កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកនៅទីក្រុងហ្សែន្ត (Ghent) ប្រទេសបែលហ្ស៊ិក។
បើតាមហ្វេសប៊ុក ជើងឯកប៉េតង់ឆ្នាំ២០១៧ទីក្រុងហ្សែន្ត (World Championships Petanque 2017 Ghent) កាលពីយប់ថ្ងៃទី១៦ខែមេសា បានផ្សាយឲ្យដឹងថា កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ មកពីប្រទេសកម្ពុជា គឺជាម្ចាស់ជើងឯកពិភពលោកថ្មី ប្រកួតលើវិញ្ញាសាឯកត្តជនស្ត្រី។
នៅវគ្គផ្តាច់ព្រ័ត្រ កីឡាការិនីប៉េតង់កម្ពុជា បានយកឈ្នះកីឡាការិនីប្រទេសទុយនីស៊ី នាង Mouna BEJI ក្នុងលទ្ធផល ១៣-៧។
អ៊ុក ស្រីមុំ គឺជាកីឡាការិនីទីពីររបស់កម្ពុជា ដែលទទួលមហាជោគជ័យដ៏ធំធេងបែបនេះ។
កាលពីយប់ថ្ងៃទី១០មេសាកន្លងទៅនេះ សហព័ន្ធប៉េតង់កម្ពុជាបានបញ្ជូនកីឡាករ ២រូប និងកីឡាការិនី២រូប ទៅចូលរួមប្រកួតកីឡាជើងឯកពិភពលោកនៅប្រទេសប៊ែលហ្ស៊ីក។ ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី១៣ដល់១៧ ខែមេសា ឆ្នាំ២០១៧៕