាយទាក់ទងនឹងការលូកដៃក្នុងសង្គ្រាមវៀតណាមនិងវិបត្តិសេដ្ឋកិច្ចសង្គមដែលកើតចេញកាស៊ីណូរដ្ឋ ធ្វើឱ្យពលរដ្ឋញៀនល្បែង ធ្លាក់ខ្លួនក្រ ធ្វើអត្តឃាត កើតចោរកម្ម គ្រួសារជាច្រើនក្ស័យធន…។ ដូច្នេះសម្តេចតាក៏ត្រូវបានគេយល់ថារត់ចោលស្រុកយករួចខ្លួន មិនមែនតែលោក សម រង្ស៊ី ម្នាក់ឯងទេ។

បើគេលើកឡើងពី ម៉េនដឺឡា ក៏គួរលើកពី មហាត្មា គន្ធីនិងអ៊ុងសានស៊ូជី ដែរ ត្បិតលោកក៏ប្រកាសថាដើរតាមមេដឹកនាំពីររូបខាងក្រោយនេះដូចគ្នា។ តាមគេហទំព័រ Gandhi Heritage Portal គន្ធី យ៉ាងហោចណាស់ក៏ចូលគុក១៩ដងដែរ ប៉ុន្តែរយៈពេលជាប់ឃុំរបស់លោកជារឿយៗត្រូវបានបន្ធូរបន្ថយ។ សម រង្ស៊ី ដែលចាត់ទុកខ្លួនជា«អ៊ុងសានស៊ូជីនៅកម្ពុជា»  កុំថាដល់ទៅក្លាហានដូចលោកស្រីដែលហ៊ានឈរពីមុខកាណុងកាំភ្លើងរបស់ក្រុមយោធារ សូម្បីជាប់ឃុំក្នុងផ្ទះរយៈពេលបីឆ្នាំ(ដែលក្រោយមកត្រូវបន្ធូរបន្ថយត្រឹម១៨ខែ) ក៏យើងពុំទាន់ឃើញលោកហ៊ានធ្វើដែរ។ បើការចាប់ខ្លួនមេដឹកនាំតែងធ្វើឱ្យចលនាបរាជ័យ ហេតុអ្វីឥណ្ឌាទទួលឯករាជ្យពីអង្លេស ហើយរបបរើសអើងពួកស្បែកខ្មៅនៅអាហ្វ្រិចខាងត្បូងដួលរំលំ? គេអាចសួរបកវិញថា ចុះហេតុអ្វីចលនាប្រជាធិបតេយ្យរបស់ស៊ូជីបរាជ័យ បើលោកស្រីព្រមឱ្យរដ្ឋអំណាចចាប់ខ្លួនដូចតែគ្នាហ្នឹង? Erica Chenoweth អ្នកជំនាញខាងយុទ្ធនាការអហិង្សាបានពន្យល់ថា «របៀបដែលតួនាទីអចិន្ត្រៃយ៍របស់មេដឹកនាំប្រកបដោយឥទ្ធិពល (Charismatic Leader) មានចំពោះចលនា អាចប៉ះពាល់លើលទ្ធភាពនៃប្រជាធិបតេយ្យទៅថ្ងៃអនាគត។ ចលនាដែលពឹងផ្អែកលើអ្នកដឹកនាំដែលមានឥទ្ធិពលកាន់តែខ្លាំង នោះដំណើរផ្លាស់ប្តូរទៅកាន់ប្រជាធិបតេយ្យកាន់តែពិបាក ពីព្រោះ[ប្រព័ន្ធ]នយោបាយមានទំនោរទៅបុគ្គលជាជាងស្ថាប័ន។ ការពឹងផ្អែកខ្លាំងពេកលើបុគ្គលិកភាពតែមួយក្នុងរបៀបដឹកនាំនៅក្នុងចលនាទំនងជាកម្រិតយុទ្ធនាការពីចំណុចគន្លឹះណាមួយ។ ក្នុងករណីប្រទេសភូមា ត្រកូលគ្រួសាររបស់លោកស្រី អ៊ុង សានស៊ូជី រារាំងលោកស្រីពីការបើកកុងតាក់សំខាន់មួយនៃអានុភាពចលនា ពោលគឺ ការបែកខ្ញែកក្នុងក្រុមយោធា ដែលទំនងជាចាំបាច់សម្រាប់ជោគជ័យរបស់យុទ្ធនាការអហិង្សា» ព្រោះលោកស្រីមិនចង់ឲ្យមានការបែកបាក់ក្នុងចំណោមកងទ័ព ត្បិតពួកគេជាសមិទ្ធផលរបស់ឪពុកលោកស្រី។ នេះបានសេចក្តីថាយុទ្ធនាការដែលមិនពឹងផ្អែកនៅលើតែមេដឹកនាំម្នាក់ ទោះចាប់មេដឹកនាំនោះក៏មិនជះឥទ្ធិពលដល់ជោគជ័យនៃចលនាដែរ។ លោក សម រង្ស៊ី លើកពីមេទ័ពមិនត្រូវឱ្យគេចាប់គឺជួយបំពេញភស្តុតាងឱ្យអ្នកដែលអះអាងថាគណបក្សនេះគ្មានយន្តការប្រជាធិបតេយ្យផ្ទៃក្នុងបក្សនិងដឹកនាំតាមរបៀបមេបក្សនិយម ឯការប្រកាសធ្វើវិមជ្ឈការផ្ទៃក្នុងបក្សរបស់លោក កឹម សុខា រិតតែជួយបញ្ជាក់ពីការអះអាងនេះ គឺមកពីសមាជិកគ្មានអំណាចសម្រេចទើបរាល់ការចរចាត្រូវចាំមេសម្រេច ទើបឥឡូវប្រឹងធ្វើវិមជ្ឈការទៅថ្នាក់ក្រោម។ ភាពក្លាហានរបស់មេដឹកនាំតែងធ្វើឱ្យរដ្ឋអំណាចខ្លាច មិនហ៊ានឃុំខ្លួនយូរឡើយ ព្រោះវាដុតប្រជាជនឱ្យខឹងសម្បារ អាចផ្ទុះទៅជាចលនាតវ៉ាពាសពេញប្រទេសផងដែរ ត្បិតនៅពេលមេដឹកនាំក្លាហានហើយ អ្នកត្រូវគេដឹកនាំក៏ក្លាហានដែរ។

លោកមេធាវី ង៉ែត ហៀន ក្នុងសៀវភៅ «ឧត្តមគតិ លោក អៀវ កើស» បោះពុម្ពឆ្នាំ១៩៧១ (មិនមែនបោះពុម្ពក្នុងសម័យសង្គមរាស្រ្តនិយម) ដែលជាមនុស្សជំនិតនិងជំនួយការរបស់លោក អៀវ កើស បានរំឭកថា «មនុស្សអ្នកនយោបាយកសាងជាតិពិតប្រាកដត្រូវតែទទួលលទ្ធផល ៣យ៉ាង៖ ទី១ ត្រូវស្លាប់ខ្លួន ព្រោះសេចក្តីស្មោះត្រង់នឹងជាតិ។ ទី២ ត្រូវជាប់គុក ព្រោះសេចក្តីស្មោះត្រង់នឹងជាតិ។ ទី៣ ត្រូវរត់ចោលស្រុក ចោលប្រទេស ព្រោះសេចក្តីស្មោះត្រង់នឹងជាតិ»។ ទ្រឹស្តីនេះកើតចេញពីព្រឹត្តការណ៍គប់គ្រាប់បែកចោលទៅក្នុងរដ្ឋសភា ធ្វើឃាតលោក អៀវ កើស និងគ្រោះថ្នាក់នានាកើតចេញការតស៊ូរំដោះពីនឹមអាណានិគមបារាំង។ លោក ង៉ែត ហៀន បានពណ៌នាអំពីពេលគ្រាប់បែកហោះចូលរដ្ឋសភា ថា«ខ្ញុំដែលមានជីវិតរស់នៅនេះ ព្រោះតែសម្តីលោក [អៀវ កើស] ប្រាប់ខ្ញុំថាមាននរណាចោលអ្វី ខ្ញុំក៏ស្ទុះក្រោកឡើង បើកុំតែខ្ញុំស្ទុះក្រោកឡើង អម្បែងគ្រាប់បែកមួយផ្នែកទៀត នឹងត្រូវចំពោះខ្ញុំដល់ស្លាប់តែម្តង ប៉ុន្តែខ្ញុំរស់រានមានជីវិតនេះ មកពីសំដីរបស់លោកនោះហើយ។» តាមសៀវភៅភាសាខ្មែររបស់លោក អៀវ កើស វិញ «នៅចុងឆ្នាំ១៩៤៩ លោកបានដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅប្រទេសបារាំង ។ លុះបានឆ្លៀតព្យាបាលរោគ រួចត្រឡប់មកប្រទេសយើងវិញ មិនបានប៉ុន្មានថ្ងៃផងស្រាប់តែគ្រាប់បែកដៃ១ បានផ្ទុះឡើងប្រហារជីវិតលោក ក្រោយពេលដែលលោកទើបនឹងបានបិទសម័យប្រជុំគណៈកម្មការធិការនាយកនៃគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ វេលាម៉ោង៦ ល្ងាច។ ពាក្យបណ្តាំមុនផុតដង្ហើមរបស់លោកជាពាក្យជ្រាបដោយធម៌អហិង្សា»។ លោក អៀវ កើស គិតតែប្រាប់អ្នកដទៃឱ្យគេច មិនបានគិតពីខ្លួនឯង ទើបលោកពលី ហើយបានជួយសង្គ្រោះជីវិតកល្យាណមិត្តរបស់លោក ផ្ទុយពីលោក សម រង្ស៊ី ដែលមានអង្គរក្សពលីការពារលោក នៅក្នុងព្រឹត្តិការណ៏បោកគ្រាប់បែកនៅមុខរដ្ឋសភា ៣០ មីនា ១៩៩៧។ មុនករណីរបស់លោក សម រង្ស៊ី តាមសៀវភៅ «បណ្ណាសាកម្ពុជា» ដោយលោក Joel Brinkley ទំព័រ៩៩ បានឱ្យដឹងថា«ការវាយប្រហារដោយគ្រាប់បែកដៃមួយ [បានកើតឡើង] នៅឆ្នាំ១៩៩៥ ទៅលើទីស្នាក់ការគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បន្ទាប់ពីរដ្ឋាភិបាលបានបដិសេធមិនអនុវត្តឱ្យគណបក្សនេះដង្ហែក្បួន។

លោក ហ៊ុន សែន ធ្លាប់បានព្រមានតាមកញ្ចក់ទូរទស្សន៍ជាតិរួចហើយថាបើលោក សឺនសាន ប្រធានគណបក្សនេះនៅតែបន្តធ្វើសមាជគណបក្សទៀត ហើយអំពើហិង្សាកើតឡើង ប្រហែលអាចមានរហូតដល់ការគប់គ្រាប់បែកដៃ លោកនឹងឱ្យអ្នករៀបចំទទួលខុសត្រូវដោយខ្លួនឯង។ លោកបានមានប្រសាសន៍ថា៖ “បើអ្នកឯងបំពានចំណាត់ការរបស់ខ្ញុំ ខ្ញុំនឹងវាយប្រហារអ្នកឯងហើយ បន្ទោសអ្នកឯងថាធ្វើឱ្យខូចខាតទៀត”។ ដោយសារវប្បធម៌ទណ្ឌភាព ការព្រងើយកន្តើយរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលមិនដែលព្យាយាមវែកមុខឃាតក ធ្វើឱ្យសាធារណមតិតែងចោទថា រដ្ឋាភិបាលនៅពីក្រោមការធ្វើឃាតផ្នែកនយោបាយទាំងឡាយ។ ករណីទាំងនេះបានបង្ហាញថាតាក់ទិចគប់គ្រាប់បែកនេះមានប្រជាប្រិយណាស់សម្រាប់អ្នកមានអំណាចយោធា ហើយក៏បានជួយតេស្តទ្រឹស្តីលទ្ធផលធ្វើនយោបាយស្លាប់ ជាប់គុកនិងនិរទេសខ្លួនដែរ។  រួចផុតពីគ្រាប់បែកមែន តែបទពិសោធន៍នេះនៅតែតាមលងលោក សម រង្ស៊ី ទើបលោកនៅតែបាក់ស្បាត រត់គេចទៅបរទេសជាច្រើនលើកជាច្រើន ធ្វើឱ្យគូប្រជែងរបស់លោកនៅតែប្រើតាក់ទិចដដែលៗទៅលើលោក ព្រោះលោកនៅតែខ្លាចនិងធ្វើឱ្យតាក់ទិចនេះមានប្រសិទ្ធភាពបណ្តេញលោកចេញពីស្រុកបានរហូត។

ទ្រឹស្តីធ្វើនយោបាយត្រូវរត់ចោលស្រុកក៏ត្រូវបានអ្នកនយោបាយខ្មែរខ្លះយកធ្វើជាលេសបិទបាំងភាពកំសាករបស់ខ្លួន ឯលោក កែម ឡី បដិសេធទ្រឹស្តីនេះចោលទាំងស្រុង។ តាមពិតទៅ សម្រង់បញ្ជាក់ខាងលើមានបីចំណុច ស្លាប់ គុក រត់ចោលស្រុក ជាទ្រឹស្តីកើតចេញពីអ្នកពលី មិនមែនចេញពីអ្នកក្លាហានក្លែងក្លាយទេ ការចុចយកតែចំណុចចុងក្រោយមកធ្វើសំអាងគឺជាការបកប្រែទ្រឹស្តីទៅតាមជម្រើសចង់រត់យករួចខ្លួនរបស់អ្នកបកប្រែប៉ុណ្ណោះ។ សមគួរណាស់ដែលលោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបាននិយាយការពារមេបក្សរបស់លោកអំពីការនិរទេសខ្លួនទៅបរទេសត្រូវខ្មែរកម្ពុជាក្រោមខឹងសម្បារដាក់ ព្រោះលោក សឺន គុយ បានពលីជីវិតដើម្បីរក្សាប្រពៃណីនិងវប្បធម៌កម្ពុជាក្រោម មិនមែនរត់ចោលកម្ពុជាក្រោមដើម្បីកម្ពុជាក្រោមនោះទេ។ អំណះអំណាងដែលថា ទោះលោកពលីក៏មិនអាចរំដោះកម្ពុជាក្រោមបានដែរគឺជាការវាយតម្លៃប្រសិទ្ធភាពនៃការពលីខុសហើយ ព្រោះបើលោក សឺន គុយ រត់យករួចខ្លួនវិញ កម្ពុជាក្រោមនឹងបាត់បង់អត្តសញ្ញាណ ពលរដ្ឋនឹងបាក់ទឹកចិត្ត ត្បិតគ្មានបុគ្គលគំរូ។ នេះជាឥទ្ធិពលនៃគំរូរបស់លោកមេបក្សទៅលើសមាជិកនិងអ្នកគាំទ្រទាំងមូល។ ទីបំផុត លោកនៅតែព្រមថ្លែងសូមទោសខ្មែរក្រោម ដែលការទទួលស្គាល់កំហុសនេះ ទុកថានៅមានទំនួលខុសត្រូវខ្លះដែរ។ ចុះតំណាងរាស្រ្តបក្សប្រឆាំង លោកអ៊ុំ សំអាន វិញ ម៉េចមិនទទួលយកគំរូក្លាហានក្នុងស្នូកនេះដែរទៅ? ខ្លះយល់ថា លោកចង់ការពារជំហរខ្លួនឯងថាលោកគ្មានទោស ធ្វើដើម្បីជាតិ លោកធ្វើត្រឹមត្រូវនិយាយការពិត ចំណែកយើងវិញយល់ថា លោក សំអាន ចង់បង្ហាញថា លោកមានសមត្ថភាពធ្វើជាប្រធានគណបក្ស ធ្វើបានល្អជាងប្រធានរបស់លោក ទើបលោកហ៊ានចូលស្រុកឱ្យរដ្ឋាភិបាលចាប់ខ្លួន មិនធ្វើតាមគំរូមេបក្ស។ លោក សម រង្ស៊ី មិនអាចពន្យល់ដដែលៗទៅកាន់អ្នកគាំទ្ររបស់លោកអំពីជម្រើសនៅក្រៅស្រុករបស់លោក រហូតទេ ពិសេសទៅកាន់ក្រុមយុវជន ព្រោះថ្ងៃណាគេអស់ជំនឿលើ។ បើលោកគិតថាខ្លួនឯងជាមេទ័ព គួរប្រើអំណាចជាមេទ័ពរបស់លោក រៀបចំយន្តការជ្រើសរើសមេដឹកនាំទុកត្រៀមពេលលោកត្រូវគេចាប់ខ្លួន ដើម្បីការពារជម្លោះផ្ទៃទុក ដណ្តើមគ្នាធ្វើមេប្រធាន បើពុំនោះទេ គឺលោកខ្លួនឯងជាអ្នកធ្វើឱ្យតាក់ទិចបំបែកជាមុនវាយប្រហារជាក្រោយរបស់គណបក្សកាន់អំណាចជោគជ័យ៕

ដោយ លោក ទេព រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ