គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានរំឭកឡើងវិញថា ការបោះឆ្នោតបែបប្រជាធិបតេយ្យ ត្រូវតែមានប្រព័ន្ធផ្សព្វផ្សាយចូលរួម ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយនោះ ត្រូវធ្វើការប្រកដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌។
គ.ជ.ប. បានរំឭកបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ តែ៣ថ្ងៃប៉ុណ្ណោះក្រោយពីអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញក្ដីបារម្ភអំពីការរឹតត្បិតសេរីភាពនៃសារព័ត៌មាននៅមុនការបោះឆ្នោតជាតិនាចុងខែកក្កដាខាងមុខនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ គ.ជ.ប. បានទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ប៉ុន្តែ ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ បានលើកឡើងអំពីវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់សារព័ត៌មាន ដោយថា ដើម្បីឲ្យពលរដ្ឋសម្រេចចិត្តបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្ត។
គ.ជ.ប
ទោះជាយ៉ាងណា VOD មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ បានទេ ដោយទូរសព្ទចូលច្រើនដងមិនមានអ្នកទទួល។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស ផ្តល់ជាអនុសាសន៍ថា គ.ជ.ប. ត្រូវពន្យល់ពីនិយមន័យនៃការផ្សព្វផ្សាយព័ត៌មានបែបណាដល់អ្នកសារព័ត៌មាន ដើម្បីការពារកុំឲ្យពួកគេរងការចោទប្រកាន់។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា នៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន ក៏បានចែងពីកាតព្វកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយ និងក្រមសីលធម៌របស់អ្នកសារព័ត៌មានដែរ ដោយថាមិនចាំបាច់ គ.ជ.ប. ធ្វើសេចក្តីប្រកាសព័ត៌មាន ក៏អ្នកសារព័ត៌មានត្រូវតែគោរពតាមច្បាប់នោះដែរ។
លោកមានប្រសាសន៍ថា៖ «ជាគោលការណ៍របស់អ្នកសារព័ត៌មានគ្រប់ៗគ្នា យើងគោរពតែក្រមសីលធម៌ វិជ្ជាជីវៈរបស់យើង ឲ្យបានល្អទៅ ខ្ញុំគិតថា ជៀសវៀងបញ្ហាបានច្រើន ហើយមិនមានអ្វីកើតទេ ជារឿងមួយដែលយើងត្រូវគោរពទាំងអស់គ្នា»។
សេរីភាពនៃសារព័ត៌មានកម្ពុជាដែលរាយការណ៍អំពីការបោះឆ្នោត បានស្ថិតនៅក្រោមការចោទសួររួចមកហើយ បន្ទាប់ពីអ្នកសារព័ត៌មានកាសែត ខេមបូឌា ដេលី ២រូប លោក អូន ភាព និងលោក ហ្សមបូរ ភីតធឺ ត្រូវបានតុលាការខេត្តរតនៈគិរីចោទប្រកាន់ពីបទញុះញង់ ក្រោយពីអ្នកទាំងពីរបានចុះសម្ភាសប្រជាជន និងអតីមេឃុំបក្សប្រឆាំងមុនការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១៧កន្លងមក។ បច្ចុប្បន្ននេះ ពួកគេទាំងពីរនាក់បានសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស ដើម្បីគេចចេញពីការចោទប្រកាន់នេះ។
របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters without Borders) ចេញផ្សាយកាលពីខែមេសាមកនេះ បង្ហាញថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញលើបណ្ដាញផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោត ដូចជា ការដាក់សម្ពាធ និងមិនចេញប័ណ្ណឲ្យអ្នកសារព័ត៌មាន ការបិទកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី ការផ្អាកដំណើរការវិទ្យុអាស៊ីសេរី និងការបិទស្ថានីយ៍វិទ្យុចំនួន៣២ កាលពីខែសីហាឆ្នាំមុន៕