ភាព​យន្ត​បើក​​ឆាក​​របស់​​ពលករ​កូរ៉េ​​ ​​​​វាយ​​​​​លុក​ទីផ្សារ

ផលិត​ករនិងក្រុមសំដែង​រឿង ​​«​​កំពូល​​​ល្ងង់​នៅ​អាស៊ី» (ដោយ វង្ស សុម៉ាលីន)

មានការកត់សម្គាល់គួរសម បន្ទាប់ពីរឿង «កំពូលល្ងង់នៅអាស៊ី» ត្រូវបានគេអះអាងថាជាស្នាដៃនិងជាការបោះទុនទាំងស្រុងរបស់អតីតពលករមកពីប្រទេសកូរ៉េម្នាក់ ដែលក្នុងពេលនេះគឺមិនត្រឹមតែជាថៅកែកុនប៉ុណ្ណោះទេ គឺថែមទាំងមានក្រុមហ៊ុនអចលនទ្រព្យធំមួយនិងមានក្លឹបកម្សាន្តជាមុខជំនួញផ្ទាល់ខ្លួនខុសប្លែកពីជីវិតពលករដែលចប់ការងារនៅក្រៅប្រទេសផ្សេងទៀត។

ក្រៅពីការផលិតខ្សែរឿងខាងលើ ផលិតករជាអតីតពលកររូបនេះក៏ប្រកាសពីមហិច្ឆតាផលិតរឿងដុំនិងរឿងភាគដើម្បីប្រកួតប្រជែងទីផ្សារភាពយន្តនោះផង។

លោក ឡេង ណាវ៉ាត់ត្រា ដែលបានអះអាងថាជាពលករបម្រើការនៅក្នុងប្រទេសកូរ៉េនៅចន្លោះឆ្នាំ២០១០ដល់២០១៥ បានប្រាប់វីអូឌីក្នុងពេលចេញថតរឿង «កំពូលល្ងង់នៅអាស៊ី» នៅម្ដុំជើងភ្នំបាសិទ្ធថា ដោយសារតែការយកលុយបង្កើតលុយតាមរយៈបង្កើតគម្រោងមុខជំនួញពីតូចទៅធំ ទើបធ្វើអោយលោកបានក្លាយជាថៅកែក្រុមហ៊ុនអចលនទ្រព្យធំមួយ ជាម្ចាស់ក្លឹបកម្សាន្ត និងចុងក្រោយក៏បានបោះទុនបង្កើតផលិតកម្មចម្រៀង និងផលិតកម្មភាពយន្តឈ្មោះ Galaxy ក្រោយបញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ។

លោកថាបានចំណាយថវិកាជាច្រើនក្នុងការស្ថាបនាស្ទូឌីយោចម្រៀងនិងរៀបចំក្រុមការងារជំនាញច្បាស់លាស់ មុនពេលដែលលោកសម្រេចចិត្តបង្កើតផលិតកម្មចម្រៀងនិងចុះថតរឿង «កំពូលល្ងង់នៅអាស៊ី» ដែលជារឿងបើកឆាកនេះ។

លោក ឡេង ណាវ៉ាត់ត្រា មានប្រសាសន៍ថាខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» គឺជារឿងទី១ដែលលោកធ្វើឡើងក្នុងគោលបំណងបង្ហាញថា អតីតអ្នកធ្វើការនៅក្នុងប្រទេសកូរ៉េក៏អាចក្លាយជាអ្នកផលិតរឿងឲ្យជោគជ័យបានដែរ ប្រសិនបើបុគ្គលម្នាក់នោះមានឆន្ទៈពេញលេញ។

លោកថាខ្សែរឿងរបស់លោកគ្រោងចំណាយជាង៥ម៉ឺនដុល្លារ ដោយមិនទាន់រាប់បញ្ចូលការចំណាយនានាដើម្បីផលិតកុននេះនៅឡើយផង។

យោងតាមការបញ្ជាក់ខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» គឺជារឿងដែលមានឈុតភ័យរន្ធត់និងកំប្លែង ដោយសារតែភាពល្ងង់របស់តួអង្គ៤រូប ដែលសម្ដែងដោយនាយពែកមី នាយគ្រឿន ឌីជេកណ្ដុរ និងតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា។

លោក ឡេង ណាវ៉ាត់ត្រា បញ្ជាក់ថាខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» ជារឿងដែលលោកគ្រោងនាំចេញយកទៅចាក់បញ្ចាំងឲ្យពលករខ្មែរបម្រើការនៅក្នុងប្រទេសកូរ៉េបានទស្សនា ប្រសិនបើខាងរោងកុនរបស់ប្រទេសកូរ៉េយល់ព្រម។

លោកនិយាយថា៖ “សម្រាប់បទពិសោធន៍កុនខ្ញុំ គឺមានតិច ប៉ុន្តែមុនខ្ញុំបើកផលិតកម្មហ្នឹងខ្ញុំសិក្សាច្រើនមែនទែនជាមួយអ្នកជំនាញកុន! សូម្បីតែបងពែកមី ក៏ដូចជាដៃគូមួយរបស់ខ្ញុំនោះដែរ ទើបខ្ញុំអត់មានភ័យរឿងធ្វើកុនហើយមិនបានល្អ! ”។

ដោយឡែកសម្រាប់វិស័យចម្រៀង លោកថាខ្លួនយល់ដឹងច្រើន ដោយសារតែក្នុងរយៈពេលបម្រើការនៅក្នុងប្រទេសកូរ៉េគឺលោកហាត់រៀននិពន្ធប៉ារ៉ូលច្រៀងនិងចេះបទភ្លេងបានស្ទាត់។

លោក ចែម ចាន់ដ៉ារ៉ា ហៅពែកមី បានអះអាងថាការផលិតរឿង «កំពូលល្ងង់នៅអាស៊ី» លោកពិតជាបានរួមចំណែកជួយឲ្យលេចរូបរាង ដើម្បីកុំឲ្យសាច់រឿងមួយនេះមានឈុតច្រំដែលនឹងរឿងដែលគេផលិតហើយសម្រាប់សាច់រឿង និងជួយពាក់ព័ន្ធនឹងបច្ចេកទេសជួយឲ្យផលិតកម្ម Galaxy មិនស្ថិតក្នុងភាពប្រថុយប្រថាន។

លោកនិយាយថា៖ “ […] រឿងហ្នឹងគឺខ្ញុំជួយគាត់ តាំងពីជួយកែសាច់រឿងគាត់! តាំងពីជួយទាក់ទងឲ្យគាត់ស្គាល់ផលិតករល្អៗ! រឿងហ្នឹងថ្មីតែផលិតកម្មទេ តែបើតួសម្ដែងនិងក្រុមផលិតគឺម្នាក់ៗ មានបទពិសោធន៍ច្រើនឆ្នាំ […] !”។  

លោកថាខ្សែរឿង «កំពូលល្ងង់នៅអាស៊ី» នឹងក្លាយជារឿងទី១របស់អតីតពលករនៅកូរ៉េដែលនឹងទទួលបានជោគជ័យនៅលើទីផ្សារភាពយន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ