លោក ហ៊ុន សែន និង ធី សុវណ្ណថា ប្តឹងលោក សម រង្ស៊ី ទារជាង១លានដុល្លារ

លោក ហ៊ុន ​សែន និងកញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ ទាក់ទងនឹង​ការលើកឡើងថា «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»។

នេះបើតាមលោក គី តិច មេធាវីការពារក្តីឲ្យនាយករដ្ឋមន្រ្តី ដែលត្រូវបានដកស្រង់​សំដីដោយព័ត៌មាន Fresh News កាលពីយប់ថ្ងៃទី១៧ ខែមករានេះ។

លោកមេធាវី គី តិច បានអះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់នឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន១លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកក្នុងពាក្យបណ្តឹងរបស់ ធី សុវណ្ណថា កាលថ្ងៃទី១៧ ខែមករា ក៏បានប្តឹងលោក សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញពីបទបរិហាកេរ្តិ៍ជាសាធារណៈ ក្នុងសំណុំរឿងតែមួយនេះដោយទារជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារ​។

កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើពាក្យថា “តានិងចៅ” ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ