ពល​រដ្ឋ​តវ៉ាវាយ​កម្ទេច​ផ្ទះអតីត​តំណាង​ខ្លួនករណី​ជម្លោះ​ដី​ធ្លីនៅ​ខ័ណ្ឌ​សែន​សុខ

រូបភាពពី ផេកសារព័ត៌មានជួយសង្គម

ពល​រដ្ឋ​ជាង​៣០នាក់​ដែល​ថា​តំណាងឲ្យ​ពលរដ្ឋ​១៦៣​គ្រួសារ​បានចុះ​ទៅ​រុះ​រើ​ផ្ទះ​របស់​អតីតតំណាង​របស់​ខ្លួន​ នៅ​ខ័ណ្ឌ​សែន​សុខ រាជធានីភ្នំពេញ​​ដោយ​ថា ​បាន​​ដី​យក​តែ​ខ្លួន​ឯង​បន្ទាប់​ពី​តុលាការ​សម្រេច​ឲ្យ​ក្រុមពួកគាត់​​ឈ្នះក្តី។

នៅព្រឹក​ថ្ងៃ​ទី​១៨​ មេសា​នេះ​តុលាការ​បាន​សម្រេច​អនុវត្តន៍​សាល​ដីការ​​រុះ​រើ​ផ្ទះនៅ​លើ​ដី​ឡូត៏​របស់​​ពល​រដ្ឋម្នាក់នៅ​ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បី​បែង​ចែក​ដី​ទៅ​ឲ្យ​ពល​រដ្ឋ​​១៦៣​គ្រួសារ​ដែលបាន​ឈ្នះ​ក្តី។

ក្នុង​ពេល​ចុះទៅរុះរើ​នោះ​តំណាង​អ្នក​រុះរើ​ម្នាក់​លោក ហួយ​ ថន បាន​​រៀប​រាប់​ប្រាប់​អ្នក​យក​សារព័ត៌មាន​ថា​ ផ្ទះ​ដែល​ពួក​គេ​ចុះ​មក​រុះ​រើ​ជា​មួយ​កម្លាំង​អាជ្ញាធរ​នៅព្រឹកនេះ ជា​ផ្ទះ​របស់អតី​ត​តំណាង​ខ្លួន​អ្នក​ស្រី​ជា​ សារ៉ុម ដែល​បាន​ទទួល​ការទុក​ចិត្ត​ពី​ពលរដ្ឋ​នៅ​ឆ្នាំ​២០០៥ តវ៉ា​ក្តី​ជា​មួយ​ក្រុម​ហ៊ុនគឹម​ ហាប់​ និង​អាជ្ញា​ធរ ដែល​បាន​វាត​ដី​របស់​ពល​រដ្ឋ​។

លោក​បន្ត​ថា​​នៅ​ឆ្នាំ​២០១២​បន្ទាប់​តុលាការ​សម្រេច​ឲ្យ​ពល​រដ្ឋ​ឈ្នះ​ក្តី បែ​រជា​ត្រូវ​អ្នក​ស្រី​ ជា​ សារ៉ុម សម្រេច​វាត​យក​ដីនេះ​តែ​ម្នាក់​ឯង​ និង​មិន​បាន​បែងចែក​ទៅ​ឲ្យប្រជា​ពល​រដ្ឋ ទើប​មានការ​តវ៉ា​រហូត​ដល់​តុលាការ​សម្រេច​ឲ្យ​រុះ​រើផ្ទះ របស់​អ្នកស្រី​ជា សារ៉ុម​នាពេល​នេះ។

លោកថា៖ « សាលដីកាហ្នឹងឲ្យចែក១៦៣គ្រួសារ តែតំណាងហ្នឹងក្រោយគាត់បានមកគាត់ក្បត់(អ្នកស្រីជាសារ៉ុម) គាត់ក្បត់គាត់អត់ចែកទេ គាត់ថាដីហ្នឹងបានទៅគាត់។ គាត់ក្តីក្តាំងឈ្នះតែគាត់! ដល់ពួកយើងក្តីក្តាំងមិនសុខចិត្ត បានតវ៉ាក្តីដកតំណាងហ្នឹងចេញព្រោះតំណាងហ្នឹងក្បត់អត់ចែកដីឲ្យប្រជាពលរដ្ឋបានដាក់តំណាងថ្មីវិញ »

ពាក់​ព័ន្ធ​នឹង​រៀង​នេះ​អ្នក​ស្រី ជា សារ៉ុម បាន​អះ​អាង​ថា​អ្នក​ស្រី​មិនមែន​មាន​បំណង​វាត​យក​ដី​នេះ​តែ​ម្នាក់​ឯងនោះ​ទេ និង​បាន​ចោទពល​រដ្ឋ​ទាំង​នោះ​វិញថា​ជាអ្នក​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​គឹម ហាប់​ ជួល​មក​បំ​ផ្លាញ​ផ្ទះ​របស់​គាត់នៅ​លើ​ដីនោះ។ អ្នក​ស្រី​បន្ត​ថា​អ្នក​ស្រី​នឹង​ប្តឹង​តវ៉ា​ចំពោះ​ករណី​នេះ​ទៅ​តុលាការ​បន្តទៀត​។

អ្នក​ស្រីថា៖ « ទើបតែឈ្នះក្តីនៅថ្ងៃទី២៨ ខែឆ្នាំ២០១៨ហ្នឹង អញ្ចឹងពេលវេលាចែកចាយមិនទាន់អាចធ្វើបានទេក្មួយ ព្រោះពេលវេលាខ្លី ទើបតែឈ្នះមិនទាន់បាន១០ថ្ងៃផងហ្នឹង! ២០១៥ មកខ្ញុំឈ្នះរហូតតែចប់ត្រឹមឆ្នាំ២០១៨នេះឯង ថ្ងៃ២៨ ទុករយៈពេលមួយខែអត់តវ៉ា សួរទៅថាខ្ញុំមានពេលឯណាចាត់ចែងហើយយើងអត់មានពេល រៀបចំកូនចៅមកចឹងទេ »

បើ​តាម​ពល​រដ្ឋ​ដីដែល​មាន​ទំនាស់​នោះ​មាន​ទំ​ហំ​ជាង​៩ពាន់​មែត្រ​ការ៉េ ដែល​អាច​បែង​ចែកដី​ឲ្យ​ពល​រដ្ឋ​ក្នុង​មួយ​គ្រួសារ​បាន​ជិត​៥០​ម៉ែត្រការ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ