លោក សម រង្ស៊ី៖ ខ្ញុំមិនខ្វល់ពីគេប្តឹងខ្ញុំទេ ដរាបណាខ្ញុំនិយាយការពិត

លោក សម រង្ស៊ី (Courtesy of SR Facebook)

មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានឆ្លើយតប​ទៅនឹង​បណ្តឹងប្រឆាំងរូបលោកថាលោកស្វាគមន៍ចំពោះបណ្តឹង​របស់​លោក ហ៊ុន សែន និង​ធី សុវណ្ណថា ដែល​ប្តឹងទារសំណងជាង១លានដុល្លារទាក់ទងនឹងអ្វីដែល​លោក សម រង្ស៊ី និយាយថា លោក ហ៊ុន សែន សូកលុយធី សុវណ្ណថា ១លានដុល្លារដើម្បីបំបែកបក្សប្រឆាំង។​

ក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរីនៅទីក្រុងប៉ារីស លោក សម រង្ស៊ី ថ្លែងថា«ខ្ញុំមិនខ្វល់ពីគេប្តឹងខ្ញុំទេ ដរាបណាខ្ញុំនិយាយការពិត។អ្វីដែលខ្ញុំនិយាយព័ត៌មានដែលទទួលបានដែលខ្ញុំផ្សព្វ​ផ្សាយបន្ត​ពី​អ្វីដែល​ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែននាក់ បានឃើញ បានឮ បានដឹងគឺគេបង្ហោះ​គឺជាសារឆ្លើយ​ឆ្លងគ្នាជាមួយសាមីខ្លួនពីរនាក់នោះ ហើយប្រភពនេះគឺវាចេញមកពីប្រភពផ្ទៃ​ក្នុង​អ្នក​ជិត​ស្និទជាមួយសាមីខ្លួនដែលកំពុងតែប្តឹងខ្ញុំ»។

លោក គី តិច ជាមេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្រ្តី បានបដិសេធធ្វើ​អត្ថាធិប្បាយដោយ​លោកអះអាងថាជាប់រវល់ប្រជុំ។

លោក សម រង្ស៊ី បន្តថា ការដែលលោក ហ៊ុន សែន ប្តឹងលោកបន្ថែមទៀតនេះគឺជាការល្អដោយ​លោក​ថាវាមានឱកាសយករឿងនេះទៅលាត​ត្រដាងឲ្យកាន់តែច្បាស់។លោកចាត់ទុកសារបែកធ្លាយនោះថា«ជារឿងសំខាន់ណាស់ ហើយធ្ងន់​ធ្ងរណាស់សម្រាប់អ្នកពាក់ព័ន្ធ ហើយអ្នកពាក់ព័ន្ធគេមិន​បដិសធ ដូចជាគេទទួលស្គាល់។ បើគេទទួលស្គាល់ហើយ យើងចាំបាច់​ញញើតអីនឹង​និយាយចំពោះអ្វីដែលគេផ្សព្វផ្សាយ ហើយ​សាមី​ខ្លួនមិនហ៊ាន​បដិសេធ មានន័យថា សាមីខ្លួនទទួលស្គាល់»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ ទាក់ទងនឹង​ការលើកឡើងថា «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»។

នេះបើតាមលោក គី តិច មេធាវីការពារក្តីឲ្យនាយករដ្ឋមន្រ្តី ដែលត្រូវបានដកស្រង់​សំដីដោយព័ត៌មាន Fresh News កាលពីយប់ថ្ងៃទី១៧ ខែមករានេះ។

ដោយឡែកក្នុងពាក្យបណ្តឹងរបស់ ធី សុវណ្ណថា កាលថ្ងៃទី១៧ ខែមករា ក៏បានប្តឹងលោក សម រង្ស៊ី ទៅសាលាដំបូងរាជធានីភ្នំពេញពីបទបរិហាកេរ្តិ៍ជាសាធារណៈ ក្នុងសំណុំរឿងតែមួយនេះដោយទារជំងឺចិត្តចំនួន២៥ម៉ឺនដុល្លារ​។

កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើពាក្យថា “តានិងចៅ” ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។

កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ