ក្រុមហ៊ុនឯកជនមួយបាននាំចូលគោជិត៣០០០ក្បាលមកពីប្រទេសអូស្តា្រលីដើម្បីធ្វើអាជីវកម្មកាប់សាច់លក់នៅក្នុងប្រទេសកម្ពុជា។
គោអូស្ត្រាលីជិត៣០០០ក្បាលត្រូវបាននាំចូលមកដល់កម្ពុជាតាមផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុនៅថ្ងៃនេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន SLN Meat Supplies។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន SLN Meat supplies លោក ប៊ូរ សូរ៉ាន់ បានឲ្យវីអូឌីដឹងថានេះជាការនាំចូលជាលើកទីមួយរបស់ក្រុមហ៊ុនដែលមានគោចំនួន២៧៦៦ក្បាល ដែលលោកថាក្នុងមួយថ្ងៃក្រុមហ៊ុនអាចធ្វើការកាប់សាច់បានចំនួនចន្លោះពី៦០០ទៅ៧០០ក្បាល។ លោកបានបន្ថែមថាចំពោះតម្លៃសាច់គោនោះគឺប្រហែល១២ដុល្លារអាមេរិកក្នុង១គីឡូក្រាម ដោយចែកចាយទៅកាន់២០ខេត្តរាជធានី។ លោកមិនគិតថាការនាំចូលនេះធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មសាច់គោនៅក្នុងស្រុកនោះទេ ដោយថានេះជាជម្រើសរបស់អ្នកទិញ។
លោកបញ្ចាក់ថា៖ “យើងមិនអាចធ្វើខុសពីស្តង់ដារអូស្ត្រាលីបានទេព្រោះមានអូស្តា្រលីគេមកCheck [ត្រួតពិនិត្យ]គុណភាពដូចគ្នា។ អីចឹងមានន័យថាយើងធ្វើម៉េចអូស្ត្រាលីគេកុំម្មង់តាមបញ្ជាររបស់គេដែរ។ យើងមិនអាចទិញគោហើយយកមកធ្វើស្រេចតែចិត្តបានទេ។ … យើងមិនគិតបែបហ្នឹងទេព្រោះថាជាជម្រើសរបស់អ្នកហូប គាត់ថាអូស្ត្រាលីឆ្ងាញ់គាត់ហូបអូស្ត្រាលីទៅ ព្រោះយើងទីផ្សារសេរីដូចគ្នា”។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មលោក អ៊ាង សុផល្លែត និងប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម លោក កៅ សុផល បាននៅឡើយទេ។
នាយកប្រតិបត្តិអង្គការសេដាកលោក សម វិទូ បានប្រាប់វីអូឌីថាការនាំចូលគោពីបរទេស វាជាតម្រូវការនៃការបរិភោគប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តែលោកយល់ថាការនាំចូលនេះបានធ្វើឲ្យតម្រូវការសាច់គោក្នុងស្រុកថយចុះដែលនេះជាការខាតបង់សម្រាប់ប្រជាកសិករ។ លោកបានឲ្យជាយោបល់ថាក្រសួងកសិកម្មគួរតែផ្តល់នូវបច្ចេកទេសកសិកម្មល្អៗដល់កសិករដែលអាចផ្តល់លទ្ធភាពឲ្យពួកគាត់អាចចិញ្ចឹមគោល្អៗសម្រាប់ធ្វើអាជីវកម្មសាច់បាន។
លោកថា៖ “យើងមានការខាតបងច្រើនសំរាប់ជីវភាពគ្រួសារកសិករយើង មានន័យថាវាត្រូវបានកាត់បន្ថយនូវការផលិតនូវតម្រូវការទីផ្សារសាច់របស់យើង(គោក្នុងស្រុក)។ …ប្រសិនបើយើងចង់ឲ្យមានការផ្គត់ផ្គង់សាច់ដែលល្អដែលខ្ចី មិនស្វិតហ្នឹងនៅក្នុងទីផ្សារ គួរតែមានបច្ចេកទេស ក្រសួងកសិកម្មត្រូវផ្តល់នូវបច្ចេកទេសកសិកម្មល្អៗហ្នឹងទៅដល់កសិករដើម្បីឲ្យពួកគាត់អាចចិញ្ចឹមគោ ជាពិសេសប្រសិនជាអាចបានគឺគោក្នុងស្រុកដែលធន់គឺអាចផ្គត់ផ្គង់ដល់ទីផ្សារ”។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរយៈពេល៣ខែឆ្នាំ២០១៦ បានឲ្យដឹងថាសត្វគោចំនួន១៣ ៨៧៧ក្បាលត្រូវបានសម្លាប់ដើម្បីធ្វើអាជីវកម្មសាច់នៃទីតាំងសត្តឃាតនៅទូទាំងប្រទេសកម្ពុជាមានសរុប១៤២កន្លែង៕