អគ្គនាយកដ្ឋានពន្ធដាអំពាវនាវពលរដ្ឋទៅប្រកាសបង់ពន្ធនិងប្រាក់ផាកពិន័យឱ្យបានមុនដាច់ឆ្នាំ២០១៦

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដា បានអំពាវនាវដល់​រថយន្ត​​គ្រប់ប្រភេទមិនទាន់បានបង់ពន្ធសំរាប់ឆ្នាំ​២០១៦ ​ឲ្យ​ទៅបង់ពន្ធ និងប្រាក់ផាកពិន័យ ឱ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០១៦នេះ។

បើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដា​កាលពីម្សិល​មិញនេះ បានឱ្យដឹងថា ​អគ្គនាយកដ្ឋានពន្ធដា នឹង​បន្ត​ការ​ប្រមូល​ពន្ធ​រយៈ​ពេល​មួយ​ខែ​ទៀតលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទរបស់ពលរដ្ឋដែលមិនទាន់បង់ពន្ធសំរាប់ឆ្នាំ​២០១៦​នេះ។ ស្ថានប័ននេះ បានស្នើរឱ្យ​ពលរដ្ឋទាំងនោះ ទៅប្រកាសពន្ធ ​និងប្រាក់ផាកពិន័យ ឱ្យបានមុនដំណាច់ខែធ្នូនេះ។

សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដា បានបិទដំណើរការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ​និង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​ជា​ស្ថាពរកាលពីថ្ងៃទី​៣០ ​ខែ​វិច្ឆិកាកន្លងមកនេះ។

សេចក្តីប្រកាសដដែលនេះបានបញ្ជាក់បន្ថែមទៀតថាពលរដ្ឋដែលមិនទៅបង់ពន្ធនៅមុន ដំណាច់ខែធ្នូឆ្នាំ២០១៦នេះ អគ្គនាយដ្ឋានពន្ធដា នឹង​ចុះ​ទៅ​ពិនិត្យការអនុវត្ត​ការបង់ពន្ធលើ​មធ្យោបាយធ្វើដំណើរទាំងនោះនៅដើមខែមករា ឆ្នាំ២០១៧។ ក្នុងករណីដែលពិនិត្យឃើញថា មិនទាន់បង់ពន្ធ អគ្គនាយកដ្ឋានពន្ធ​ដា នឹង​ផាក​ពិន័យ​នៅ​នឹង​កន្លែង។

កាលពីថ្ងៃទី១៤ ខែធ្នូថ្មីៗនេះ អគ្គនាយដ្ឋានពន្ធដាបានប្រកាសនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធ​ផលការងារប្រមូលពន្ធថា រយៈពេល ១១ខែ​​កន្លង​មក​នេះ អគ្គនាយដ្ឋានពន្ធដាបានប្រមូលពន្ធអាករគ្រប់​ប្រភេទបានចំនួន ៥,៦៣៤,៣៥៥,១៤លានរៀល ស្មើនឹងជាង ១៤០៨លានដុល្លា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ