ក្រសួងថាជំងឺផ្តាសាយបក្សីកំពុងឆ្លងរាលដាល

រូបភាពពី Star2.com

ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការបរិភោគសត្វស្លាប ដោយសារតែបច្ចុប្បន្ន​នេះ ជំងឺផ្តាសាយបក្សីកំពុងតែឆ្លងរាលដាល នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។​

ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នក្នុងការបរិភោគសត្វស្លាប ដោយសារតែបច្ចុប្បន្ន​នេះ ជំងឺផ្តាសាយបក្សីកំពុងតែឆ្លងរាលដាល នៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស។​

នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី១៤ខែកុម្ភៈថា  ជំងឺផ្តាសាយបក្សីកំពុងឆ្លងនៅស្រុកព្រៃឈរ និងស្រុកចំការលើ ខេត្តកំពង់ចាម ស្រុកស្ទោង ខេត្តកំពុងធំ ខ័ណ្ឌសែនសុខ រាជធានីភំ្នពេញ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និង នៅស្រុកបាភ្នំ ខេត្តព្រៃវែង។ ករណីឆ្លងទាំងអស់នេះគឺរាលដាលលើបក្សីមិនមានឆ្លងលើមនុស្សទេ។​

ក្រសួងបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នដូចជា កុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនឲ្យឆ្អិន​ជាប់ជានិច្ច និងរាយការណ៏ជាបន្ទាន់ទៅមន្រ្តីជំនាញ បើសង្ស័យមានជំងឺផ្តាសាយបក្សី។

របាយការណ៍ក្រសួងសុខាភិបាលបង្ហាញថា  ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសកម្ពុជាធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។

ក្រសួងរំឭកថា រោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីព្យាបាល។​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។