ក្រុមឧទ្ទាមរដ្ឋឥស្លាម បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតទៅលើស្ថានីយ៍ទូរទស្សន៍រដ្ឋអាហ្វហ្កានីស្ថានកាលពីថ្ងៃម្សិលមិញ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៦នាក់ និងបណ្ដាលឲ្យមនុស្ស ២៤នាក់រងរបួស រួមទាំងជនវាយប្រហារផងដែរ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានផ្សាយបន្ថែមថា ការវាយប្រហារនោះ ដែលបានកើតឡើងនៅភាគខាងកើតទីក្រុងចាឡាឡាបាដនោះ គឺជាអំពើហិង្សាថ្មីបំផុតដែលបានកើតឡើងលើអ្នកកាសែត និងប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្កានីស្ថាន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ អំពើហិង្សានេះ បានកើតឡើងតែជាងមួយសប្ដាហ៍ក្រោយពីទូរទស្សន៍នេះផ្សាយថា មេដឹកនាំក្រុមឧទ្ទាមរដ្ឋឥស្លាមនៅអាហ្វហ្កានីស្ថាន ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើករបស់អាមេរិក។
ក្រុមឧទ្ទាមរដ្ឋឥស្លាម បានបង្កើតមូលដ្ឋានរបស់ខ្លួននៅខេត្តណាន់ហ្កាហារ នៅជាប់នឹងព្រំដែនប្រទេសប៉ាគីស្ថាន ជាទីដែលពួកនេះប្រឆាំងទាំងកងទ័ពរដ្ឋាភិបាល និងកម្លាំងបះបោរតាលីបង់។
អភិបាលខេត្តណាន់ហ្កាហារ លោក ហ្គូឡាប់ ម៉ាន់ហ្កាល់ ត្រូវបាន Reuters ដកស្រង់សម្ដីចុះផ្សាយថា ការវាយប្រហារទៅលើស្ថានីយ៍ទូរទស្សន៍ RTA ត្រូវបានធ្វើឡើងដោយជនវាយប្រហារ ៤នាក់ ក្នុងនោះមានម្នាក់បានចុះបំផ្ទុះគ្រាប់បែកនៅច្រកចូលបរិវេណស្ថានីយទូរទស្សន៍ ខណៈដែលជនផ្សេងទៀតបានបាញ់កាំភ្លើងស្រោចទៅលើអគាររបស់ស្ថានីយ៍ទូរទស្សន៍នោះ៕