ប្រទេសកម្ពុជានិងសាធារណរដ្ឋកូរ៉េ គ្រោងនឹងចំណាយថវិកាប្រមាណជាង៣លានដុល្លារអាមេរិក ដើម្បីពង្រឹងប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមរយៈប្រព័ន្ធអ៊ិនធឺណិត ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០១៨។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយលើគេហទំព័រក្រសួងការងារកាលពីថ្ងៃទី១៦ខែមេសា
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង និង រដ្ឋមន្ត្រីក្រសួងការងារកូរ៉េ លោកស្រី គីម យ៉ុង ជូ បានចុះកិច្ចព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តគម្រោងស្តីពី «ការអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារនិងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ិនធឺណិត (WorkNet)»។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងគ្រោងចំណាយថវិកាចំនួន៣លាន១សែនដុល្លារអាមេរិក ដែលគម្រោងនេះនឹងត្រូវអនុវត្តផ្ទាល់ដោយទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃប្រទេសកម្ពុជា និងភ្នាក់ងារសេវាព័ត៌មានការងារកូរ៉េ (KEIS) នៃសាធារណរដ្ឋកូរ៉េ។ តំណាងរដ្ឋាភិបាលនៃប្រទេសកម្ពុជានិងកូរ៉េខាងត្បូង បានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានទៀតថា គម្រោងពង្រឹងប្រព័ន្ធសេវាការងារនេះតាមអ៊ិនធឺណិតនេះ មានរយៈពេល៤ឆ្នាំ ហើយបែងចែកការអនុវត្តជា៣ដំណាក់កាល ដោយចាប់ផ្តើមនៅឆ្នាំនេះ និងបញ្ចប់នៅក្នុងឆ្នាំ២០២១។
សកម្មភាពសំខាន់ៗនៃគម្រោងស្តីពី «ការអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារនិងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ិនធឺណិត (WorkNet)» រួមមាន ការសិក្សាស្រាវជ្រាវប្រព័ន្ធផ្តល់សេវាការងារសាធារណៈ នៃប្រទេសទាំងពីរ និងការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និងតម្លើងកម្មវិធីកុំព្យូទ័រ (Software)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
វីអូឌី នៅមិនទាន់បានទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននៅឡើយទេ៕