បន្ទាប់ពីទទួលរងភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសផ្អាកចរាចរណ៍នៅលើផ្លូវជាតិលេខ ៤ នៅថ្ងៃអាទិត្យនេះ នៅស្រុកភ្នំស្រួច ដោយកំណាត់ផ្លូវជាតិត្រង់ចំណុចអូរវែង ស្ថិតក្រោមទឹកជំនន់។
ទំព័រហ្វេសប៊ុកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហោះសារថា កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងស្រុកសំរោងទង បានសហការចុះឃាត់រថយន្តធំៗ ឲ្យផ្អាកចរាចរណ៍មួយរយៈសិន ខណៈជំនន់ទឹកភ្លៀង បានហូរកាត់កំណាត់ផ្លូវជាតិលេខ ៤។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃនេះថា ភ្លៀងធ្លាក់ ២ថ្ងៃជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងធ្វើឲ្យប៉ះពាល់ដល់ទំនប់សណ្ដរ។
ក្រសួងដដែលនេះ បានប្រកាសកាលពីថ្ងៃទី១២ ខែតុលានេះថា ប្រទេសកម្ពុជានឹងទទួលភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលានេះ៕