រដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ដម្ភដល់មន្ដ្រីរាជការក្នុងឱកាសបុណ្យភ្ជុំ

រាជរដ្ឋាភិបាលប្រកាសផ្ដល់ប្រាក់ឧបត្ដម្ភដល់មន្ដ្រីរាជការ និងក្រុមគ្រូបង្រៀនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ខណៈសមាគមគ្រូបង្រៀនថា ជាចំនួនតិចតួចមិនអាចជួយជីវភាពរបស់ពួកគេ។

បើតាមហ្វេសប៊ុករដ្ឋមន្ដ្រីក្រសួងព័ត៌មាននៅថ្ងៃសុក្រនេះ លោក ខៀវ កាញារីទ្ធ អះអាងថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅវិមានសន្តិភាព ថ្ងៃទី១៦មិថុនានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់ប្រាក់ឧបត្ដម្ភដល់មន្ដ្រីរាជការនិងក្រុមគ្រូបង្រៀន ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ស្មើនឹងប្រាក់ឧបត្ដម្ភ ដែលផ្ដល់ឲ្យនៅបុណ្យចូលឆ្នាំខ្មែរដែរ។

បើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ អះអាងថា ប្រាក់ឧបត្ដម្ភ​នោះមានចំនួនសរុបដល់ទៅ ៣ម៉ឺនលានរៀល (៣០ ០០០លានរៀល)។

លោក ខៀវ កាញារីទ្ធ សរសេរលើហ្វេសប៊ុកថា៖ «នៅក្នុងពិធីបុណ្យភ្ជំបិណ្ឌខាងមុខ មន្ត្រីរាជការនឹងទទួលបានប្រាក់ឧបត្ថម្ភស្មើនឹងទឹកប្រាក់ឧបត្ថម្ភពេលចូលឆ្នាំដែរ (ចំនាយសរុបប្រហែល ៣០ ០០០លានរៀល)»

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី ឲ្យ VOD ដឹងថា លោកស្រីសាទរចំពោះការផ្ដល់ប្រាក់ឧបត្ដម្ភនេះ។ ប៉ុន្ដែលោកស្រីថា នេះជាចំនួនតិចតួច មិនអាចធ្វើឲ្យជីវភាពគ្រូបង្រៀន និងមន្ដ្រីរាជការល្អប្រសើរឡើងទេ។ លោកស្រីថា ការផ្ដល់ប្រាក់ឧបត្ដម្ភនេះគ្រាន់ជាការលើកទឹកចិត្ត និងជាមធ្យោបាយស្វែងរកការគាំទ្រពីពលរដ្ឋ ក្រោយការបោះឆ្នោតឃុំសង្កាត់ប៉ុណ្ណោះ។

លោកស្រីបន្ថែមថា  រដ្ឋាភិបាលគួរគិតគូរតម្លើងប្រាក់បៀរវត្សន៍ដល់ពួកគេទើបជាការល្អ ដោយថា​ ប្រាក់ខែរបស់ពួកគេសព្វថ្ងៃនៅមានកម្រិតទាប បើធៀប​នឹងតម្លៃទំនិញលើទីផ្សារ ដែលចេះតែឡើងថ្លៃ។

លោកស្រីថា៖ «តាមការពិតទៅ បើយើងប្រៀបធៀបថា ប្រាក់ឧបត្ដម្ភរបស់រដ្ឋាភិបាលចំពោះមន្ដ្រីរាជការ វានៅមានកម្រិតទាបណាស់ ចំពោះការចូលរួមក្នុងពិធីបុណ្យជាតិមួយៗ។ បើសិនជាយើងគិតមើលថា បើចង់បានសំឡេងឆ្នោតពីមន្ដ្រីរាជការ ពីប្រជាពលរដ្ឋ គួរតែរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យខ្ពស់ជាងនេះ ហើយដោះស្រាយនៅរាល់បញ្ហាដែលពួកគាត់កំពុងជួបប្រទះ»។

ដូចគ្នាដែរ អ្នកនាំពាក្យសមាគមមន្ដ្រីរាជការឯករាជ្យលោក ហុង គីម មានប្រសាសន៍ថា ទោះផ្ដល់ប្រាក់ឧបត្តម្ភពេលបុណ្យភ្ជុំក្ដី លោកថា វានៅតែតិចតួច មិនអាចផ្គត់ផ្គង់ជីវភាពមន្ដ្រីរាជការបានឡើយ។ លោកលើកឡើងថា ក្នុងវិស័យឯកជន ការគណនាលើប្រាក់ឧបត្តម្ភ គឺស្មើនឹង២ដងនៃប្រាក់ខែរបស់ពួកគេ ទើបជាការសមរម្យ។

លោកថា៖ «អារឿងគ្រប់ វាមិនគ្រប់ទេ គ្រាន់ជួយអីបន្ដិចបន្ដួចហ្នឹង វាមិនគ្រប់ទេ គ្រាន់តែថា ប្រាក់ខែយើងក៏វាតិច ហើយអាប្រាក់ឧបត្តម្ភពេលបុណ្យទាន វាបានតិចដែរ អញ្ចឹង វាគ្រាន់តែកាត់បន្ថយតិចតូចវាមិនបានច្រើន។ បាទ វិស័យឯកជន ពេលបុណ្យទានអីអញ្ចឹង អាហ្នឹងគេគុណនឹង២»។

ប្រាក់ឧបត្ដម្ភ ដែលរដ្ឋាភិបាលផ្ដល់ឲ្យមន្ដ្រីរាជការនិងក្រុមគ្រូបង្រៀនសម្រាប់បុណ្យចូលឆ្នាំខ្មែរ គឺម្នាក់ទទួលបាន៥ម៉ឺនរៀល។ ប៉ុន្ដែសមាគមគ្រូបង្រៀនឯករាជ្យទទូចឲ្យរដ្ឋាភិបាលតម្លើងប្រាក់ឧបត្ដម្ភនេះដល់១៥ម៉ឺនរៀលសម្រាប់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ