កម្ពុជានិងរុស្ស៊ីចុះហត្ថលេខាលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (រូបថតពីហ្វេសប៊ុក​របស់​លោក ហ៊ុ​ន សែន)

រដ្ឋាភិបាល​កម្ពុជានិង​រុស្ស៊ីកាលពីថ្ងៃ​អង្គារ​បាន​ចុះកិច្ចព្រម​ព្រៀង​លើការប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរស៊ីវិល ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅចំពោះ​មុខសមភាគីរបស់​ខ្លួន​ថាកម្ពុជានឹងមិនអនុ​ញ្ញាត​ឲ្យមានការសាយភាយអាវុធនុយក្លេអ៊ែរនោះទេ។​នាយក​រដ្ឋមន្ត្រីកម្ពុជា​ លោក ហ៊ុន សែននិងនាយក​រដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាន​ធ្វើជាសាក្សីក្នុងពិធីចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង​ទ្វេភាគីចំនួន​៨ នៅ​ទីក្រុងមូស្កូ សហព័ន្ធរុស្ស៊ី កាលពីថ្ងៃ​អង្គារ។​ កិច្ច​ព្រមព្រៀងទាំងនោះមាន​ដូចជាកិច្ចសហការលើបច្ចេកទេសយោធា អនុស្សរណៈយោគយល់លើ​ប្រព័ន្ធទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ អនុស្សរណៈយោគយល់ពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន​ថាមពលនុយក្លេអ៊ែរនៅកម្ពុជានិង​អនុស្សរណៈយោគយល់ស្តីពីការបង្កើត​ក្រុមការងារកម្ពុជា-រុស្ស៊ី ចំពោះកិច្ចសហការលើ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរស៊ីវិល​ជាដើម។

រដ្ឋាភិបាលកម្ពុជានិងរុស្ស៊ីកាលពីថ្ងៃអង្គារបានចុះកិច្ចព្រមព្រៀងលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅចំពោះមុខសមភាគីរបស់ខ្លួនថាកម្ពុជានឹងមិនអនុញ្ញាតឲ្យមានការសាយភាយអាវុធនុយក្លេអ៊ែរនោះទេ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែននិងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន៨ នៅទីក្រុងមូស្កូ សហព័ន្ធរុស្ស៊ី កាលពីថ្ងៃអង្គារ។ កិច្ចព្រមព្រៀងទាំងនោះមានដូចជាកិច្ចសហការលើបច្ចេកទេសយោធា អនុស្សរណៈយោគយល់លើប្រព័ន្ធទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ អនុស្សរណៈយោគយល់ពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជានិងអនុស្សរណៈយោគយល់ស្តីពីការបង្កើតក្រុមការងារកម្ពុជា-រុស្ស៊ី ចំពោះកិច្ចសហការលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិលជាដើម។

ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខា លោក ឌីមីទ្រី មេដវេដេវ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថាកិច្ចព្រមព្រៀងទាំងនេះនឹងចាប់អនុវត្តនៅឆ្នាំ២០២០។ លោកបន្តថារុស្ស៊ីមានការរំពឹងទុកខ្ពស់ចំពោះការអភិវឌ្ឍកិច្ចសហការក្នុងការកសាងរោងចក្រថាមពល បរិក្ខាថាមពលនិងឧបករណ៍លើកដាក់ទំនិញជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងឱកាសនោះដែរថាលោកមានការជឿជាក់ទៅលើរុស្ស៊ី ក្នុងនាមជាដៃគូក្នុងកិច្ចព្រមព្រៀងលើសន្តិសុខ កិច្ចការការពារនិងកិច្ចព្រមព្រៀងលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល។ លោកបន្ថែមថា៖ “កម្ពុជាជាប្រទេសដែលមានការទទួលខុសត្រូវ យើងមិនអនុញ្ញាតឲ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ យើងអាចធ្វើការរួមគ្នាដើម្បីសម្រួលដល់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល”

បើតាមការចុះផ្សាយរបស់ក្រុមហ៊ុននុយក្លេអ៊ែរRosatomរបស់រដ្ឋរុស្ស៊ីកាលពីម្សិលមិញ អនុស្សរណៈយោគយល់ពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា មានគោលបំណងផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋកម្ពុជាទាក់ទងនឹងថាមពលនុយក្លេអ៊ែរស៊ីវិល ចំពោះទស្សនៈវិស័យថាមពលនុយក្លេអ៊ែជាតិនិងការអភិវឌ្ឍឧស្សាហកម្មមួយនេះ។

ចំណែកឯអនុស្សរណៈយោគយល់ស្តីពីការបង្កើតក្រុមការងារកម្ពុជា-រុស្ស៊ីចំពោះកិច្ចសហការលើការប្រើប្រាស់ថាមពលនុក្លេអ៊ែរស៊ីវិល ក្រុមហ៊ុនរដ្ឋមួយនេះឲ្យដឹងថាវានឹងអាចបង្កើតឱកាសឲ្យអ្នកជំនាញរបស់ប្រទេសទាំងពីរជួបពិភាក្សាគ្នាជាទៀងទាត់ដើម្បីកំណត់និងអនុវត្តគម្រោងរួមគ្នាមួយនេះ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ឌីមីទ្រី មេដវេដេវ មកកម្ពុជា ប្រធានក្រុមហ៊ុននុយក្លែអែរRosatom របស់រដ្ឋរុស្ស៊ី គឺលោក Sergei Kirienko បានប្រាប់អ្នកសារព័ត៌មានថារុស្ស៊ីនឹងជួយសាងសង់រោងចក្រអគ្គិសនីដើរដោយថាពលនុយក្លេអ៊ែរនៅកម្ពុជា ហើយភាគីរុស្ស៊ីជាអ្នកផ្តល់នូវអ្នកជំនាញ ការស្រាវជ្រាវនិងវគ្គបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានReuters៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។