របាយការណ៍​ថា ការនាំចេញទំនិញទៅអាមេរិកកើនឡើងជិត ៩ភាគរយ

រដ្ឋាភិបាលកម្ពុជា អះអាងថា នៅឆ្នាំ២០១៧កន្លងទៅ ការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក បាន​កើនឡើងជិត ៩ភាគរយ បើ​ធៀបនឹងការនាំចេញកាលពីឆ្នាំ២០១៦​។

ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP បានដកស្រង់របាយការណ៍ក្រសួងពាណិជ្ជកម្ម ចុះ​ផ្សាយថា កម្ពុជានាំចេញទំនិញនានាទៅលក់នៅទីផ្សារអាមេរិក មាន​ទំហំ ៣​ពាន់ ៦៤​លាន​ដុល្លារ ជាមួយ​កំណើន ៨.៨៨​ភាគរយ បើ​ធៀប​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ដែល​មាន​តម្លៃ​ ២​ពាន់ ៨១៤​លាន​ដុល្លារ។

បើតាម AKP ផលិតផលដែលកម្ពុជានាំទៅលក់នៅទីផ្សារដ៏ធំទី២របស់ខ្លួននេះ រួមមាន​ផលិតផលសម្លៀកបំពាក់ និងស្បែកជើង និងវ៉ាលី​សម្រាប់អ្នកដំណើរជាដើម។

ប៉ុន្ដែ សម្រាប់ការនាំចូលទំនិញពីអាមេរិកវិញ របាយការណ៍​នោះ​បង្ហាញ​ថា មានទំហំទឹកប្រាក់ ៤០០លានដុល្លារ ឬកើនឡើង ១១ភាគរយ ពីចំនួន ៣៦០លានដុល្លារ​នៅឆ្នាំ២០១៦ ហើយ​ផលិត​ដែល​កម្ពុជា​នាំ​ចូល​ពី​អាមេរិក​រួម​មាន ផលិតផលគ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។

ទោះបី​ជា​អះអាងថា ការនាំចេញទៅអាមេរិកមានការកើនឡើង ប៉ុន្ដែ រដ្ឋាភិបាលកម្ពុជា ក៏ទទួលរងការព្រមានដកហូត​ប្រព័ន្ធអនុគ្រោះពីអាមេរិក និងសហភាពអឺរ៉ុបផងដែរ ជុំវិញបញ្ហានយោបាយនៅកម្ពុជា បន្ទាប់ពីតុលាការរំលាយអតីតគណបក្សប្រឆាំងដ៏ធំនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ