លោក ហ៊ុន សែន អះអាងថាលោកមានភស្តុតាងរឿងអ្នកនយោបាយមានស្រី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោក ហ៊ុន សែន អះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយតែមជ្ឈដ្ឋានជាច្រើន​គិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។

លោក ហ៊ុន សែន អះអាងថាលោកមានរូបភាពអ្នកនយោបាយល្បីឈ្មោះម្នាក់នាំស្រីទៅចូលសណ្ឋាមួយនៅទីក្រុងបាងកកប្រទេសថៃ។ ថ្វីត្បិតតែលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះអ្នកនយោបាយនោះក៏ដោយតែមជ្ឈដ្ឋានជាច្រើន​គិតថា លោកនាយករដ្ឋមន្រ្តីសំដៅដល់លោក កឹម សុខា ដែលកំពុងរងការចោទថាមានអាស្រូវស្នេហា។

នៅចំពោះមុខនិស្សិត​រាប់រយនាក់ក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃនេះលោក ហ៊ុន សែន បានថ្លែងបែបចំអកទៅលើអ្នកនយោបាយម្នាក់ដែលលោកថាមានរឿងនោះតូចទេ ប៉ុន្តែវាបានក្លាយជារឿងធំ។ លោកថ្លែងថា ”មិនឈ្លោះ មិនឆ្លើយ មិនឆ្លង។ ប៉ុន្តែអ្នកដទៃទៀតវាឈ្លោះ វាឆ្លង វាឆ្លើយ បានរឿងវាកើត សូមផ្តាំទៅ! ទៅឆ្លើយថាទេ ខ្ញុំអត់ដែលមាន Passport ខាង Passport គេថាអ្នកឯងធ្វើ។ ថាខ្ញុំអត់ដែលទៅក្រៅប្រទេសអឺបាងកកអ៊ែវេមានសំបុត្រយន្តហោះ​ជិះនៅព្រលានយន្តពោធ៍ចិនតុងមានថតរូបទុក នៅព្រលានយន្តហោះបាងកកមានទុក នៅ​សណ្ឋាគារបាងកកមានទុក។ ចប់បាត់មានស្អីទៀត”។

លោក ហ៊ុន សែន បន្តថាបើនៅតែចោទថារឿងនេះជាការរៀបចំដោយអ្នកនយោបាយលោកបានព្រមានទៀតថារដ្ឋាភិបាលនឹងលូកដៃចាត់ការរឿងនេះ។

លោកព្រមានថា ”នេះគ្រាន់តែបណ្តឹងរបស់ផ្នែកឯកជននិងឯកជនធ្វើការបរិហាកេរ្តិ៍បោក​បញ្ឆោត។ ប៉ុន្តែតែរាលដាល​ដល់សភា ដល់​រាជរដ្ឋាភិបាល គឺរដ្ឋាភិបាលបង្ខំចិត្តត្រូវធ្វើគឺធ្ងន់ហើយ…”។

មន្រ្តីជាន់ខ្ពស់ម្នាក់នៃគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថាលោកមិនបានចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជាជាអ្នករៀបចំរឿងនេះឡើងនោះទេ ហើយថាគណបក្សប្រឆាំងធំជាងគេនេះមិនចាប់អារម្មណ៍រឿងអត់ប្រ​យោជន៍បែបនេះទេ។

លោកមានប្រសាសន៍ថា៖ ខ្ញុំអត់ទៅចោទថាអ្នកណាអ្នកណីទេ។ រឿងនេះជារឿងអត់ប្រយោជន៍។ យើងកំពុងគិតរឿងការងារប្រទេសជាតិធំៗ…

លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យដែលធ្លាប់រស់នៅអាមេរិកមានប្រសាសន៍ថារឿងអាស្រូវ​ផ្លូវភេទបែបនេះអាច​ធ្វើ​ឲ្យបាត់​បង់​ប្រជាប្រិយភាពខ្លះរបស់អ្នកនយោបាយនៅអាមេរិកដោយសារតែ​សារព័ត៌មានគេផ្សាយតែរឿងពិត។ ប៉ុន្តែលោកថាសារព័ត៌មានមួយចំនួននៅកម្ពុជាគឺមិនអាចជឿទុកចិត្តបានទេដូចនេះលោកថាការបន្តផ្សាយរឿងនេះនឹងកាន់តែធ្វើឲ្យគេខឹងគណបក្សប្រជាជនកម្ពុជា ហើយ​​ងាកទៅអាណិតលោក កឹម សុខា វិញ។ លោកលើកឡើងដូចនេះដោយសំអាងថាបុរសភាគច្រើនគឺសុទ្ធតែមានទំនាក់ទំនងបែបនេះគឺជារឿងធម្មតាទៅហើយ។

កាលពីមុនបោះឆ្នោត​ឆ្នាំ២០១៣ ទូរទស្សន៍ស្ទើរតែទាំងអស់​និងសារព័ត៌​មានដែលគាំទ្រគណបក្សកាន់អំណាចគេបាននាំគ្នាបំពងសំឡេងបន្ថែមពីរឿង​ស្រ្តីម្នាក់ដែលចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា។ គេនៅចាំបានថា កាលណោះលោកនាយករដ្ឋមន្រ្តីក៏បានវាយប្រហារចំៗផងដែរទៅលើ​មេដឹកនាំគណបក្សប្រឆាំងរូបនេះ។

ប៉ុន្តែក្រោយការបោះឆ្នោតមិនបានធ្វើគណបក្សរបស់លោក កឹម សុខា និង​លោក សម រង្ស៊ី ថយចុះអសនៈនោះទេ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជាបានរបូតកៅអីអស់ចំនួន២២៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។